Friday, September 9, 2011

វិនិយោគិន​ឥណ្ឌា​គ្រោង​វិនិយោគ​រ៉ែ​និង​ដំណាំ​កសិកម្ម​កម្ពុជា​

ផ្សាយថ្ងៃទី០៩-០៩-២០១១: ដកស្រង bayontv.com

ភ្នំពេញ៖ ក្រុម​អ្នក​វិនិយោគ​ទុន​មួយ​ក្រុមដឹក​នាំ​ដោយ​លោក​បណ្ឌិត ​រ៉ា ​ចា ​ប្រធាន​ក្រុមហ៊ុន​ P.I.M.A​ INTERNATIONAL​ មាន​មូល​ដ្ឋាន​នៅ​ប្រទេស​គុយវ៉ែត​បាន​មកទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ជា​លើកទី២​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨​ខែកញ្ញា​។ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក្រុម​ហ៊ុន​ P.I.M.A​ របស់​លោក​បណ្ឌិត​រ៉ា ចា មាន​គោល​បំណង​គ្រោង​នឹង​វិនិយោគ​លើវិស័យ​ឧស្សាហកម្ម​រ៉ែ ​និង​វិស័យក​សិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សហការណ៍​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​គឺ​ក្រុម​ហ៊ុន​ D ​& D​ PATTNAIK ​GROUP​។
ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​នៅ​ឯ​ប្រលាន​យន្ដ​ហោះ​ពោចិន​តុង​លោក​បណ្ឌិតរ៉ា​ ចា​ បាន​បញ្ជាក់ថា​ លោក​មាន​ចំណាច់​អារម្មណ៍​យ៉ាង​ខ្លាំង​លើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុមហ៊ុន​របស់​លោក​មាន​គម្រោង​ពីរ​ជា​ចំបង​ ទី១គឺ​គម្រោង​រុក​រករ៉ែ ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ និងទី២​គម្រោង​បង្កើត​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ខេត្ត​ព្រែវែង​ និង​ខេត្តតាកែវ​ គម្រោង​ទាំងពីរ​នេះ​និង​ត្រូវ​ចំណាយ​ទុន​សរុប​ ប្រមាណពី​១០​ទៅ​១៥​លាន​ដុល្លា​អាមេរិក​។
លោករ៉ាចា​ បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​របស់​លោក​មិន​ត្រឹម​តែ​មក​បណ្ដាក់​ទុន​រក​ប្រាក់​ចំណេញ​ប៉ុណ្ណោះទេ​ តែ​លោក​នឹង​ផ្ដល់​ការងារ​ជា​ច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​ខ្វះខាត​ ហើយ​លោក​ក៏​មាន​គម្រោង​មួយ​ផ្សេង​ទៀត​ដែរ​គឺ​ សាង​សង់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥត​គិតថ្ងៃ​។ ​លោក​បញ្ជាក់​ទៀត​ថា​ ការិយាល័យ​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​នៅ​មជ្ឈឹម​បូព៌ា​ជាលើក​ដំបូង​និង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​បំណាច់​ខែ​កញ្ញា ​ឆ្នាំ២០១១​ខាង​មុខ​នេះ​៕

No comments: