ជិះម៉ូតូវ៉ារថយន្តមិនផុតប៉ះដៃចង្កូតដួលស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់
ផ្សាយថ្ងៃទី២០-០៩-២០១១: ដកស្រងkohsantepheapdaily

ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូម៉ាកវីវ៉ា ស៊េរី២០១១ ជិះគ្នា៣នាក់ បានព្យាយាមបើកវ៉ារថយន្តស្របទិសគ្នា មួយគ្រឿង រួចបានប៉ះចង្កូតម៉ូតូជាមួយរថយន្តទួរីសមួយគ្រឿងទៀត ដែលបើកបញ្ច្រសទិសគ្នាក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យម៉ូតូវីវ៉ាចាប់ហ្វ្រាំងមុខដួល ហើយអ្នកបើកខ្ទាតចូលរថយន្តចំពាក់កណ្តាលតួរថយន្ត បណ្តាលឱ្យកង់ក្រោយរថយន្តកិនត្រឹមមួយកំណាត់មុខ និងក បណ្តាលឱ្យអ្នកបើកម៉ូតូវីវ៉ាបែកមុខ និងបាក់ក ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ។
អ្នកអង្គុយកណ្តាលរងរបួសស្រាល រីឯអ្នកជិះក្រោយបានរងរបួសធ្ងន់ ដោយរលាត់ស្បែកក្បាលចេញលលាដ៍ក្បាល និងរលាត់ភ្នែកខាងឆ្វេង នៅសល់តែគ្រាប់ភ្នែក ដែលមិនទៅគួរឱ្យស្រៀវសាច់ជាទីបំផុត ហើយត្រូវបានគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៩ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត និងខេត្តព្រះសីហនុ ត្រង់ចំណុចខាងលិចក្បាលស្ពានព្រែកកំពង់បាយ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
មន្ត្រីប៉ូលិសចរាចរណ៍ក្រុងបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ទាំង៣នាក់មាន ១-ឈ្មោះសេស សំបូរ ហៅវែង ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់ម៉ូតូ និងជាអ្នកបើក ត្រូវស្លាប់ដោយរថយន្តកិន ទី២-ឈ្មោះជុំ នឿន ភេទប្រុស អាយុ២៥ឆ្នាំ ជាប្អូនថ្លៃ អង្គុយបន្ទាប់ រងរបួសស្រាល និង៣-ឈ្មោះង៉ែត សន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ (សន្លប់)។ អ្នកទាំង៣រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
យានយន្តទាំង២គ្រឿងមានម៉ូតូវីវ៉ា ស៊េរី២០១១ ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះ និងរថយន្តម៉ាកទួរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-5971 ដែលម្ចាស់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នាំ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ៕
No comments:
Post a Comment