ផ្សាយថ្ងៃទី៣០-១១-២០១១: ដកស្រង
CEN
កំពត: មានស្នូរផ្ទុះអាវុធ ២គ្រាប់ ក្នុងក្លឹបកម្សាន្ត Dragon Club កាលពីវេលាម៉ោង ៩ និង ៤៥នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ភ្ញៀវ រហូតម្ចាស់ហាងខាតបង់ថ្លៃម្ហូប ព្រោះតែភ្ញៀវរត់ចេញ មិនអាចគិតលុយទាន់។ ទីតាំងកើតហេតុនោះ ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ជនបង្កមិនត្រូវបានឃាត់ខ្លួនទេ ទោះបីជានៅកន្លែងកើតហេតុ មានសមត្ថកិច្ចច្រើនស្អេកស្កះចូលផឹកស៊ីក៏ដោយ។ តែរថយន្ដមួយគ្រឿងដែលគេឃើញអ្នកបង្កជិះបើកចេញ ត្រូវប៉ូលិសក្រុងហៅ និងសាកសួរម្ចាស់ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ ព្រះរាជអាជ្ញារងម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងករណីបង្កស្នូរផ្ទុះនោះ។
ស្ដ្រីឈ្មោះ ស៊ិន សាខន ម្ចាស់ក្លឹបកម្សាន្ដ Dragon Club បានរៀបរាប់ប្រាប់ប៉េអឹមខេត្ដ ដែលចុះស៊ើបអង្កេតថា មុនពេលមានការផ្ទុះអាវុធ គាត់បានឃើញភ្ញៀវ ៣នាក់ ចូលមកកន្លែងរបស់គាត់ ទើបគាត់ដើរទៅសួរថា ត្រូវការចូលច្រៀងខារ៉ាអូខេទេ។ ពេលនោះភ្ញៀវឆ្លើយថា ចាំបន្ដិចសិន។ ឮបែបនោះ គាត់ក៏ដើរសំដៅទៅខ្យូសភ្ញៀវនៅខាងក្រោយ ស្រាប់តែឮស្នូរផ្ទុះមួយគ្រាប់ ក្រោយមកក៏ផ្ទុះមួយគ្រាប់ទៀត ធ្វើឲ្យភ្ញៀវផ្អើលឆោឡោពេញហាង។
ពេលបាញ់នោះ គាត់មិនបានឃើញផ្ទាល់ទេ តែគេប្រាប់ថា គឺបុរសម្នាក់ ដែលគាត់ទើបនឹងសួរ ដោយដកកាំភ្លើងខ្លីពណ៌ស ចេញពីកាបូបហើយបាញ់ឡើងលើ រួចដើរទៅមុខបន្ទប់ខារ៉ាអូខេ បាញ់ផ្ចុចដីមួយគ្រាប់ទៀត ទើបមិត្ដភក្ដិមកជាមួយស្ទុះចាប់យកកាំភ្លើងទុក។ មិនបង្អង់យូរ ក្រុមនោះបាននាំគ្នាឡើងរថយន្ដដោយអ្នកបាញ់ឡើងរថយន្ដ CAMRY ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 2P-4528។ ឯគូកនជិះរថយន្ដមួយគ្រឿងទៀត ម៉ាក CRV បើកចេញយ៉ាងប្រញាប់។
ម្ចាស់ហាងបញ្ជាក់ថា ពេលផ្ទុះអាវុធនោះ នៅកន្លែងផឹកស៊ីក្នុងហាងរបស់គាត់ មានទាំងប៉ូលិសប៉េអឹមជាច្រើននាក់ ហើយភ្ញៀវចំនួន ៤តុ បានរត់ចេញ ធ្វើឲ្យគាត់ខាតបង់ថ្លៃម្ហូបជាច្រើន ព្រោះតែគិតលុយមិនទាន់ ស្របពេលដែលគាត់កំពុងភ័យញ័រខ្លួនផង។ មុនពេលផ្ទុះអាវុធនោះ មិនមានជម្លោះណាមួយឡើងទេ សង្ស័យថាមានអ្នកច្រណែននឹងការរកស៊ីរបស់គាត់ក៏មិនដឹង។
ប៉េអឹមខេត្ដបានបញ្ជាក់ថា អាវុធដែលបាញ់នោះ ធុន រ៉ូឡូ ដោយក្រោយពីបាញ់អាវុធប្រភេទនេះ មិនជ្រុះសម្បកកាទុះទេ គឺជាប់ទៅជាមួយដុំរបស់វា។
ប្រភពមួយរៀបរាប់ថា ពេលក្រុមបង្កស្នូរផ្ទុះបើករថយន្ដចេញទៅនោះ មានកម្លាំងប៉ូលិសក្រុងកំពតជិះម៉ូតូតាម ដោយកត់បានទាំងស្លាកលេខរថយន្ដ និងហៅនាំសាកសួរនៅអធិការដ្ឋានទាំងយប់។
លោក ទេព នាង អធិការរងក្រុងកំពត ទទួលបន្ទុកផែ្នកព្រហ្មទណ្ឌបានបញ្ជាក់ថា កម្លាំងរបស់លោកបានហៅម្ចាស់រថយន្ដកាមរីខ្មៅ ដែលសង្ស័យនោះសួរនាំដែរ តែរកមិនឃើញអាវុធទេ ហើយបុរសម្នាក់នោះ ក៏បដិសេធថា មិនបានបាញ់អ្វីឡើយ ទើបអនុញ្ញាតឲ្យត្រឡប់ចាកចេញពីអធិការដ្ឋានវិញ។
ពាក់ព័ន្ធនឹងរថយន្ដកាមរីពាក់ស្លាកលេខដូចខាងលើនោះ ប្រភពមួយបានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្ដជាព្រះរាជអាជ្ញារង ដែលទើបផ្លាស់មកធ្វើការនៅសាលាដំបូងខេត្ដកំពត៕
No comments:
Post a Comment