Wednesday, September 21, 2011

AIPA ចាប់ផ្តើម ជាមួយការ អំពាវនាវ ឱ្យមានការ ពង្រឹងកិច្ច សហប្រតិបត្តិការ កាន់តែរឹងមាំ

ផ្សាយថ្ងៃទី២០-០៩-២០១១: ដកស្រង dap-news

ភ្នំពេញ៖ ប្រមុខ ដឹកនាំ ស្ថាប័នជាតិ របស់កម្ពុជា បានថ្លែងការអំពាវនាវរួម នៅក្នុងកិច្ចប្រជុំអន្តរ
សភាអាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា AIPA ប្រទេសជាសមាជិក AIPA និង ASEAN ត្រូវ
បន្តកិច្ចសហប្រតិបត្តិការរួមគ្នា ឱ្យកាន់តែរឹងមាំ ដើម្បីបង្កើតសហគមន៍អាស៊ាន ឱ្យបាននៅ
ឆ្នាំ២០១៥ អនុឡោមតាមធម្មនុញ្ញអាស៊ាន និង ផែនទីចង្អុលផ្លូវ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ប្រធាន
ព្រឹទ្ធសភា បានថ្លែងការណ៍អំពាវនាវ ដល់បណ្តាប្រទេស ជាសមាជិកអាយប៉ា និងសមាគម
អាស៊ាន ពង្រឹងកិច្ចសហប្រតិបតិ្តការគ្នា ទៅវិញទៅ មកឲ្យបានសមស្រប ដែលមានទាំងឡាយ នៅក្នុងក្របខ័ណ្ឌស្ថាប័នទាំងពីរ។ សម្តេចក៏បានថ្លែងអំពាវនាវ ឲ្យមានការដាក់ចេញ នូវយុទ្ធ
សាស្រ្តស៊ីជម្រៅ គ្រប់លំដាប់ថ្នាក់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងពង្រឹងយន្តការតំបន់ដែលមាន
ស្រាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានចាត់ទុកកិច្ចប្រជុំអាយប៉ា ដែល
កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ថាជាព្រឹតិ្តការណ៍ដ៏សំខាន់ និងជាកាលានុវត្តភាព មួយ ដែលបណ្តា
មេដឹកនាំទាំងឡាយ បញ្ចេញទស្សនៈយោបល់ បង្កើនដៃគូសន្ទនា ការធ្វើសមាហរណកម្ម និងកិច្ច
សហប្រតិបតិ្តតំបន់ ជាក់ស្តែង ក្នុងការកសាងសហគមន៍ អាស៊ានមួយ នៅឆ្នាំ២០១៥ប្រកបដោយ
វិបុលភាព និងចីរភាព ។

សម្តេច ហេង សំរិន ក៏បានស្នើ ឲ្យមានការបង្កើតគណៈកម្មការចម្រុះ រវាងអាយប៉ានិងអាស៊ាន ធ្វើការពិគ្រោះយោបល់គ្នាទៅវិញទៅមក ឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ នូវទំនាក់ទំនង រវាង
ស្ថាប័នថ្នាក់តំបន់ទាំងពីរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ថ្លែងផង
ដែរថា អាស៊ានបាននិងកំពុង ស្ថិតនៅលើនាវាដ៏ត្រឹមត្រូវមួយរបស់ខ្លួន ដែលប្រការនេះឆ្លុះបញ្ចាំង
ឲ្យឃើញ តាមរយៈតួនាទីដ៏សំខាន់របស់អាស៊ានរួមជាមួយតួអង្គផ្សេងទៀតក្នុង តំបន់និងពង្រឹង
កិច្ចសហប្រតិបតិ្តការនយោបាយ សេដ្ឋកិច្ច និង សង្គម៕







No comments: