Friday, March 23, 2012

កម្ពុជា​កំពុង​សិក្សា​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ហោះ​ហើរ​ត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក​

ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រង bayontv

ភ្នំពេញ​៖ មន្រ្តី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ថ្លែង​អោយ​ដឹង​ថា​ កម្ពុជា​កំពុង​តែ​ពិនិត្យ​មើល​នូវ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ ស្តីពី​ការ​បើក​អោយ​មាន​ការ​ហោះ​ហើរ​ត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ពី​សហរដ្ឋ​អាមេរិក​ មាន​ការ​កើន​ឡើង​រហូត​ឈាន​ដល់​លំដាប់​លេខ​៥​ កាលពី​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​។  លោក​ស្រី​ ទេព​ ស៊ុនធារី​ 

ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នៃ​រដ្ឋលេខាធិការដ្ឋាន​ អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ដោយ​សារ​តែ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ និង​មាន​សក្តា​នុពល​ល្អ​ ទើប​ប្រទេស​ជា​ច្រើន​បាន​ស្នើ​សុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​កម្ពុជា​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ការ​ហោះ​ហើរ​។លោក​ ហូរ​ វណ្ឌី​ សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​វិស័យ​ឯកជន​ បាន​សម្តែង​ការ​អបអរ​សាទរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គម្រោង​ការ​ភ្ជាប់​អោយ​មាន​ការ​ហោះ​ហើរ​ត្រង់​ រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​។ លោក​ បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​មិន​ទាន់​បាន​ភ្ជាប់​ការ​ហោះ​ហើរ​ត្រង់​ជា​មួយ​សហរដ្ឋ​អាមេរិក​នៅ​ ឡើយ​ទេ​។លោក​ គង់​ សុភារ័ក្ស​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​មីនា​ បាន​បង្ហាញ​នូវ​ជំនឿ​របស់​លោក​ថា​ ប្រសិន​បើ​មាន​ការ​ហោះ​ហើរ​ត្រង់​ជា​មួយ​សហរដ្ឋ​អាមេរិក​ នោះ​កម្ពុជា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​សហរដ្ឋ​អាមេរិក​បាន​កាន់ ​តែ​ច្រើន​ថែម​ទៀត​។លោក​ គង់​ សុភារ័ក្ស​ បាន​មាន​

ប្រសាសន៍​ថា​ ភ្ញៀវ​ទេសចរណ៍​មក​ពី​សហរដ្ឋ​អាមេរិក​មាន​ការ​ចំណាយ​ខ្ពស់​ក្នុង​ពេល​ដែល​ពួក ​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​កម្រិត​ប្រហាក់​ប្រហែល​នឹង​ភ្ញៀវ​ទេសចរណ៍​មក​ពី​ទ្វីប​អឺរ៉ុប​ដែរ​។ លោក​ បាន​រំលឹក​ថា​ ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ​ កម្ពុជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ចំនួន​ ២​លាន​ ៨​សែន ៨ម៉ឺន​នាក់​ ដែល​ក្នុង​ចំណោម​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំង​នោះ​ ជា​ភ្ញៀវ​ទេសចរណ៍​មក​ពី​សហរដ្ឋ​អាមេរិក​ជាប់​លំដាប់​ថ្នាក់ទី​០៥​ គឺ​បន្ទាប់​ពី​វៀតណាម​ កូរ៉េ​ ចិន​ និង​ជប៉ុន​។ វិស័យ​ទេសចរណ៍​ គឺ​ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល​សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​សេដ្ឋកិច្ច​ ជាតិ​កម្ពុជា​ ដោយ​កាល​ពីឆ្នាំ​២០១០​កន្លង​ទៅ​ វិស័យ​នេះ​នាំ​ចំណូល​ជូន​ជាតិ​បាន​ចំនួន​ ១.៧០០​លាន​ដុល្លា​អាមេរិក​ ដោយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ ជាង​ ៤០​ម៉ឺន​នាក់​ ។ ប្រទេស​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​យុទ្ធ​សាស្រ្ត​បើក​ចំហ​ជើង​មេឃ​ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ពី​គ្រប់​ទិសទី​។លោក​ស្រី​ ទេព​ ស៊ុន​ធារី​ ប្រធាន​

នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នៃ​រដ្ឋលេខាធិការដ្ឋាន​ អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​បាន​ថ្លែង​អោយ​ដឹង​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​អាកាសចរណ៍​ ដែល​បើក​ប្រតិបត្តិ​ការ​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​មាន​ចំនួន​២៨​ក្រុម​ហ៊ុន​ ដែល​ក្នុង​នោះ​ មាន​ការ​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ចំនួន​ ០៨​ ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ប្រទេស​ចិន​ ជប៉ុន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​៕

No comments: