Tuesday, October 18, 2011

វេទិកា​​ស្រូវ​អង្ករ ​​​​ជំរុញ​​ការ​នាំ​ចេញ​អង្ករ​

ផ្សាយថ្ងៃទី១៧-១០-២០១១: ដកស្រង sabay


វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១១​ ត្រូវ​បាន​​រៀប​ចំ​ឡើង​​​​កាល​ពី​ព្រឹក​មិញ​នេះ​ ​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះពេជ្រ​ ក្នុង​គោល​បំណង​ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ​លើក​​ស្ទួយ​វិស័យ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។
លោក​ឧកញ៉ា​ តែ ​តាំង​ប៉ ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​វេទិកាស្រូវ​អង្ករ​កម្ពុជា​ឆ្នាំ​២០១១ ​ថ្លែង​​ថា​ គោល​បំណង​សំខាន់​ចំពោះមុខ​​ គឺ​ធ្វើ​យ៉ាង​ណា​បង្វែរ​ការ​នាំ​ស្រូវ​ក្រៅ
​ផ្លូវ​ការ ឲ្យ​ទៅ​ជា​ការ​នាំចេញ​អង្ករ​ពិតប្រាកដ​ទៅ​កាន់ទីផ្សារ​អន្តជាតិ​។

លោក ​ឧកញ៉ា​ បាន​បន្ត​​ថា​ រដ្ឋាភិបាល​ពិត​ជា​មាន​បំណង​ចង់​ប្រែ​ក្លាយ​​កម្ពុជា​ទៅ​ជា​ប្រទេស​ជង្រុកស្រូវ​ និង​ចង់​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​សំខាន់​ក្នុង​ការ​នាំ​ចេញ​
អង្ករ​ដែល​ជា​មាស​សទៅ​ផ្គត់​ផ្គង់​លើ​​ទីផ្សារ​អន្តជាតិ​។​ អាស្រ័យ​ហេតុ​នេះ​ហើយ ​ទើប​រដ្ឋាភិបាល​កំណត់​យក​ឆ្នាំ​២០១៥​ ជា​ឆ្នាំ​គោល​ដើម្បី​ជំរុញ​កា​រផលិត​ស្រូវ​ ​ឲ្យ​បាន​លើស​ពី​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ ដល់​ទៅ​៤​លាន​តោន ​និង​ជំរុញការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​យ៉ាង​តិច​១​លាន​តោន។

ឯក​ឧត្ដម ឧប​នាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ មាន​ប្រសាសន៍​ថា ការ​សម្រេច​បាន​នូវ​សមិទ្ធផល នៃ​គោល​នយោបាយ​​​ ស្ដី​ពី​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ និង​កា​នាំ​ចេញ​អង្ករ​ គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​កម្ពុជា​​។ ឯក​ឧត្ដម បាន​បន្ត​ទៀត​ថា ការ​សម្រេច​បាន​
នូវ​កំណើន​​នាំ​ចេញ ​១ លាន​តោន​ គឺ​មាន​ន័យ​ថា​ ​កម្ពុជា​​អាច​រក​បាន​​ចំណូល​បន្ថែម​ទៀត​ ​យ៉ាង​ហោច​ណាស់​ ៥០០លាន​ដុល្លារ​ ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ។
លោក​សួ ឃាង ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ ​​​ខេត្ត​កំពង់ចាម ​បាន​បញ្ជាក់​ថា ការ​បិទ​មិន​ឲ្យ​មាន​ការ​នាំ​ស្រូវ​ចេញ​ក្រៅ​ផ្លូវ​ការ ដែល​មិន​មាន​តួ​លេខ​ពិត​ប្រាកដ ​​ធ្វើ​ឲ្យ​
កម្ពុជា​​​មិន​បាន​ដឹង​ថា ​មាន​ប៉ុន្មាន ខ្វះ​ប៉ុន្មាន​ទេ​។ លោក​បាន ​អះអាង​ថា​ បើ​មាន​ការ​បិទ​​ការ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ ​​ងាយ​ស្រួល​ដល់​ការ​​ប្រមូល​ទិញ និង​ការ​នាំ​ចេញ​ ទៅ​ទីផ្សារ​អន្តរជាតិ​​និង​ធ្វើ​ឲ្យ​មាន​​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា។

លោក​ឡង់ ឌី ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន សូមា ហ្វាម មាន​ចំណាប់​អារម្មណ៍​​ថា វេទិកា​​អង្ករ​នេះ​ នឹង​នាំ​មក​​ទាំង​អ្នក​​លក់ និង​អ្នក​ទិញ​ ​ឲ្យ​មក​​ជួប​គ្នា ​ដើម្បី​​ពិនិត្យ​គុណភាព​​​ទាំង​​អស់​គ្នា។ លោក​បាន​អះ​អាង​​​​ទៀង​ថា​ “ក្រុមហ៊ុន​របស់​​ខ្ញុំ​ នៅ​ឆ្នាំ​មុន​​​ បាន​នាំ​ចេញ​ទៅ​ចិន និង​ប៊ែលហ្សិច ចំនួន​២០០០​តោន ​ហើយ​គម្រោង​នាំ​ចេញ​ឆ្នាំ​នេះ ​​​​​ឲ្យ​បាន​​ដល់ ៥០០០​តោន”។

ក្នុង​សន្ទរកថា​ ឯក​ឧត្ដម យឹម ឆៃលី បាន​គូស​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០០៩ កន្លង​ទៅ ​ផលិតកម្ម​ស្រូវសម្រេច​បាន​ប្រមាណ​ជាង​៥​លាន​តោន​។ ​តាម​រយៈ​កំណើន​នេះ ប្រទេស​កម្ពុជា បាន​ជួយ​ដល់​ប្រជាជន​ខ្លួន​ឲ្យ​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​ និង​សល់​
ស្រូវ​​​ប្រមាណ​ជាង​២​លាន​តោន​ផង​ដែរ៕




No comments: