Tuesday, August 30, 2011

គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូសាកកម្លាំងគ្នារបួសធ្ងន់ស្រាល៤នាក់ក្នុងនោះបាត់ខ្លួនម្នាក់

ផ្សាយថ្ងៃទី២៩-០៨-២០១១
kampucheathmey

កំពត ៖ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​​គួរ​អោយ​រន្ធត់​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​ផ្អើល​ហាង​ស៊ី​ផឹក​ទាំង​យប់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ កំពត-ភ្នំពេញ​។ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១១ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ ខេត្ត​កំពត។

យោង​តាម​សម្ដី​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​កម្ពុជា​ថ្មី​ដឹង​ថា ​មុន​ពេល​មាន​ហេតុការណ៍​នេះ​កើត​គេ​បាន​ឃើញ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​ឌុប​គ្នា​២​នាក់ ​បើក​ពី​ជើង​​ចូល​មក​ក្រុង​ដោយ​ល្បឿន​លឿន​ ស្រាប់​តែ​មាន​ម៉ូតូ​សង់​បើក​ពី​ត្បូង​ក៏​បុក​គ្នា​លាន់​ផាំង​ឯ​មនុស្ស​បាន​ខ្ទាត​ចេញ​ពី​ម៉ូតូ​រៀងៗ​​ខ្លួន។



ប្រភព​ខាង​លើ​បាន​អោយ​ដឹង​ថា​បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​នោះ​ប៉ូលិស​ក៏​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ដឹក​ជន​រង​គ្រោះ​ធ្ងន់​ម្នាក់​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ចំណែក​ភាគី​ម្ខាង​ទៀត​​មិន​ដឹង​ថា​ទៅ​ណា​បាត់​ទេ។

លោក​ឆែម ហាក់​អធិការ​រង​ទទួល​បន្ទុក​ផ្នែក​ចរាចរ​ក្រុង​បាន​ប្រាប់​អោយ​កម្ពុជា​ថ្មី​ដឹង​ថា​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ភ្លាម​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​ប្រញាប់​ដឹក​ជន​រង​គ្រោះ​ម្នាក់​ដោយ​ឃើញ​សន្លប់​និង​ដាច់​សាច់​ក្បាល​ជង្គង់​រយះ​៣​សង់​ទី​ម៉ែត្រ​ឈាម​ចេញ​ច្រើន​ពេក​ក៏​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក​ឆែម ហាក់ បាន​ប្រាប់​អោយ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ហូង សុខុម​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​អ្នក​បើក​បរ​ម៉ូតូ​វីវ៉ា​ពណ៌​ក្រហម​ពាក់​ស្នាក​លេខ​កណ្ដាល​១B២៥៩៣​បាន​រង​របួស​ជើង​ខាង​ឆ្វេង​ដាច់​សាច់​ជង្គង់​៣​​សង់​ទី​ម៉ែត្រ​បែក​អង្គញ់​ឌុប​គ្នា​ពីរ​នាក់​ពី​ក្រោយ​មាន​៊ទីលំនៅ​ភូមិ​ត្រពាំង​កញ្ឆែ ឃុំ​កំពង់​សំរោង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ពីរ​អ្នក​មាន​ទី​១​ឈ្មោះ​ង៉ែត ស្រីវិត ភេទ​ស្រី​អាយុ ២៦ ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ​ស្បែក​ជើង​បាន​រង​របួស​ស្រាល​ និង​ទី២​ឈ្មោះ​នួន មឿន ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​ជាង​សំណង់​របួស​សន្លាក់​ដៃ​ជើង​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ខាង​លើ។ រី​ឯ​ភាគី​ម្ខាង​ទៀត​បើក​ម៉ូតូ​សង់​ស៊េរី​០៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​១A៩៦៤៨​ក្រោយ​ពី​កើត​ហេតុ​មិន​ដឹង​ថា​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ណា​នោះ​ទេ។​ ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​។

លោក​ឆែម ហាក់​បាន​បន្ត​អោយ​ដឹង​ថា​ក្រោយ​ពី​បាន​ធ្វើ​ការ​វាស់​វែង​រួច​មក​ប៉ូលិស​បាន​យក​វត្ថុតាង​ទាំង​ពីរ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ច្បាប់៕


No comments: