ផ្សាយថ្ងៃទី២៧-០៣-២០១២: ដកស្រង kpt-news
កំពត ៖ គ្រាន់តែមានភ្លៀងកក់ខែធ្លាក់ពីរមេសោះនៅចំណុចដងផ្លូវគល់ស្ពាន
ពីទីប្រជុំជនស្រុកកំពង់ត្រាច ទៅកាន់តំបន់ច្រកទ្វារអន្តរជាតិ លក ព្រែកចាក សិ្ថតក្នុងភូមិកំពង់ត្រាចទី១ឃុំកំពង់
ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានលិចលង់ដោយសារទឹកភ្លៀងហើយផ្ទះសំបែងប្រជាពលរដ្ឋចំនួន៤ទៅ៥ គ្រួសារនៅទីនោះក៏បានរងការលិចលង់ផងដែរ។ តាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋដែលមានលំ
នៅដ្ឋានជាប់នឹងដងផ្លូវនេះបាននិយាយថាគ្រាន់តែរយៈពេល២ថ្ងៃបន្ទាប់ពីមានភ្លៀង ធ្លាក់កក់ខែពីរមេជាប់គ្នាកាលពីល្ងាចថ្ងៃទី២៤និង២៥ខែមីនាឆ្នាំ២០១២ ផ្ទះសំបែងប្រជាពលរដ្ឋនៅម្តុំនោះដែលសង់ជាប់នឹងដងផ្លូវលេខ៣៣ត្រូវ បានលិចលង់ជាច្រើន ហើយបញ្ហាទាំងនេះប្រជាពលរដ្ឋបានអះអាងថា ផ្តើមឡើងដោយសារការស្ថាបនាផ្លូវមិនបានរៀបចំប្រព័ន្ធលូឲ្យបាន ត្រឹមត្រូវ។ពួកគាត់បាននាំគ្នាលើកឡើងថា អ្នកម៉ៅការសាងសង់ផ្លូវលេខ៣៣ពេលសាងសង់ផ្លូវមិនបានកាយដីតម្រៀបលូ សំរាប់នាំបញ្ចៀសទឹកភ្លៀងឲ្យបានទាន់ពេលវេលានោះឡើយ ទើបបណ្តាលឲ្យទីតាំងនេះទាំងមូលមានទឹកពេញព្រៀបសឹងតែប្រដូចទៅជា បឹងបួទៅហើយ ថែមទាំងដក់នៅទីនេះបានយូរទៀតផង។
ប្រភពបានបន្តថា កាលពីអំឡុងពេលមិនទាន់ស្ថាបនាផ្លូវ ទីតាំងនេះមិនដែលជួបបញ្ហាដោយសារលិចលង់ជំនន់ភ្លៀងនោះទេព្រោះ កាលពីមុនផ្លូវនេះមានបង្កប់កូនលូតូចៗនៅខាងក្រោមទោះបីជាមានភ្លៀង ស្ទើរបាក់មេឃបែបណាក៏មិនព្រួយនឹងភាពលិចលង់ដូច្នេះដែរ។ប៉ុន្តែ បច្ចុប្បន្ននេះផ្លូវលេខ៣៣ត្រូវបានរៀបចំស្ថាបនាដែលមានទ្រង់ទ្រាយដ៏ធំ ទូលាយដោយមិនទាន់មានវិធានការសង់ជាប្រព័ន្ធលូនៅឡើយទើបបណ្តាលឲ្យ លំនៅដ្ឋានដែលសង់ជាប់នឹងដងផ្លូវមួយនេះត្រូវប្រឈមនឹងការលិចលង់ យ៉ាងខ្លាំងរាល់ពេលមានភ្លៀងធ្លាក់ម្តងៗនោះ ហើយករណីទាំងនេះនឹងធ្វើឲ្យអ្នកស្រុកដែលមានផ្ទះសំបែងនៃចំណុចទីតាំង លិចលង់កាន់តែមានភាពព្រួយបារម្ភកាន់តែខ្លាំងឡើងពីសុវត្ថិភាពក្នុង ការរស់នៅ ក៏ដូចជាការសំរាកនៅពេលយប់ខ្លាចក្រែងមានកើតជាបញ្ហាគ្រោះថ្នាក់ដោយ ប្រការណាមួយដល់ក្រុមគ្រួសារឬកូនចៅ។ជាមួយនេះកាលពីរសៀលថ្ងៃទី២៦ខែ មីនា ឆ្នាំ២០១២គេឃើញមានគេយកម៉ាស៊ីនបូមទឹកមកអន្តរាគមន៍នាំទឹកចេញពី លំនៅដ្ឋាន តែការបូមនេះវាពុំទាន់បានស្រកអស់នៅឡើយទេ ហើយនៅព្រឹកថ្ងៃទី២៧ខែមិនា ឆ្នាំ២០១២នេះបរិមាណទឹកហាក់នៅពេញព្រៀបនៅឡើយ។ ពាក់ព័ន្ធនឹងការលិចលង់នេះអភិបាលស្រុកកំពង់ត្រាច លោក អ៊ុម ស៊ីណាត នាព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១២នេះបានប្រាប់កម្ពុជាថី្មថា ការលិចលង់ផ្ទះដោយសារទឹកភ្លៀងពិតជាមានការប៉ះពាល់ដល់អារម្មណ៍ ប្រជាពលរដ្ឋ តែធ្វើដូចម្តេចបើការស្ថាបនាផ្លូវត្រូវតែមានការបង្ហាប់ដីសិន ទើបអាចកាយរៀបលូបាន ដូច្នេះសូមប្រជាពលរដ្ឋដែលកំពុងរងការប៉ះពាល់គួរតែអភ័យទោសផងទៅចុះ៕
No comments:
Post a Comment