ថ្ងៃទី២១ ខែកក្កដា ២០១១
postkhmer.com
ភ្នំពេញៈ អាជីវករលក់មាសនៅកម្ពុជាបានឲ្យដឹងថា ការចាប់អារម្មណ៍លើមាសបានកើនឡើងយ៉ាងខ្លាំង ទោះបីតម្លៃវាឡើងស្ទើរតែរៀងរាល់ថ្ងៃក្តី។
មាសបានឡើងថ្លៃ២៦,២ភាគរយក្នុងរយៈពេល១២ខែចុងក្រោយនេះ។ នេះបើតាមនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ខណៈដែលលោហៈដ៏មានតម្លៃនេះ បានឡើងថ្លៃខ្ពស់ខ្លាំងនៅលើទីផ្សារសកលលោក ដែលមិនធ្លាប់មានពីមុនមក។
ស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មាសទិញលក់ក្នុងតម្លៃ ១ ៥៨៨,៨៨ ដុល្លារអាមេរិក ក្នុងមួយអោន(៨,៣ជី) នៅកម្ពុជា កាលពីម្សិលមិញ។ តម្លៃមាសនេះ បានកើនឡើងពី ១ ២៥៣,១៣ ដុល្លារអាមេរិក ក្នុងថ្ងៃតែមួយ កាលពីឆ្នាំមុន។
ក្នុងទីផ្សារសកល តម្លៃមាស បានឡើងថ្លៃលើស ១ ៦០០ដុល្លារអាមេរិក ក្នុងមួយអោន ដែលជាតម្លៃខ្ពស់បំផុតលើកដំបូង សម្រាប់សប្តាហ៍នេះ។
កាលពីម្សិលមិញ មាសបានឡើងថ្លៃជាប់ៗគ្នាចំនួន១២លើក នៅលើផ្សារហ៊ុន LSX ដែលនេះជាការឡើងថ្លៃជាប់ៗគ្នាយូរបំផុត តាំងពីទសវត្សរ៍ ១៩២០មក។
លោក លី ដារ៉ែន ប្រធានអាជីវកម្មមាសប្រចាំហាងមាស លី ហួរ ធំជាងគេបំផុតនៅកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នៅអន្តរជាតិ កំពុងធ្វើឲ្យមាសឡើងថ្លៃជាប់ៗគ្នា។
លោកបន្តថា៖ «កង្វះការជឿទុកចិត្តរវាងប្រទេសមួយចំនួន និងវិនិយោគិន បញ្ហាថ្មីៗជាមួយប្រទេសក្រិក និងអ៊ីតាលី ក៏ដូចជាប្រាក់អឺរ៉ូធ្លាក់ចុះ បានប៉ះពាល់ដល់វិនិយោគិននៅលើពិភពលោក និងក្នុងស្រុក»។
លោក លី ដារ៉ែន បានបន្ថែមថា ទោះបីមានអន្តរាគមន៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារកណ្តាលនៅអឺរ៉ុបក៏ដោយ ប៉ុន្តែការធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោក វិលទៅរកស្ថិរភាពវិញ អាចនឹងត្រូវការពេលវេលាច្រើនឆ្នាំ។
ទោះបីជាតម្លៃមាសនៅកម្ពុជា ទាបជាងតម្លៃនៅលើទីផ្សារអន្តរជាតិក្តី ប៉ុន្តែឈ្មួញមាសនៅរាជធានីភ្នំពេញ ជឿជាក់ថា តម្លៃមាសឡើងថ្លៃខ្ពស់មិនធ្លាប់មាននៅកម្ពុជា បានធ្វើឲ្យការលក់មាសកើនឡើង ខណៈអ្នកខ្លះយល់ថា ការរក្សាមាសទុក ជាមធ្យោបាយដ៏មានសុវត្ថិភាពសម្រាប់សន្សំប្រាក់។
អាជីវករលក់មាស នៅក្បែរផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា អតិថិជនយល់ឃើញថា ការទិញមាសទុកជាការវិនិយោគដ៏ឆ្លាតវៃ។
ប៉ោ ម៉ារី បុគ្គលិកបម្រើការនៅហាង ទិញ លក់ និងបញ្ចាំងអន្តរជាតិបានឲ្យដឹងថា៖«ក្នុងមួយថ្ងៃៗ មានអតិថិជនប្រហែល ៣ ទៅ ៤ មករកទិញមាសនៅទីនេះ។ ចំណែកអតិថិជនដែលលក់មាសមកយើង ក៏បានកើនឡើងទ្វេដងផងដែរ កាលពីឆ្នាំមុន»។
ម៉ារី បានបន្ថែមថា នាងយល់ឃើញថា កំណើននេះ នៅតែបន្តទៅទៀត ដោយធ្វើឲ្យអ្នកមាននៅកម្ពុជា កាន់តែសន្សំមាសទុក៖ «ប្រជាជនកម្ពុជាជាច្រើន នៅតែយល់ថា ការសន្សំមាសទុក ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ហើយប្រជាជនជាច្រើន មកពីតំបន់ជនបទ មកភ្នំពេញ ទិញមាសទុក»។
អ្នកជំនាញនិយាយថា ទំនុកចិត្តរបស់កម្ពុជាលើរូបិយប័ណ្ណ និងធនាគារ កាន់តែកើនឡើង។
លោក លី ដារ៉ែន បានបន្ថែមថា៖ «កំណើនធនាគារអន្តរជាតិស្របច្បាប់ និងសេដ្ឋកិច្ចដែលទើបនឹងចាប់កំណើតឡើងនៅកម្ពុជា បានធ្វើឲ្យប្រជាជនមានទំនុកចិត្តលើរូបិយប័ណ្ណឡើងវិញ ដោយពួកគេមានទំនោររក្សាប្រាក់សន្សំនៅក្នុងធនាគារ»៕ CS
No comments:
Post a Comment