Wednesday, March 21, 2012

កម្ពុជា​កំពុង​រៀប​ចំកិច្ច​ព្រម​ព្រៀង​ដើម្បី​ភ្ជាប់​ការ​ហោះ​ហើរ​ត្រង់​ជា​មួយ​ប្រទេស​ចំនួន​បីផ្សេង​ទៀត​

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រងbayontv.com.kh

ភ្នំពេញ៖ ប្រទេស​កម្ពុជា​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រៀប​ចំនូវ​កិច្ច​ព្រម​ ព្រៀង​ដើម្បី​ភ្ជាប់​ការ​ហោះ​ហើរ​ត្រង់​ជា​មួយ​ប្រទេស​លុច​ហ្សំ​បួរ​ ប្រទេស​យេ​មែន​ និង​ប្រទេស​អាយ​លែន​ក្នុង​ ខណ: ដែល​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ​ដែល​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ​កាន់​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​បាយ័ន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២០ ខែ​មីនា​ នេះ​ លោក​ស្រី ​ទេព ​ស៊ុន​ធារី​ ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នៃ​រដ្ឋ​លេខាធិការ​ដ្ឋាន ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ បាន​ពន្យល់​ថា ​ជំហាន​ដំបូង​ ខាង​ភាគី​នៃ​ប្រទេស​លុចហ្សំ​បួរ​ យេ​មែន​ និង​អាយ​លែន​នោះ​ តាក់​តែង​ច្បាប់​ទម្លាប់​ជា​មុន​សិន ​បន្ទាប់​មក​ទៀត ​នឹង​មាន​ការ​ចាប់​ផ្តើម​ជជែក​ ពិភាក្សា​គ្នា​អំពី​ការ​ហោះ​ហើរ​ត្រង់​ ប៉ុន្តែ​ពេល​នេះ ​កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​ហោះ​ហើរ​ត្រង់​ជា​មួយ​ប្រទេស​ទាំង​នោះ​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ពង្រាង​នៅ​ឡើយ​។លោក​ស្រី​ទេព ​ស៊ុន​ធារី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្នុង​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀង​នោះ ​គឺ​មាន​ច្រើន​ ជំពូក​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ​ដូច​ជា​ជំពូក​និយាយ​អំពីផល​របរ​ អំពី​ករណី​ពន្ធ​ដារ​ និង​ បណ្តឹង​វិវាទ​ជា​ដើម​។លើស​ពី​នេះ ​លោក​ស្រី​ទេព ស៊ុន​ធារី ​ក៏​បាន​បញ្ជាក់​ថា ​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ ប្រទេស​ទាំង​បី​នោះ ​មាន​កម្រាស់​ពី​២៨ ទៅ ៣០​ទំព័រ ​។លោក​ហូរ វណ្ឌី សហ​ប្រធាន​ក្រុម​ការ​ងារ​ទេស

ចរណ៍​ផ្នែក​វិស័យ​ឯក​ជន​ បាន​សម្តែង​នូវ​ អំណរ​សាទរ​ចំពោះ​គម្រោង​ការ​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា ​ជា​មួយ​ប្រទេស​លុច​ហ្សំបួរ​ យេមែន ​និង ​អាយ​លែន​នោះ​។លោក​ហូរ វណ្ឌី​បាន​មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរ​ អន្តរ​ជាតិ​ដែល​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ក៏​មាន​មក​ពី​ប្រទេស​លុចហ្សំបួរ​ យេ​មែន​ និង ​អាយ​លែន​ដែរ​ ក៏​ប៉ុន្តែ​លោក​អះ​អាង​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ពីប្រទេស​ទាំង​បី​នោះ​ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ បើ​ប្រៀប​ធៀប​ជា​មួយ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ដែល​មក​ពី​ប្រទេស​ជា​ច្រើន​ ផ្សេង​ទៀត​។ជា​មួយ​គ្នា​នេះ​ លោក ហូរ វណ្ឌី​ បាន​កត់​សម្គាល់​ថា ​ភ្ញៀវទេសចរ

​ដែល​មក​ពី​ប្រទេស ​លុច​ហ្សំ​បួរ​ យេ​មែន ​និង​អាយ​លែន ​ភាគ​ច្រើន​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល ​០៤​ ថ្ងៃ ​០៣​ យប់​ ។ដោយ​ឡែក​

ចំពោះ​ចំណាយ​ចាយ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​ទាំង​បី​នេះ​ នៅ​ក្នុង​ ប្រទេស​កម្ពុជា​វិញ​លោក​ហូរ ​វណ្ឌី ​បានធ្វើ​ការ​ប្រៀប​ធៀប​ថា ​ការ​ចំណាយ​របស់​ពួក​គេ​ គឺ​មាន​ ចំនួន​ប្រហាក់​ប្រហែល​នឹងភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​ អឺរ៉ុប​ដែរ​។

លោក​ហូរ វណ្ឌី​ បាន​បញ្ជាក់​ថា​​ ភាគ​ច្រើន ​ភ្ញៀវ​ទេសចរ​ដែល​មក​ពីប្រទេស​លុច​ហ្សំបួរ​ យេ​មែន​ និង​ អាយ​លែន​ម្នាក់ ​បាន​ចំណាយ​ប្រមាណ​ពី​ ៣៥០ ទៅ​ ៦០០ ដុល្លា​អាមេរិក ​ក្នុង​ពេល​ ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ក្នុង​នោះ ​គឺ​ចំណាយ​ទៅលើការ​ស្នាក់​នៅ ​ការ​ទទួល​ទាន​អាហារ​ ការ​ទិញ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​ និង​ការ​ចំណាយ ​ទៅ​លើ​មគ្គុទេស​ទេសចរណ៌​ជា​ដើម​៕

No comments: