ចិន និងវៀតណាមសន្យាដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងតាមផ្លូវចរចា
ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពី
kohsantepheapdaily

ចិន និងវៀតណាមបានសន្យាដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងតាមផ្លូវចរចា បន្ទាប់ពីការជួបគ្នាកាលពីថ្ងៃទី២៩ សីហា នៅទីក្រុងប៉េកាំងរវាងរដ្ឋមន្ត្រីការពារជាតិចិន លោក LIANG GUANGLIE និងអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកង្វៀន ជីវិញ។
លោក LIANG គូសបញ្ជាក់ថា ចិនត្រៀមធ្វើការរួមគ្នាជាមួយវៀតណាមដើម្បីថែរក្សាផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមទាំងឡាយរបស់ប្រទេសទាំង២ ទំនាក់ទំនងទ្វេភាគីក្នុងគ្រប់វិស័យ ព្រមទាំងសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូងតាមរយៈការពង្រឹងការទាក់ទងគ្នា និងការពិគ្រោះពិភាក្សាគ្នាដើម្បីបង្ការដល់ការអុជអាលពីខាងក្រៅចំពោះការខ្វែងគំនិតគ្នាដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង២។
លោក LIANG បន្តទៀតថា ចិនប្រឆាំងចំពោះការធ្វើឱ្យស្មុគស្មាញ និងអន្តរជាតិភាវូបនីយកម្មនៃទំនាស់នៅសមុទ្រចិនខាងត្បូង ហើយទទូចលើដំណោះស្រាយការខ្វែងទំនាស់គ្នានោះតាមផ្លូវចរចា និងការពិភាក្សាគ្នា។
ចំណែកលោកង្វៀន ជីវិញ គូសបញ្ជាក់ថា ប្រទេសរបស់លោកប្រកាន់យកការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាសាកលជាមួយចិន ហើយចង់ធ្វើការដោយរួមសហការជាមួយចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំង២ដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់។ លោកបន្តថា ប្រទេសទាំង២ត្រូវដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងតាមមធ្យោបាយពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងតាមរយៈការចរចាដោយមិត្តភាពដើម្បីចៀសវាងការបផ្លាញទំនាក់ទំនងរវាងវៀតណាម និងចិនដោយកងកម្លាំងខាងក្រៅដែលជ្រៀតចូលក្នុងកិច្ចការទាំងនេះ ៕
No comments:
Post a Comment