ជ្រលងសម្ពាធទាបមួយបក់បោកសំដៅមកកម្ពុជា
ផ្សាយថ្ងៃទី០៩-០៩-២០១១: ដកស្រង postkhmer.com
ភ្នំពេញៈ ជ្រលងសម្ពាធទាបមួយ កំពុងតែធ្វើដំណើរតម្រង់មកប្រទេសកម្ពុជាចាប់ពីថ្ងៃស្អែកទៅ។ នេះដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដែលបានព្រមានឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរកម្ពុជា ជាពិសេសប្រជានេសាទសមុទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួង បានឲ្យដឹងថា ជ្រលងសម្ពាធទាបនេះ នឹងនាំមកនូវទឹកភ្លៀងធ្លាក់ជោគជាំលើតំបន់ទំនាបកណ្តាល តំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ទឹកភ្លៀងនឹងធ្លាក់ជោគជាំលើរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពត កោះកុង កែប និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១។ ផ្ទៃសមុទ្រកម្ពុជា នឹងមានរលកខ្លាំង និងអាចមានកម្ពស់ពី ១,៥០ម៉ែត្រ ទៅ២,០០ម៉ែត្រ។
សេចក្តីជូនដំណឹងនោះ បាននិយាយថា៖ «ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តារាជធានី-ខេត្ត ដូចបានជម្រាបជូនខាងលើ ជាពិសេសបងប្អូនប្រជានេសាទសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ»៕
No comments:
Post a Comment