
ខេត្តកំពត ៖ ក្រុមចោរប្លន់ប្រដាប់ដោយកាំបិត និង
ពូថៅចំនួន២នាក់ បានត្រូវនគរបាលស្រុកបន្ទាយមាសចាប់ខ្លួនជាបន្តបន្ទាប់ពីបទធ្វើសកម្មភាពប្លន់
ប្រជាពលរដ្ឋនៅកន្លែងផ្សេងៗពីគ្នា។
លោកស្រ៊ុន ឡាំ អធិការនគរបាលស្រុកបន្ទាយមាស បានឱ្យដឹងថា ជនទាំង២នាក់ នេះ ម្នាក់ឈ្មោះសោម ញិប អាយុ៤៤ឆ្នាំ អតីតយោធានៅស្រុកបន្ទាយមាស មានស្រុកកំណើតនៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាស ស្រុកបន្ទាយមាស បច្ចុប្បន្នរស់នៅភូមិកោះក្របី ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនតាមដីកាសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៩ វិច្ឆិកា។ ការចាប់ខ្លួននេះគឺនៅស្រុកបាកាន ដោយកិច្ចសហការគ្នា រវាងនគរបាលស្រុកបាកាន និងនគរបាល ស្រុកបន្ទាយមាស ។ក្រោយពីនាំខ្លួនជនសង្ស័យមកដល់ស្រុកបន្ទាយមាស ក៏ឈានទៅចាប់ជនម្នាក់ទៀតឈ្មោះចាន់ បុល អាយុ៤៦ឆ្នាំ នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស នៅថ្ងៃទី៣០ វិច្ឆិកា តែក៏មានការសោកស្តាយដែរ ដែលមានបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់។
លោកអធិការស្រ៊ុន ឡាំ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពប្រាប់នគរបាលថា ពួកគេបានជិះកង់ដើរប្លន់ពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស ដែលលើកទី១-ប្លន់ពលរដ្ឋឈ្មោះគឹម ហេងភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច នាយប់ថ្ងៃទី៤ កក្កដា ឆ្នាំ២០១១ យកបានម៉ូតូ C125 ពណ៌ខ្មៅ មួយគ្រឿង ស៊េរីឆ្នាំ២០០៨ ហើយការធ្វើសកម្មភាពនេះមានគ្នា៣នាក់។ លើកទី២-ប្លន់ពលរដ្ឋឈ្មោះជៀម អ៊ូច ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកឃ្វាលទា នៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស នាយប់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១១ យកបានក្រវិលមាស១គូទម្ងន់៥ហ៊ុន និងទូរស័ព្ទដៃមួយគ្រឿង។ លើកទី៣-នៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១១ បានធ្វើសកម្មភាពប្លន់ផ្ទះពលរដ្ឋម្នាក់ទៀតឈ្មោះង៉ែត ថន អាយុ៥១ឆ្នា នៅភូមិព្រៃក្រឡា ឃុំទូកមាស បានម៉ូតូ C125 ស៊េរីឆ្នាំ២០០៨ មួយគ្រឿង ប្លាទីន១៥ជី និងវាយបុរសជាម្ចាស់ផ្ទះរបួសត្រង់ក្បាល។
លោកអធិការស្រ៊ុន ឡាំ មានប្រសាសន៍ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺបន្ទាប់ពីការស្រាវជ្រាវ ហើយក៏មានតម្រុយនិងសាក្សីជាច្រើនផ្តល់ព័ត៌មានពីមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមដាន។ ពួកគេបានឆ្លើយថា ការចេញប្លន់ទាំង៣លើកនេះ មិនមានកាំភ្លើងទេ គឺប្រើពូថៅ និងកាំបិត។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងដ្ឋានខេត្ត ដើម្បីបំពេញសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕
No comments:
Post a Comment