Wednesday, July 27, 2011

ខេត្ត​កំពត​ព្រមាន​បិទ​ទ្វារ​រោង​ចក្រ​ដែល​បំពាន​ច្បាប់

ថ្ងៃទី២៧-០៧-២០១
postkhmer.com
កំពតៈ មន្ត្រី​បាន​និយាយ​ថា មន្ទីរ​ការ​ងារ​ខេត្ត​កំពត បាន​ព្រមាន​​បិទ​ទ្វារ​​រោង​
ចក្រ​ដេរ​ស្បែក​ជើង ម៉ីងដា ​នៅ​ក្នុង​សង្កាត់​អណ្តូង​​​ខ្មែរ​ ក្រុង​កំពត ជា​បណ្តោះ​
អា​សន្ន បន្ទាប់​ពី​រក​ឃើញ​ថា ថៅ​កែ​​រោង​ចក្រ​នេះ បាន​បំពាន​លើ​​ច្បាប់​ការ​
ងារ​និង​កេង​ចំណេញ​លើ​កម្លាំង​ពល​កម្ម​របស់​កម្មករ​។


លោក​ដួង សាវ៉ាន់ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​
កំពត​បាន​ឲ្យដឹង​កាល​ពី​ម្សិល​មិញ​ថា កាល​ពី​ដើម​សប្ដាហ៍​មុន លោក​បាន
​ចាត់​ឲ្យ​មន្ត្រី​មួយ​ចំនួន​ ចុះ​ត្រួត​ពិនិត្យ​ពី​ស្ថាន​ភាព និង​លក្ខ​ខណ្ឌ​ការ​ងារ​ទូ
ទៅ​ នៅ​ក្នុង​រោង​ចក្រ​ដេរ​ស្បែក​ជើង​ ម៉ីង​ដា បន្ទាប់​ពី​​មាន​សេចក្តី​រាយ​
ការណ៍​ពី​កម្មករ​​មួយ​ចំនួនថា​ ក្នុងរយៈពេល​បី​ខែ​កន្លង​មក ថៅ​កែ​រោង​ចក្រ​ 
បាន​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​នៅម៉ោង ​៦​ និង​ ៣០​ នាទី​ព្រឹក និង​បង្ខំ​ឲ្យ​
ធ្វើ​ការ​​ថែម​ម៉ោង ដល់​ម៉ោង​ ៨​ យប់ បើ​កម្មករ​ខក​ខាន​ នឹង​ត្រូវ​កាត់​
ប្រាក់​ខែ។

លោក​​បន្ត​ថា ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ បាន​រក​ឃើញ​កំហុស​ចំនួន ៣ ​រួម
​មាន ការ​បង្ខំ​ឲ្យ​កម្មករ ធ្វើ​ការ​លើស​ម៉ោង​ក្នុង​​មួយ​ថ្ងៃ ​៣០ នាទី ការ​ផ្តល់​
ប្រាក់​ឧបត្ថម្ភ លើ​ការ​ងារ​ថែម​ម៉ោង មិន​បាន​ត្រឹម​ត្រូវ តាម​លក្ខណ្ឌ​នៃ​
ច្បាប់​ការ​ងារ និង​កាត់​ប្រាក់ខែ​ពី​កម្មករ​ ​ ដែល​បាន​សុំ​ច្បាប់​ឈប់​សម្រាក​
ព្យាបាល​ជំងឺ​។

លោក​ដួង សាវ៉ាន់ បាន​ថ្លែង​ថា​៖​«​យើង​បាន​ដាក់​កំហិត ក្នុង​រយៈ​ពេល​ពីរ​
សប្តាហ៍ដល់​ម្ចាស់​រោង​ចក្រ​នេះ​ ដើម្បី​ធ្វើ​ការ​កែ​សម្រួល​លក្ខខណ្ឌ​ការ​ងារ​​​
របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​ ច្បាប់​ការ​ងារ និង​ផ្តល់​សំណង​ទូទាត់​ដល់​
កម្មករ​»។

មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ ពី​តំណាង​រោង​ចក្រ ម៉ីង ដា​បាន​ទេ កាល
​ពី​ម្សិល​មិញ ប៉ុន្តែ​បើ​តាម​លោក ដួង​ សាវ៉ន ​​ឲ្យ​ដឹង​​ថា លោក សុភា 
នាយក​គ្រប់​គ្រង​ផ្នែក​រដ្ឋ​បាលរោង​ចក្រ​នេះ បាន​សន្យា​ថា​ នឹង​​ធ្វើ​ការ​​
កែសម្រួល​​ការ​ងារ​មួយ​ចំនួន​ឡើង​វិញ ហើយនឹង​មិន​ឲ្យ​មាន​កំហុស​
បែប​នេះ​កើត​ឡើង​ទៀត​ទេ។

អ្នក​ស្រី​ទ្រី ឈួន​ មន្ត្រី​សម្រប​សម្រួល​អង្គ​ការ​អាដ​ហុក ខេត្ត​កំពត បាន
​សាទរ​ ចំពោះ​វិធាន​ការ​នេះ ដោយ​ថ្លែង​ថា៖ «យើង​រីក​រាយ​ និង​គាំ​ទ្រ​ 
ចំពោះ​មន្ត្រី​នៃ​មន្ទីរ​ការ​ងារដែល​បាន​ចាត់​វិធាន​ការ​ការ​ពារ​សិទ្ធិ និង​ផល​
ប្រយោជន៍​របស់​កម្មករ​»៕

No comments: