Tuesday, October 18, 2011

ថៃ​ចាប់​ផ្ដើម​ទូទាត់​ការ​ខូច​ខាត​ ខណៈ​បាងកក​មិន​ទាន់​ឆ្លង​ផុត​វិបត្តិ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


បាងកកៈ គណៈ​រដ្ឋ​មន្ត្រី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​អំពី​​ការ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​កាន់​ធំ​ឡើងៗ​ដោយ​សារ​ទឹក​ជំនន់ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៣១៥​នាក់​រួច​ហើយ ហើយ​ប្រជាជន​នៅ​រាជ​ធានី​បាងកក ត្រូវ​បាន​គេ​ប្រាប់​កុំ​ឲ្យ​បោះ​បង់​
ចោល​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​កេ បើ​ទោះ​បី​គ្រោះ​ថ្នាក់​​ភ្លាមៗ​ដោយ​ទឹក​ជំនន់​មក​លើ​ទីក្រុង​មួយ​នេះ បាន​កន្លង​ហួស​ទៅ​ហើយ​ក្ដី។

លោក​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ ធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា បាន​ថ្លែង​ថា ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​ចាប់​តាំង​ពី​ខែ​កក្កដា អាច​​មាន​កម្រិត​ខ្ពស់​ដល់​ទៅ ១,៧​ភាគរយ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ហើយ​បណ្ដា​រដ្ឋ​មន្ត្រី នឹង​ពិភាក្សា​អំពី​វិធានការ​ជួយ​សង្គ្រោះ និង​ការ​ខ្ចី​ប្រាក់​រដ្ឋាភិបាល​បន្ថែម​ទៀត សម្រាប់​ប៉ះ​ប៉ូវ​ការ​ខូច​ខាត​នេះ។

លោក​ស្រី​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ការ​ចំណាយ​លើ​ការ​កសាង​ប្រទេស​ឡើង​វិញ អាច​មាន​ចំនួន​ឡើង​ទៅ​ដល់​ជាង ១០០​ពាន់​លាន​បាត (៣,៣​ពាន់​លាន​ដុល្លារ) ក្រោយ​ពី​ទឹក​ជំនន់​ដ៏​អាក្រក់​ក្នុង​រយៈ​ពេល​ ៥០​ឆ្នាំ​មក​នេះ បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធំ​ធេង​លើ​ដី​ស្រែ​ចំការ និង​បាន​បង្ខំ​ឲ្យ​តំបន់​ឧស្សាហកម្ម​ធំៗ​បិទ​ទ្វារ។

គណៈរដ្ឋ​មន្ត្រី​ថៃ គ្រោង​នឹង​ពិភាក្សា​គ្នា​នូវ​សំណើ​បង្កើន​ឱនភាព​កញ្ចប់​ថវកា​ទៅ​ដល់ ១៤​ភាគរយ ឬ​ស្មើ​នឹង ៤០០​ពាន់​លាន​បាត (១៣​ពាន់​លាន​ដុល្លារ)​នៅ​ឆ្នាំ​សារពើ​នេះ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​តុលា។

ការ​ខូច​ខាត​អាច​ឡើង​កាន់​តែ​ខ្ពស់​ប្រសិន​បើ​រាជ​ធានី​បាងកក ដែល​ជា​ប្រភព ៤១​ភាគរយ​នៃ​ GDP សរុប​នោះ ត្រូវ​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់៕

No comments: