ថ្ងៃទី១២-០១-២០១២: ដកស្រង nokorwatcenter
ឥណ្ឌា៖ អាកាសធាតុត្រជាក់ខុសប្រក្រតីនៅភាគខាងជើងប្រទេសឥណ្ឌា អូសបន្លាយតាំងពីខែធ្នូ ២០១១ មកទល់ពេលនេះបានសម្លាប់មនុស្ស១៣៩នាក់ ។ពេលថ្មីៗនេះនៅរដ្ឋចាមូ និងកាស្មៀរ មានពលរដ្ឋ២នាក់ទៀតស្លាប់ដោយអាកាសធាតុត្រជាក់ ។ នៅតំបន់កាស្មៀរ ទាំងមូលសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យរហូតដល់១១អង្សាសេ ធ្វើឱ្យតំបន់ជាច្រើនត្រូវកកស្ទះ ពិសេសទីតាំងរមណីយដ្ឋានធម្មជាតិទន្លេដាល ក៏ក្លាយជាទឹកកកផងដែរ ។ លើសពីនេះទៅទៀតក៏មានព្រិលធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ដូដា ធ្វើឱ្យចរាចរនានាត្រូវជាប់គាំង ជើងហោះហើរត្រូវលុបចោល ជីវភាពរស់នៅរបស់ពលរដ្ឋធ្លាក់ក្នុងភាពចលាចល រយៈពេល
ប៉ុន្មានថ្ងៃកន្លងមកព្រិល ធ្លាក់យ៉ាងខ្លាំងបានធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋនៅភាគខាង
ជើង ប្រទេសឥណ្ឌាជួបផលលំបាកយ៉ាងខ្លាំង ។
នៅរដ្ឋកាស្មៀរ សកម្មភាពរបស់មនុស្សនៅទីនោះត្រូវរាំងស្ទះស្ទើរតែទាំងស្រុង ។ ទន្លេដាល ដែលជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញរបស់ឥណ្ឌានៅទីក្រុងស្រ៉ីណា ហ្គា បណ្ដាលឱ្យទឹកទន្លេកកមួយចំនួនធំ បង្កផលប៉ះពាល់ និងខាតបង់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងនេសាទដែលជាប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋក្នុងតំបន់ ។ តាមការព្យាករណ៍ទឹកនៅដងទន្លេទាំងមូលត្រូវបានកក ហើយពលរដ្ឋត្រូវសម្រាកពីការងារយ៉ាងតិច១ខែ ។ មន្ដ្រីនៅក្ន្នុងក្រុងបានរៀបចំឱ្យមានកម្មវិធីដុតអុសនៅកណ្ដាល ទីក្រុងជាច្រើនកន្លែង ដើម្បីកាត់បន្ថយការខាតបង់ដល់អាយុជីវិតដោយអាកាសធាតុត្រជាក់ ។
ចំណែកនៅរដ្ឋអាឡាស្កា អាមេរិក ពលរដ្ឋក្នុងតំបន់កូដាវ៉ា ត្រូវបានព្រិលមានកម្រាស់រហូតដល់៥,៤ម៉ែត្រគ្របដណ្ដប់ ជាកម្រិតក្រាស់បំផុតមិនធ្លាប់មានពីមុនមក ។
ផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវ គ្របដណ្ដប់ទាំងស្រុងមិនអាចបើកទ្វារចេញចូលបាន ធ្វើឱ្យពលរដ្ឋត្រូវជាប់គាំងនៅក្នុងផ្ទះ ។ ពលរដ្ឋបានស្នើឱ្យរដ្ឋាភិបាលជួយឈូសឆាយព្រិលជួយដល់ពួកគាត់អាច ចេញចូលក្នុងផ្ទះបាន ។
មន្ដ្រីក្នុងតំបន់បានប្រកាសអាសន្ន តាំងពីថ្ងៃទី៦ មករា ក្រោយពេលព្រិលធ្លាក់៣សប្ដាហ៍ជាប់គ្នាមិនដាច់ ។ យ៉ាងហោចណាស់ក៏មានផ្ទះ៣ខ្នងបាក់ស្រុត ដោយមិនអាចទ្រនឹងកម្រិតព្រិលយ៉ាងក្រាស់ ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្ដីពីការស្លាប់ និងរបួសនៅឡើយទេ ។
កាលពីថ្ងៃទី៩ មករា មានភ្លៀងធ្លាក់ធ្វើឱ្យផ្លូវចរាចររអិលយ៉ាងខ្លាំងមិនអាចបើកបរបាន ហើយដើម្បីចូលទៅកាន់តំបន់នោះពលរដ្ឋ និងមន្ដ្រីរដ្ឋាភិបាលត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ៕
No comments:
Post a Comment