រដ្ឋបាលព្រៃឈើបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានធនធាន ជីវចំរុះនៃក្រសួងបរិស្ថានសាធារណៈរដ្ឋកូរ៉េក្នុងការគ្រប់គ្រងនិងអភិរក្សជីវៈចម្រុះនៅកម្ពុជាប្រកបដោយចិរភាព
ផ្សាយថ្ងៃទី០៨-០៩-២០១១: ដកស្រង bayontv.com
ភ្នំពេញ៖ មន្ទីរពិសោធន៍សហប្រតិបត្តិការស្រាវជ្រាវជីវចំរុះដែលជាអំណោយរបស់ក្រសួងបរិស្ថាននៃសាធារណៈរដ្ឋកូរ៉េផ្តល់ជូនរដ្ឋបាលព្រៃឈើតាមរយៈក្រុមហ៊ុន Camco Motor ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ នៅព្រឹកថ្ងៃទី០៨ខែកញ្ញា នៅរដ្ឋបាលព្រៃឈើក្រោមវត្តមានចូលរួមពីឯកឧត្តមឆេង គឹមស៊ុនប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ។
ឯកឧត្តមឆេង គឹមស៊ុន បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងរដ្ឋបាលព្រៃឈើនិងវិទ្យាស្ថានធនធានជីវៈចំរុះនៃក្រសួងបរិស្ថានសាធារណៈរដ្ឋកូរ៉េ និងការជួយឧបត្ថម្ភគាំទ្រជាបន្ត បន្ទាប់ពីក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Camco Motor និងចាត់ទុកថា ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិ បាលកម្ពុជាក្នុងការអនុវត្តការងារគ្រប់គ្រងក៏ដូចជាអភិរក្សជីវៈចំរុះនៅកម្ពុជា។
រដ្ឋបាលព្រៃឈើបាន និងកំពុងធ្វើការរួមគ្នាជាមួយ ក្រសួងបរិស្ថានកូរ៉េទាក់ទិនទៅនិងកិច្ចការជាអន្តរជាតិលើការអភិរក្សជីវៈចំរុះលើផែនដីតាំងពីឆ្នាំ២០០៧មកម្លេះ ហើយកិច្ចសហប្រតិបត្តិការនេះបានផ្តល់ឱ្យស្ថាប័នទាំង២បង្កើតនូវកម្មវិធីអភិរក្សជីវៈចំរុះរយៈពេលវែងមួយលើការការពាររុក្ខជាតិនិងសត្វព្រៃ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការនេះក៏បានធ្វើការផ្លាស់ប្តូរព័ត៌មានការសិក្សាស្រាវជ្រាវនៅទីវាលលើទិន្នន័យជាមូលដ្ឋាននិងផ្លាស់ប្តូរអ្នកជំនាញលើការសិក្សាស្រាវជ្រាវបច្ចេកទេសទៅលើរុក្ខជាតិនិងសត្វព្រៃនៅក្នុងតំបន់ដែលមានសក្តានុពលជីវចំរុះខ្ពស់ក្នុងប្រទេសកម្ពុជាឱ្យទទួលបានលទ្ធផលល្អ។
ក្នុងឱកាសនោះដែរ ក្រុមហ៊ុន Hyundai Motor ក៏បានប្រគល់រថយន្តទំនើប១ គ្រឿងដល់រដ្ឋបាលព្រៃឈើសំរាប់បំរើការក្នុងអង្គភាពលើគំរោងកិច្ចសហប្រតិបត្តិការខាងលើឱ្យទទួលបានជោគជ័យ៕
No comments:
Post a Comment