Tuesday, October 18, 2011

ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ថៃ កើន​ ៨​%

ផ្សាយថ្ងៃទី១៧-១០-២០១១:  postkhmer


ភ្នំពេញៈ យោង​តាម​ស្ថិតិ​របស់​ការិយាល័យ​
ជំរុញ​ពាណិជ្ជកម្ម​បរទេស​របស់​ស្ថាន​ទូត​ ថៃ
ដែល​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ថៃ បាន​កើន​ឡើង​៨​ភាគ​រយ​ក្នុង​រយៈ​ពេល​៨​ខែ​ដំបូង​
ក្នុង​ឆ្នាំ​២០១១​នេះ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​
កាល​ពី​ឆ្នាំ​២០១០។

លោក​ស្រី​ Jiranan Wongmongkol អ្នក​ប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ កើត​មាន​ឡើង​ដោយ​សារ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ ពីរ ចាប់​តាំង​ពី​ជម្លោះ​ព្រំ​ដែន បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​នេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ទោះ​ជា​មាន​ជម្លោះ​ប្រដាប់​អាវុធ​តាម​ព្រំ​ដែន បាន​
ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ភាព​ជាប់​គាំង​នៅ​ដើម​ឆ្នាំ​នេះ​ក៏ ​ដោយ ក៏​ការ​នាំ​ចូល​ និង​នាំ​ចេញ​ ​ទំនិញ​​ផ្សេងៗ បាន​វិល​ត្រឡប់​មក​ជា​ប្រក្រតី​វិញ​ហើយ ហើយ​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​ក៏​ល្អ​ដែរ»។

ការ​នាំ​ចេញ​ទំនិញ​របស់​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ១,៨០៨​ពាន់​លាន​ដុល្លារ​ចាប់​ពី​ខែ​មករា​ដល់​ខែ​កញ្ញា ពោល​គឺ​កើន​ឡើង​តិច​តួច​បើ​ធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ ពី​ឆ្នាំ​មុន ដែល​មាន​ចំនួន ១,៦៣៨​ពាន់​លាន​ដុល្លារ​ ហើយ​ការ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​វិញ បាន​ធ្លាក់​ចុះ​ ១៧​​ភាគ​រយ​​
ពី​ចំនួន​១៥១,៥២​លាន​ដុល្លារ មក​នៅ​ត្រឹម​ចំនួន​១២៥,៦៤​លាន​​ដុល្លារ។ លោក​ស្រី Jiranan Wongmongkol មាន​ប្រសាសន៍​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​ភាគ​ច្រើន​មាន​ផលិត​ផល​កសិកម្ម សម្លៀក​បំពាក់ ដែក​អេតចាយ និង​ត្រី ចំណែក​ឯ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ​មាន​ដូច​ជា ប្រេង​ ផលិត​ផល​សម្រេច និង​សម្ភារ​សំណង់​។

លោក​ស្រី​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​«យើង​រំពឹង​ថា​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ ប្រទេស​ទាំង​ពីរ នឹង​កើន​ឡើង​២០​ភាគ​រយ​នៅ​ឆ្នាំ​២០១១​នេះ​ [ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​
កាល​ពី​ឆ្នាំ​មុន​]​»។

មន្ត្រី​ក្រសួង​ត្រូវ​បាន​លើក​ឡើង​ថា​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​របស់​ កម្ពុជា​
គឺ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ​នេះ​កើន​ឡើង។

លោក គង់ ពុទ្ធារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន និង​ស្ថិតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ ​«​ភាគ​ច្រើន ​ផលិត​ផល​ដែល​យើង​នាំ​ចេញ មាន​ដូច​ជា ស្រូវ ពោត និង​សណ្តែក តែ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​ធ្លាក់​ចុះ បើ​
តម្រូវ​ការ​ផលិត​ផល​កសិកម្ម​ទាំង​នេះ ថយ​ចុះ​»។

លោក ងួន ម៉េង​តិច ​អគ្គនាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ បាន​ធ្លាក់​ចុះ ដោយ​សារ​ការ​នាំ​ចេញ​ស្រូវ​ថយ​ចុះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ឈ្មួញ​ថៃ​ជា​ច្រើន បាន​ទិញ​ស្រូវ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​មុន តែ​ឥឡូវ​យើង​មាន​លទ្ធភាព​នាំ​ចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ផ្សេង​ទៀត ដោយ​សារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឧស្សាហកម្ម​កែ​ច្នៃ​អង្ករ ​បាន​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង»៕

No comments: