Thursday, July 21, 2011

ជួប​ភាព​រាំង​ស្ងួត​អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ពិធី​សូត្រ​មន្តសុំ​ទឹកភ្លៀង

 ថ្ងៃទី២១-០៧-២០១១
kohsantepheapdaily.com

ខេត្ត​កំពត ៖ ប្រ​ជា​ពល​រដ្ឋ​ភូមិ​ព្រិច ឃុំ​បឹង​នី​មល ស្រុក​ឈូក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ​បាន​នាំ​គ្នា​ធ្វើ​ពិ​ធី​បួង​សួង​សុំទឹកភ្លៀង​​ ដែល​ក្នុង​ពិធី​បួង​សួង​នោះ ក៏​មាន​​ការ​និ​មន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ផង​ដែរ។ ស្ត្រី​ចំណាស់​​ឈ្មោះ​ផាង អ៊ អាយុ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រិច ​បាន​និយាយថាដោយ​​សារ​តែ​មានកម្តៅខុស​​ពី​ធម្ម​តា​ហើយ​មិន​ទាន់​មាន​ភ្លៀង​​ ​​ធ្លាក់​សម្រាប់​បង្ក​​បង្កើន​ផល​ទើប​អ្នក​ភូមិ​​ផ្តើម​គំនិត​ ធ្វើ​ពិ​ធី​បុណ្យ​បួង​សួង​សុំ​ទឹក​ភ្លៀង។

ស្ត្រី​ម្នាក់ទៀត​បាន​និយាយ​ថា រដូ​វវស្សា​បាន​ចូលមក​ដល់​​ហើយអ្នក​ភូមិ​ស្ទើរ​តែ​ទាំង​អស់​មិន​ទាន់​បាន​ សាប​ព្រោះដក​ស្ទូងនៅ​ឡើយ​ទេ ព្រោះ​មិន​មាន​ទឹក។​ ចំណែក​ឯលោកអាចារ្យប៉ែន ហុន អាយុ​៦៤​ឆ្នាំ បានឱ្យ​ដឹង​ថា ការ​ធ្វើ​ពិ​ធីបួង​សួង​ និង​និមន្ត​​ព្រះ​សង្ឃ​សូត្រ​មន្ត​នេះ គឺ​ជា​ជំនឿ​តៗ​គ្នា​ជា​យូរមក​ហើយ ឱ្យ​តែ​ចូល​រដូវ​វស្សា​មិន​មាន​ភ្លៀង​ធ្លាក់​សម្រាប់​ភ្ជួរ​រាស់​​ដក​ស្ទូង​ ​ អ្នក​ភូមិ​តែង​តែ​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​មុខខ្ទម​តា​ព្រហ្ម​នេះ​ដើម្បី សុំ​ឱ្យ​មាន​ទឹក​ភ្លៀង។ លោកអាចារ្យ​បានបន្តថានៅ​ឆ្នាំ​​មុនៗ​​អ្នក​​ភូមិ​​មិន​​ដែល​​រវល់​នាំ​គ្នា​ ធ្វើ​ពិ​ធី​បុណ្យ​សុំ​ទឹក​ភ្លៀង​​ទេ ទើប​តែ​នៅ​​ឆ្នាំ​២០១១នេះ មិន​មាន​ភ្លៀង​ធ្លាក់​ទើប​នាំ​គ្នា​មក​ធ្វើ​ពិធី​បែប​នេះ។ ពិធ​ី​​បុណ្យ​បួង​សួង​សុំ​ទឹក​ភ្លៀង​នេះ​ត្រូវ​បាន​​និ​មន្ត​ព្រះ​សង្ឃ​ សូត្រ​មន្ត​មួយ​យប់​ លុះ​ព្រឹក​ឡើង​​អ្នក​ភូមិ​ជីក​រណ្តៅ​ឱ្យ​សមល្មម​ហើយ​នាំ​គ្នា​រែក​ទឹក​ចាក់​ ឱ្យ​ពេញ​រណ្តៅ​ហើយ​ត្រូវ​ចាប់​ក្តាម ខ្យង កង្កែប ត្រីយក​មក​លែង​ក្នុង​រណ្តៅ​ដី​រួច​​និមន្ត​ព្រះ​សង្ឃ សូត្រ​មន្តដែល​ចាស់​បុរាណ​ហៅ​ពិ​​ធី​បែប​នេះ​ថា​​ ជា​ធម៌​បង្វិល​អាកាស ឬ​ដាស់​សក្ក​ទេវ​​រាជ​ឱ្យ​បើក​អាកាស​ទម្លាក់​ទឹកភ្លៀង​​។
លោក​ទោល យ៉ាង​ មេ​ឃុំ​បឹង​នី​មលបាន​ប្រាប់​កោះ​សន្តិ​ភាព​ថា នេះ​ជា​​ជម្រើស​ចុង​ក្រោយ​​ហើយ​របស់​ប្រ​ជា​ពលរដ្ឋ​នៅ​​ឃុំ​បឹង​នីមល។ ពួក​គាត់​​ធ្វើ​ពិ​ធី​សូត្រ​មន្ត និ​ងបួង​សួង​សុំ​ឱ្យសក្ក​ទេវរាជ​​បង្អុរ​ភ្លៀង​មក។ ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​បឹង​នី​មល​​មាន​ចំនួន​១.២៣១​គ្រួ​សារ ទើប​តែ​សាប​សំណាប​បាន​ត្រឹម​តែ​១០​ភាគ​រយ​ទេ ហើយ​ការ​សា​ប​នោះ​ទៀត​​ គឺ​ពួក​គាត់​បាន​ទឹក​បូម​មក​ពី​​ត្រពាំង​ ស្រះ​ដែល​មាន​ទឹក​ដក់​បន្តិច​បន្តួច​មក​ចិញ្ចឹម​សំណាប។ ​លោក​មេ​ឃុំ​បន្ត​ថា ផ្ទៃ​ដី​ស្រែ​រាប់​រយ​ហិកតា ​ក៏​មិន​​ទាន់​បាន​ភ្ជួរ​នៅ​ឡើយ​ដែរ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​កសិក​ធ្វើ​ស្រែ​ក្នុង​រដូវវ​ស្សា​ឆ្នាំ​នេះ នៅ​តាម​បណ្តា​ស្រុក​នានា មួយ​ចំនួនបាន​សាប​សំណាប​អស់​​ទៅ​ហើយ​​តែ​ស្រុក​ខ្លះ​ក៏​ជួប​ នឹង​គ្រោះ​រាំង​ស្ងួតនៅ​ឡើយ៕


No comments: