វៀតណាម ចិននឹងពន្លឿនកិច្ចចរចាជម្លោះដែនសមុទ្រចិនខាងត្បូង
ផ្សាយថ្ងៃទី០៨-០៩-២០១១: អន្ដរជាតិៈ ដកស្រង postkhmer.com
ហាណូយៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងវៀតណាម បានឯកភាពគ្នាបង្កើនល្បឿនការចរចាដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅតំបន់សមុទ្រចិនខាងត្បូង ខណៈរដ្ឋធានីប៉េកាំងបន្តយុទ្ធនាការលុបបំបាត់ភាពតានតឹងជុំវិញបញ្ហានេះ ដែលបានផ្ទុះឡើងនៅឆ្នាំនេះ។
ប្រទេសទាំងពីរ ព្រមទាំងហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ សុទ្ធតែមានវិវាទនឹងគ្នាដោយសារតែការប្រកាសជាម្ចាស់កម្មសិទ្ធិលើដែនទឹកមួយផ្នែកធំដែលសម្បូរទៅដោយប្រេង និងឧស្ម័ន និងគ្រប់គ្រងលើផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់។
កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីន និងចិន បានឯកភាពគ្នាលើតម្រូវការចង់បានច្បាប់សម្រាប់ការប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន បេនិកណូ អាគីណូ ទៅកាន់រដ្ឋធានីប៉េកាំង។
នៅឯរដ្ឋធានីហាណូយ មន្ត្រីកិច្ចការបរទេសជាន់ខ្ពស់របស់ប្រទេសចិន សមាជិកក្រុមប្រឹក្សារដ្ឋ លោក តាយ ប៉ីងហ្គួ បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាបិទទ្វារមួយនៅសប្តាហ៍នេះ ដែលក្រុមអ្នកវិភាគចាត់ទុកជាការបើកផ្លូវឲ្យមានដំណើរទស្សនកិច្ចពីប្រមុខថ្មីនៃបក្សកុំម្មុយនីស្តវៀតណាម លោក ង្វៀន ភូទ្រុង ដែលអាចកើតមាននៅឆ្នាំនេះ។
No comments:
Post a Comment