Monday, December 5, 2011

កម្ពុជានឹងធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ការពារជាតិ​អាស៊ាន

ផ្សាយថ្ងៃទី០៥-១២-២០១១: ដកស្រង postkhmer


ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើកទី៦ និង​កិច្ចប្រជុំនានា ទាក់ទិននឹង​វិស័យ​ការពារជាតិ ក្នុងឆ្នាំ​២០១២ ដោយមាន​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង១០ប្រទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​ពីបណ្តាប្រទេស​មហាអំណាច​ចំនួន​៨ ទៀតចូលរួម។

លោក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការ​បរទេស
នៃក្រសួង​ការពារជាតិ ថ្លែងក្នុង​សនិ្នសីទ​កាសែតពី​ថ្ងៃទី​២ ខែធ្នូ​ថា ​ក្រៅពី​ប្រទេស​អាស៊ាន​ទាំង១០​ក្នុង​តំបន់ មហាអំណាច​លើពិភពលោក​ទាំង៨ទៀត ក៏នឹងចូលរួម​កិច្ចប្រជុំ​ការពារជាតិ​អាស៊ាន​ផងដែរ រួមទាំង​អាមេរិក រុស្ស៊ី នូវែលសេឡង់ និង​ចិន
ផង​។

លោក​បន្តថា៖ «យើងនឹង​ពិនិត្យលើបញ្ហា​មួយចំនួន មាន​បញ្ហា​សន្តិសុខ និង​បញ្ហា
មួយចំនួន​ដែលកើតឡើង​ក្នុងអាស៊ាន​»។

បើតាម​សន្និសីទនេះ មាន​កិច្ចប្រជុំ​ចំនួន​១៤ ក្នុងគម្រោង​នៃកិច្ចប្រជុំ ការពារជាតិ​អាស៊ាន នេះ ដែលចាប់ផ្តើម​ពីខែ​កុម្ភៈ​ ២០១២​ តទៅ នឹង​មានកិច្ចប្រជុំ​ស្ទើររាល់ខែ ដែលមាន​២-៣​កិច្ចប្រជុំ​ក្នុងមួយខែ។ ចំពោះកិច្ច​ប្រជុំ​ធំបំផុត​នឹងធ្វើ​នៅខែឧសភា ឆ្នាំ​២០១២ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

ប្រធានបទ​សម្រាប់​កិច្ចប្រជុំការពារជាតិ​អាស៊ាន​ឆ្នាំ​ ២០១២​នេះ គឺ «ការលើក​កម្ពស់​ ការឯកភាព​ សម្រាប់​សហគមន៍​អាស៊ានមួយ​ដែលមាន​សុខដុមរមណីយកម្ម​ និង​សន្តិសុខ»។

លោក ណឹម សុវត្ថិ​ ថ្លែងថា ៖ «កិច្ចសហប្រតិបត្តិការនេះ​ ដើម្បី​ដោះស្រាយ​សំខាន់ ទៅលើ​មុខសញ្ញា​នៃបញ្ហាថ្មីៗ គឺ​បញ្ហា​សន្តិសុខ​សមុទ្រ ​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិភាព បញ្ហា​សុខាភិបាល​និង​យោធា ការសង្គ្រោះ​គ្រោះមហន្តរាយ និង​ការប្រឆាំង​ភេរវកម្ម»។ លោកថា ការរៀបចំ​ប្រជុំនេះ ជាមោទនភាព​របស់​កម្ពុជា​ក្នុងការធានា​រក្សានូវ​សន្តិសុខ​ជូនថ្នាក់​ដឹកនាំ​ប្រទេសនានា៕

No comments: