Wednesday, August 10, 2011

កម្ពុជា​និង​ថៃ​សន្យា​ស្តារ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​

ថ្ងៃទី១០-០៨-២០១១
bayon tv

ភ្នំពេញ៖ ឯក​អគ្គរាជ​ទូត​នៃ​ប្រទេស​ថៃ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​សន្យា​ខិត​ខំ​ប្រឹង​ប្រែង​ ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​បាន​កាន់​តែ​ច្រើន​ ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ ​លើ​វិស័យ​ទេសចរណ៍​នៃ​ ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​ ។

លោក ​Sompong ​Sanguanbun ​ឯក​អគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ីន​ហួរ​បស់​ប្រទេស​ចិន ​ដក​ស្រង់​សម្តី​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​រវាង​រូប​លោក ​និង​ឯកឧត្តមថោង ​ខុន​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី០៩​ខែ​សីហាថា​ ក្នុង​នាម​ជា​អ្នក​ការទូត​ថៃ​ថ្មី​ប្រចាំ​នៅ​កម្ពុជា ​លោក​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​ រាប់​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​។
ឯកឧត្តមថោង ​ខុន​បាន​ថ្លែង​ប្រាប់​វិទ្យុ​និង​ទូរទស្សន៍បាយ័ន​ថា​ លោក​ Sompong ​Sanguanbun ​បាន​សន្យា​នឹង​ជម្រុញ​ឱ្យ​មាន​លំហូរ​នូវ​ភ្ញៀវ​ទេសចរ​ថៃ​ចូល​មក​ប្រទេស​ កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត​ ដើម្បី​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា​ ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ។
ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​ថៃ ​ដែល​ចូល​មក​កម្សាន្ត​ ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១១នេះ ​គឺ​មាន​ចំនួន​៤៨.១៣៦នាក់​ គឺ​ថយ​ចុះ​ចំនួន៣៦​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ២០១០​កន្លងទៅ​៕


No comments: