Wednesday, August 10, 2011

បំណុល​សហរដ្ឋអាមេរិក​នៅ​​ទ្វីប​អាស៊ី

ថ្ងៃទី១០-០៨-២០១១
អន្ដរជាតិ
voanews

A television screen at the post of specialist Stephen Ruiz, left, displays the decision of the Federal Reserve

ខណៈ​ពេល​​ដែល​​បញ្ហា​បំណុល​​ធ្វើ​​ឲ្យ​​មាន​​ការ​ព្រួយ​​បារម្ភ​​ក្នុង​​ចំណោម​​ពលរដ្ឋ​​នៅ​​សហរដ្ឋ​​អាមេរិក​​​នោះ អាស៊ី​​​​ហាក់​​ដូច​ជា​​នៅ​​មាន​​ភាព​​ស្ងប់​ស្ងៀម។

អ្នក​​វិភាគ​ភាគ​​ច្រើន​​បាន​​ពិចារណា​​ថា មាន​ភ័ស្តុតាង​​តិច​តួច​ដែល​បង្ហាញ​​ថា ធនាគារ​​កណ្តាល​​របស់​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​​ដែល​​មាន​​ទីផ្សារ​​ធំៗ​ និង​​អ្នក​​វិនិយោគ​ទុន​​សំខាន់ៗ​​នៅ​​ក្នុង​​តំបន់​​នេះ​មាន​ការ​បារម្ភ​ពី​បញ្ហា​បំណុល​របស់​សហរដ្ឋ​អាមេរិក។

ប្រទេស​​ចិន​​ជា​​ប្រទេស​​ម្ចាស់​​បំណុល​​ធំ​​ជាង​​​គេ​​បំផុត​​របស់​​សហរដ្ឋ​អាមេរិក​ ដោយ​​ផ្តល់​​ប្រាក់​​ឲ្យ​​អាមេរិក​​ខ្ចី​​ចំនួន​​ជាង​​១​​លាន​​លាន​​​ដុល្លារ​។​ បន្ទាប់​ពី​​មក​​គឺ​​​ប្រទេស​​ជប៉ុន​ ដោយ​​ប្រទេស​​នេះ​​បាន​​ទិញ​​ភាគ​​ហ៊ុន​​​របស់​​អាមេរិក​​ក្នុង​​​តម្លៃ​​៩​០០​ពាន់​​លាន​​ដុល្លារ។

ក្រុម​​អ្នក​តាក់​តែង​​ច្បាប់​​អាមេរិក​ និង​​រដ្ឋបាល​លោក​អូបាម៉ា​ បាន​​ចរចា​​ដោយ​​ប្រកាន់​ជំហរ​ប្រឈម​នឹង​គ្នា​ទាក់​ទង​នឹង​សិទ្ធិ​ខ្ចី​ប្រាក់​​បន្ថែម​​របស់​​រដ្ឋាភិបាល​ មុន​​ពេល​​ប្រាក់​​បំណុល​​ចំនួន​​១៤.៣​​លាន​​លាន​​​ដុល្លារ​ឈាន​​ដល់​​ពេល​​កំណត់​​កាល​ពី​ថ្ងៃ​ទី​២ ខែ​​សីហា។

លោក ​ដេវីឌ​ ខូហិន​ (David Cohen)​ គឺ​ជា​នាយក​​​​ក្រុមហ៊ុន​​​ប្រតិបត្តិការ​សេដ្ឋកិច្ច (Action Economics) ដែល​​ជា​​ក្រុមហ៊ុន​​ពិគ្រោះ​​យោបល់​​តាម​​អ៊ីន​ធឺណិត​​​​នៅ​​ប្រទេស​​សិង្ហបុរី។​ លោក​​បាន​​​ថ្លែង​​ថា​​ ក្រុម​អ្នក​វិនិយោគ​ទុន​​នៅ​​អាស៊ី​​​មាន​​​ការ​​ព្រួយ​​បារម្ភ​​ ដូច​​អ្នក​វិនិយោគ​ទុន​​ដទៃ​​ទៀត​​​នៅ​​​ក្នុង​​ពិភព​លោក​​ដែរ​​ស្តី​​ពី​​​ភាពគាំង​ដំណើរ​​នៃ​​ការ​សង​​បំណុល​​របស់​​សហរដ្ឋ​អាមេរិក។

លោក ខូហិន បាន​និយាយ​ថា​ «ខ្ញុំ​គិត​​ថា​ យើង​​ដឹង​​ថា​​​ការ​ខក​ខាន​​មិន​​បាន​​សង​បំណុល​​ដោយ​សហរដ្ឋ​អាមេរិក​​​នឹង​​អាច​​បង្ក​​ឲ្យ​​មាន​វិបត្តិ​​ហិរញ្ញវត្ថុ​​ពិភព​លោក​ ដែល​នឹង​អាច​បន្ទុច​បង្អាក់​​ដល់​​ការ​ងើប​​ឡើង​វិញ​​នៃ​​សេដ្ឋកិច្ច​​ពិភព​លោក។»

លោក​​ធីម ខុនដុន​ (Tim Condon)​ គឺ​ជា​សេដ្ឋវិទូ​សំខាន់​​នៅ​​អាស៊ី​​នៃ​​ធនាគារ​អ៊ីងប៊េង​ (Ing​ Bank)។ លោក​​យល់​​ស្រប​​ថា​ ប្រសិន​បើ​អាមេរិក​ខក​ខាន​​មិន​​បាន​​សង​​បំណុល វា​អាច​​បង្ក​​ឲ្យ​​មាន​​​ភាព​​ជ្រួល​​ច្របល់​​ក្នុង​ទីផ្សារ​របស់​​​ពិភព​លោក៕

No comments: