ក្រសួងមហាផ្ទៃបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្វែងយល់អំពីអនុសញ្ញាអាវុធគីមីនិងការផ្សព្វផ្សាយ ច្បាប់ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មនិងការកំណត់ការប្រើប្រាស់សារធាតុគីមី
ថ្ងៃទី១០-០៨-២០១១
bayon tv
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការនៅសណ្ឋាគារសាន់វ៉េអស់រយៈពេល១ថ្ងៃ សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្វែងយល់អំពីអនុសញ្ញាអាវុធគីមី និងការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងការកំណត់ការប្រើប្រាស់សារធាតុគីមី ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃទី៩សីហា ក្រោមអធិបតីភាពឯកឧត្តមឯម សំអានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី។
អស់រយៈពេល១ថ្ងៃអង្គសិក្ខាសាលាបានជជែកពិភាក្សាផ្តល់យោបល់ស្វែងយល់អំពីទិដ្ឋ ភាពទូទៅនៃអនុសញ្ញាអាវុធគីមី ការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធ នុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងការហាមឃាត់នៃការប្រើប្រាស់សារធាតុគីមី និងបានជំរុញកិច្ចសហប្រត្តិការជាអន្តរជាតិរវាងប្រទេសហត្ថលេខី ដើម្បីរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព ជូនមនុស្សជាតិក្នុងតំបន់ និងលើពិភពលោកទាំងមូលដែលកំពុង ទទួលនូវការគំរាមកំហែងនាពេលបច្ចុប្បន្ន និងការប្រឈមមុខទៅលើការរីករាលដាលនៃ អំពើភេរវកម្ម។
ឯកឧត្តមឯម សំអានមានប្រសាសន៍ថា ដោយទាក់ទិនទៅនឹងអាវុធមហាប្រល័យ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា៥៤ទប់ស្កាត់រាល់ ការផលិតការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូត្រូវហាម ឃាត់ជាដាច់ខាត។
កម្ពុជាបានផ្តល់សច្ចាប័នរួចហើយ លើអនុសញ្ញាអន្តរជាតិស្តីពីអាវុធគីមី ហើយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ត្រូវបានរដ្ឋសភាអនុម័តនិងប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០០៩។
ឯកឧត្តមឯម សំអានបានបញ្ជាក់ជូនអំពីសភាព ការណ៍ជាតិ សភាពការណ៍អន្តរជាតិសំខាន់ៗក្នុងរយៈពេលបច្ចុប្បន្នដែលមានការវិវត្តយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញ ប៉ុន្តែសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់។
ឯកឧត្តម បានសំដែងនូវក្តីសង្ឃឹមថា សាធារណរដ្ឋកូរ៉េ រដ្ឋភាគីទាំងឡាយព្រមទាំងសហគមអឺរ៉ុប នឹងបន្តជួយឧបត្ថម្ភគាំទ្រទាំងសំភារៈ ថវិកានិងបច្ចេកទេសថ្មី ព្រមទាំងជួយបណ្តុះបណ្តាល សមត្ថភាពធនធានមនុស្ស ដើម្បីឲ្យអាជ្ញាធរជាតិអាវុធគីមីកម្ពុជា អាចដំណើរការ និងអនុវត្តបានត្រឹមត្រូវទៅតាមខ្លឹមសារនៃអនុសញ្ញាអាវុធគីមី និង អនុសញ្ញាអន្តរជាតិដទៃទៀត៕
No comments:
Post a Comment