គ.ជ.ប. ផ្សព្វផ្សាយចំនួនតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ
ផ្សាយថ្ងៃទី០៦-០៩-២០១១: ដកស្រង cen.com
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានធ្វើផ្សព្វផ្សាយពី
ចំនួនតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០១១ នៅទីស្តីការ គ.ជ.ប.។ គិតត្រឹមថ្ងៃទី៥ កញ្ញា ឆ្នាំ២០១១ តំណាងគណបក្សនយោបាយ សរុបមានចំនួន ៩១៩ នាក់ និងអ្នកអង្កេតការណ៍ជាតិ មានចំនួនសរុប ៧០១ នាក់ បានចូលរួមពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១១។
លោកស្រី កុយ វ៉េត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ក្នុងចំណោមអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយទាំងនោះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៥៤ នាក់, គណបក្ស សម រង្ស៊ី មានចំនួន ២៨៧ នាក់, គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២១៨នាក់ និងគណបក្សសិទ្ធិមនុស្សមាន ៤០នាក់។
ចំណែកអង្គការក្រៅរដ្ឋាភិបាលវិញ ក៏ត្រូវបានលោកស្រី កុយ វ៉េត បញ្ជាក់ថា មានមកពីក្រុមប្រឹក្សាយុវជនកម្ពុជាចំនួន ២៩៤ នាក់, គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ( comfrel ) ចំនួន ៧៣ នាក់, គណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា ( nicfec ) មានចំនួន ៣២០ នាក់ និងវិទ្យាស្ថាន
ជាតិ( NDI ) មានចំនួន១៤នាក់។
ដោយឡែកចំពោះលទ្ធផលបណ្តោះអាសន្ននៃដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៤ កញ្ញា នៅទូទាំង ២៤ រាជធានី-ខេត្ត ត្រូវបានអគ្កលេខាធិការ គ.ជ.ប. លោក ទេព នីថា លើកឡើងថា ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចំនួន ១៦២១ ការិយាល័យ បានចាប់ផ្តើមបើកដំណើរការចុះឈ្មោះជូនប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។ បើទោះបីជាមានឃុំមួយចំនួនត្រូវលិចទឹកក៏ដោយ ក៏ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានល្អ ពីព្រោះបានដោះស្រាយទាន់ពេលវេលា។
លោក ទេព នីថា បានបន្តថា ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឃើញថា មានការកើនឡើងនូវឃុំសង្កាត់ចំនួន ១២ បន្ថែមទៀត។ សរុបចំនួនឃុំសង្កាត់ទូទាំងប្រទេសមានចំនួន ១៦៣៣ ឃុំ-សង្កាត់៕
No comments:
Post a Comment