តម្លៃមាសនៅកម្ពុជាឡើងដល់ជាង$២ពាន់ ១តម្លឹង
ថ្ងៃទី០៥-០៨-២០១១
postkhmer.com
ភ្នំពេញៈ តម្លៃមាសនៅកម្ពុជាកាលពីថ្ងៃពុធបានឡើងរហូតដល់២ ២១០ដុល្លារ ក្នុងមួយតម្លឹង បើធៀបនឹងពីពីរបីថ្ងៃមុននេះមានតម្លៃតែជាង១ ៩៦០ដុល្លារប៉ុណ្ណោះ ពោល តែក្នុងរយៈពេលពីរបីថ្ងៃមាសបានឡើងថ្លៃរហូតដល់១២ ភាគរយ។
ពាណិជ្ជករនៅក្នុងអាជីវកម្មនេះព្រមទាំងអ្នកជំនាញផងនោះបាន ឲ្យដឹងថា កំណើននេះកើតចេញពីការកើនឡើងតម្រូវការលើទីផ្សារសកល និងការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក។
អ្នកស្រី សៀង លីម ម្ចាស់ហាងមាស និងប្តូរប្រាក់លីហួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា៖ «ការកើនឡើងជាចម្បង បណ្តាលមកពីប្រទេសជាច្រើនកំពុងទិញមាសស្តុកទុក ព្រោះឥឡូវនេះពួកគេមិនចង់រក្សាប្រាក់ដុល្លារអាមេរិកទុកទេ ដោយសារតែវាធ្លាក់ចុះខ្លាំង»។
អ្នកស្រីបានបន្តទៀតថាបើទោះបីជាតម្លៃមាសកំពុងកើនឡើងក្តី ប៉ុន្តែមិនមែនមានន័យថា វាប៉ះពាល់ដល់តម្រូវការមាសនៅក្នុងស្រុកដែរ៖ «តម្រូវការរបស់យើងនៅតែកើនឡើង ដោយសារតែប្រជាជនគិតថាពួកគេអាចទទួលផលចំណេញពីការឡើងថ្លៃ» ។
លោក Hiroshi SUZUKI អ្នកសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា( BRIC) បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលនៅតាមបណ្តាប្រទេសជាច្រើនបានប្តូរគំនិតរបស់ពួកគេ។ ពួកគេបានងាកមកទិញមាសជាទុនបម្រុងបរទេសវិញ។
ក្នុងរយៈពេលពីរខែចុងក្រោយនេះធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានទិញមាសស្តុកទុកចំនួន២៥តោន។
លោកបន្តថា ចិន ឥណ្ឌា ម៉ិកស៊ិក បានទិញមាសទុកយ៉ាងច្រើន៖ «នេះដោយសារពួកគេចង់គេចពីការព្រួយបារម្ភជុំវិញទុនបម្រុង ជាប្រាក់ដុល្លារអាមេរិក»។ លោក បន្តថា៖ «ផលប៉ះពាល់ពីការប្រែប្រួលតម្លៃមាសមកលើសេដ្ឋកិច្ចកម្ពុជា គឺមានកំណត់»៕
No comments:
Post a Comment