រើសបានទូកថៃ១គ្រឿងមានគេយកមកប្លុងចោលនៅមាត់ច្រកទំនប់រលក
ថ្ងៃទី១០-០៨-២០១១
nokorwat
ខេត្ដព្រះសីហនុ ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១ នគរបាលបង្ក្រាបបទល្មើសផ្ទៃសមុទ្រ ខេត្ដព្រះសីហនុ បានរើសបានទូកអ្នកនេសាទថៃមួយគ្រឿង ដោយគេសង្ស័យថាចោរបានលួចជិះមកប្លុងចោលនៅមាត់ច្រកទំនប់រលក ។ នៅគ្រាដែលគេរើសបានទូកនេះដែរ មានការសន្និដ្ឋានថាទូកនេសាទជាប្រភេទទូករបស់ថៃនេះទំនងជាកម្មករនេសាទរបស់ខ្មែរបានយកជិះគេចពីថៅកែថៃដែលបានធ្វើបាប ហើយក៏យកមកប្លុងចោលនៅទីនេះតែម្ដង ។
លោកឌឹម សំបូរ នាយរងសេនាធិការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប្រចាំនៅក្នុងល្អាងទំនប់រលកបានឱ្យដឹងថា កម្លាំងរបស់លោកបានល្បាតហើយបានប្រទះឃើញទូកនេសាទថៃ១គ្រឿង នៅមាត់ច្រកចូលល្អាងទំនប់រលកកាលពីយប់ថ្ងៃខាងលើដែលទូកនេះមានបណ្ដោយ១២ម៉ែត្រ ទទឹង២,៧០ម៉ែត្រ ជម្រៅទឹក១,៦៤ម៉ែត្រ បំពាក់ដោយម៉ាស៊ីនម៉ាកហ៊ីណូ និងមានកម្លាំង១៦០ សេស ពណ៌ត្រួយចេកឆ្នូត.ស ក៏ប៉ុន្ដែមិនមានបំពាក់ស្លាកសម្គាល់នោះទេ ។
លោកឌឹម សំបូរ បានបន្ដថា ទូកដែលកម្លាំងរបស់លោកប្រទះឃើញ លោកបានបញ្ជាឱ្យអូសមករក្សាទុកនៅទីបញ្ជាការព្រំដែនទឹកក្នុងល្អាងទំនប់រលក។ លុះនៅថ្ងៃទី៨ ខែសីហា ភាគីថៃដែលជាម្ចាស់ទូកបានមកទំនាក់ទំនងថា គេបានបាត់ទូកដូចទូកដែលនគរបាលរបស់លោកបានប្រទះឃើញនោះ ហើយបានសុំយកទូកនោះទៅវិញតាមរយៈស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយនឹងការអះអាងនេះដែរម្ចាស់ទូកបានបង្ហាញឯកសារពាក់ព័ន្ធនឹងទូកដែលគេអះអាងជារបស់គេ ហើយក្រោយពីពិនិត្យឃើញថាទូកនេះជារបស់គេពិតប្រាកដមែន។ ដោយមានការឯកភាពពីអគ្គស្នងការនគរបាលជាតិកម្ពុជា និងនាយកដ្ឋានព្រំដែនទឹក ទូក១គ្រឿងដែលកម្លាំងរបស់លោករើសបាននោះ សម្រេចប្រគល់ឱ្យទៅគេវិញដែលគ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១០ សីហានេះ ។
គួរបញ្ជាក់ថា ករណីទូកថៃត្រូវបានគេលួចយកមកប្លុងចោលនៅក្នុងដែនសមុទ្រកម្ពុជា កន្លងមកធ្លាប់កើតមានជាហូរហែ ហើយបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចរកឃើញថា ទូកដែលគេបានលួចជិះមកនោះ គឺជាកម្មករបានលួចជិះគេចពីថៅកែនេសាទ ឬក៏គេចពីកន្លែងណាមួយដែលថៅកែថៃបានធ្វើបាបពួកគេ ៕

No comments:
Post a Comment