Friday, August 5, 2011

ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​នៅ​ខេត្ត​កែប​ទទួល​បាន​អំណោយ​ពី​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កែប​

ថ្ងៃទី០៥-០៨-២០១១
bayon.com

កែប​៖ កាល​ពី​ថ្ងៃ​ទី​០៣​ខែ​សីហា​​នេះ​ ឯកឧត្តម​កែន ​សត្ថាអភិបាល​រង​ខេត្ត​កែប តំណាង​អោយ​ឯក​ឧត្តម​ ចម​ ប្រសិទ្ធ​ ប្រធាន​ក្រុម​ការងារ​ចុះជួយ​ខេត្ត​កែប​ បាន​ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ផ្ដល់​ជូន​ប្រជាជន​ រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នៅ​ឃុំ​អង្កោ ​ស្រុក​ដំណាក់​ចង្អើ​ខេត្ត​កែប​។

ឯកឧត្តមកែន ​សត្ថា​បាន​បញ្ជាក់ថា​ ប៉ុន្មាន​ថ្ងៃ​នេះ ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ទទួល​រង​នូវ​ឥទ្ធិ​ពល​ខ្យល់​ព្យុះ​ឈ្មោះ ​ណុកថិន​ (Nock Ten)​ បាន​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​ស្ទើរ​គ្រប់​ខេត្ត​ ជាពិសេស​បាន​ធ្វើ​អោយ​ខេត្ត​កែប​ទទួល​រង​ការ​ខូច​ខាត​ផ្ទះ​សំបែង​របស់​ប្រជាពល​រដ្ឋ​ចំនួន​២៧​ខ្នង​។
ក្នុង​នាម​ប្រជាពលរដ្ឋ​រង​គ្រោះ ​ឯកឧត្តម ​កែន សត្ថា ​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុមការ​ងារ​ចុះ​ជួយ​ឃុំ​អង្កោល​ដែល​ជានិច្ច​កាល​បានចុះ​ជួយ​ជា​ប្រចាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព​ក៏​ដូច​ជា​បង​ប្អូន​ជួប​គ្រោះ​ធម្មជាតិ​ នានា​ក្នុង​មូល​ដ្ឋាន​នេះ ​ជាក់​ស្ដែង​ដូច​ពេល​នេះ​ ។
ក្នុងឱកាស​នោះ​ ក្រុម​ការងារ​បាន​នាំ​យក​ថវិកា​ របស់​ឯកឧត្តមចម​ ប្រសិទ្ធ ​និង​លោក​ជំទាវ​ ចែក​ជូន​ដល់​គ្រួសារ​ ផ្ទះ​រលំ​ទាំង​ស្រុង​ ០២​ខ្នង​ក្នុង​១ខ្នង​ចំនួន​៤០​ម៉ឺន​រៀល​ សាលាសហគមន៍​គ្រឹះ​ស្ទីន​៤០​ម៉ឺន​រៀល​ សាលាសហគមន៍​អាយ​ឡូ ​២០​ម៉ឺន​រៀល​ ផ្ទះ​ខូច​កំរិត​មធ្យម៦​គ្រួសារ ក្នុង១​គ្រួសារ៣០​ម៉ឺន​រៀល​ ផ្ទះ​ខូចកំរិត​ស្រាល​ចំនួន១៧​គ្រួសារ​ក្នុង១​គ្រួសារ​២០​ម៉ឺនរៀល​ និង​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​អ្នក​រង​របួស​ដោយ​សារ​ខ្យល់​ព្យុះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​២០​ម៉ឺន​រៀល​ផង​ដែរ​៕

No comments: