ភ្នំពេញៈ សមាគមផលិតផលសូត្រខ្មែរបានឲ្យដឹងថា គេកំពុងធ្វើពិពិតកម្មទីផ្សារសូត្រ ដើម្បីធានាការនាំចេញផលិតផលនេះឲ្យមាននិរន្តភាព ខណៈមានការពឹងផ្អែកខ្លាំងនៅទីផ្សារអឺរ៉ុប។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត អ្នកសម្របសម្រួល គម្រោងសូត្រកម្ពុជានៅមជ្ឈមណ្ឌលអន្តរជាតិមានបន្ទូលថា ភាពទោលនៃទីផ្សារទៅកាន់អឺរ៉ុបធ្វើឲ្យការនាំចេញផលិតផលទាំងនេះ បានធ្លាក់ចុះ។
ព្រះអង្គម្ចាស់បានបន្ថែម៖«ខ្ញុំកំពុងរកយុទ្ធសាស្រ្តបំបែកទីផ្សារហើយយើងក៏ត្រូវធានាពីគុណភាពដែរ»។
ពុំមានតួលេខរួមនៃការនាំចេញផលិតផលសូត្រទេ ដោយសារការធ្វើអាជីវកម្មនាំចេញផលិតផលនេះធ្វើឡើងដោយឡែកៗ ពីគ្នា តាមបុគ្គល ឬ សមាគម។
ព្រះអង្គម្ចាស់មានបន្ទូលថា៖ «យើងកំពុងអង្កេតក្នុងចំណោមអ្នកនាំចេញ។ យើងសួររកទិន្នន័យតែគេមិនឲ្យ»។
លោកសឹង គឹមយ៉ុន អគ្គនាយកប្រតិបត្តិសម្ព័ន្ធសិប្បកម្មកម្ពុជានិយាយថា ការផលិតផលិតផលសូត្រនាំចេញនៅឆ្នាំនេះមានការធ្លាក់ចុះ ច្រើន។ លោកបន្តថា៖ «ការនាំចេញរបស់ខ្ញុំឆ្នាំនេះធ្លាក់ចុះ។ បើធៀបនឹងឆ្នាំមុនការធ្លាក់ចុះមានប្រមាណ៥០ភាគរយ»។
លោកប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ទីផ្សារបរទេសបានធ្លាក់ចុះប្រមាណពាក់កណ្តាល៖ «កាលពីឆ្នាំមុន ក្នុងមួយខែមានការនាំចេញមួយដងឬពីរដង ឥឡូវបីខែ ទើបយើងនាំចេញម្តង។ ឥឡវនេះការនាំចេញតិចហើយ ចំនួននៃការនាំចេញមានតិចទៅទៀត»។
លោកបាននិយាយថា សិប្បករតម្បាញសូត្រសរុបទូទាំងប្រទេសមានជាង២ម៉ឺននាក់ ហើយតម្លៃសូត្រនាពេលនេះ គឺប្រមាណជា៤០ដុល្លារក្នុងមួយគីឡូក្រាមដោយចុះមកពីតម្លៃជាង ៥០ដុល្លារកាលពីឆ្នាំទៅ។
លោក ទ្រី សុភារៈ ប្រធានសិប្បកម្មវត្តថាន់ក្នុងទីក្រុងភ្នំពេញឲ្យដឹងថា ការនាំចេញទៅទីផ្សារអឺរ៉ុបបានធ្លាក់ចុះ តែសិប្បកម្មនេះបានកើនឡើងនៅទីផ្សារប្រទេសអង់គ្លេស និងនៅប្រទេសជប៉ុន។
លោកបន្តថា សិប្បកម្មនេះលក់បានប្រមាណ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមានសិប្បករជាង៣០នាក់ធ្វើការនៅវត្តថាន់ ហើយនៅតាមផ្ទះប្រមាណ១០០នាក់ផ្សេងទៀត។
កម្ពុជាត្រូវនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ខណៈការផលិតសូត្រក្នុងស្រុកមានបរិមាណតិចតួចបំផុត។
លោក កែ មុន្នី លេខាធិការរងភូមិសូត្រខ្មែរដែលបាននាំផលិតផលទៅលក់នៅប្រទេស អឺរ៉ុបជាងមួយឆ្នាំកន្លងមកមានប្រសាសន៍ថា ភូមិសូត្រខ្មែរធ្វើការជាមួយសហគមន៍ដោយមួយខែផលិតអស់សូត្រ ប្រមាណ៣០០ទៅ ៤០០គីឡូក្រាម ហើយផលិតផលភាគច្រើននាំទៅទីផ្សារអឺរ៉ុប។ លោកបន្តថា៖ «យើងប្រើសូត្រខ្មែរនឹងសូត្រនាំចូល ពីព្រោះមិនមានសូត្រក្នុងស្រុកគ្រប់គ្រាន់នោះទេ។ យើងផលិតនៅក្នុងបរិមាណតិចណាស់»។
លោក មី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឲ្យ ដឹងថា កម្ពុជានាំចូលសូត្ររហូត៤០០តោនក្នុងមួយឆ្នាំពីបរទេស ខណៈកម្ពុជាខ្លួនឯងផលិតបានតិចជាង៥តោន។
លោកបន្តថា បើស្ថានភាពនាំចេញមានដូចបច្ចុប្បន្ននេះ នឹងនាំឲ្យអ្នកតម្បាញបាត់បង់ចំណូល និងធ្វើឲ្យអ្នកផលិត និងឈ្មួញកណ្តាលមានការលំបាក។
ប៉ុន្តែលោកអះអាងថា ស្ថានភាពសូត្រខ្មែរនឹងមានការផ្លាស់ប្តូរព្រោះគម្រោងសូត្រ ត្រូវបានគាំទ្រដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១០ ដោយមានមន្ទីរពិសោធន៍មួយនៅជាយក្រុងភ្នំពេញ ហើយគ្រោងពង្រីកទៅតាមបណ្តាខេត្តទៀត។
លោក Valenti Livio អ្នកសេដ្ឋកិច្ចនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់សហប្រជាជាតិ បានឲ្យដឹងពីខែសីហាថា ដើម្បីជំនួសការនាំចូលសូត្រឆៅ៤០០តោនក្នុងមួយឆ្នាំៗពីវៀតណាម និងចិន កម្ពុជាត្រូវការផ្ទៃដីដាំ៤ពាន់ហិកតា ដើម្បីដាំមន៕
No comments:
Post a Comment