ខេត្តកំពត ៖ នៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី១៥ មីនា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ២០១២ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងឱកាសនោះ ឃើញវត្តមានថ្នាក់ដឹកនាំខេត្ត គឺលោក ខូយ ឃុនហ៊ួរ អភិបាលខេត្ត លោកប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងពលអន្តរគមន៍លេខ១១ នគរបាលបង្រ្កាបដែនសមុទ្រ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្ត និងថ្នាក់ដឹកនាំស្រុកទាំង៨ និងមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សា ស្រុក-ឃុំ និងសង្កាត់ទូទាំងខេត្ត នាយប៉ុស្តិ៍រដ្ឋបាលឃុំ គ្រប់ឃុំបានចូលរួមដ៏ច្រើនកុះករ ។លោក ខូយ ឃុនហ៊ួរ អភិបាលខេត្ត បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១១ របស់រដ្ឋបាលខេត្តឱ្យដឹងថា ខេត្តកំពតសម្រេចបានលទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានភាពកក់ក្តៅមកលើ អាជ្ញាធរ និងថ្នាក់ដឹកនាំ ។ នៅក្នុងអង្គសន្និបាតនាព្រឹកនោះ លោក ខូយ ឃុនហ៊ួរ បានសង្កត់ធ្ងន់ទៅលើសុវត្ថិភាព សន្តិសុខជាបញ្ហាដ៏ចម្បង ដើម្បីត្រៀមលក្ខណៈអនុវត្តការងារនេះឱ្យបានល្អ និងក្តៅគគុក ។ ដោយហេតុថា ឆ្នាំនេះនិងឆ្នាំក្រោយមានការរៀបចំការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ និងបន្តបោះឆ្នោតជាសាកល ដូច្នេះគ្រប់កងកម្លាំងប្រដាប់អាវុធ ត្រូវតែថែរក្សានូវសន្តិសុខ សុវត្ថិភាពឱ្យបានល្អ ។លោកបានបន្តថា រាល់ការដោះស្រាយទំ នាស់ផ្សេងៗជូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន រហូតដល់សមត្ថកិច្ចថ្នាក់ខេត្ត ត្រូវមានវិធីសាស្ត្រដោះស្រាយជូនប្រជាពលរដ្ឋឱ្យបាន សមរម្យមានភាពយុត្តិធម៌ ចៀសវាងរឿងតូចបង្កឱ្យទៅជារឿងធំ បង្កើនឡើងនូវគំនុំ រហូតឈានដល់ប្រើអំពើហិង្សាកាប់សម្លាប់គ្នា ឬ បញ្ហាបុគ្គលឱ្យក្លាយទៅជារឿងនយោបាយ ធ្វើឱ្យមានការស្មុគស្មាញប៉ះពាល់ដល់ការបោះឆ្នោតដែលជិត ឈានចូលមកដល់នៅពេលខាងមុខនេះ ។ លោក ខូយ ឃុនហ៊ួរ បានរំលឹកដល់អាជ្ញាធរដែនដីកងកម្លាំងទាំង៣ប្រភេទ ស្ថាប័នពាក់ព័ន្ធក្នុងជួរថ្នាក់ដឹកនាំទាំងអស់ ឱ្យបានជ្រាបថា រាល់កិច្ចការដែលអង្គភាពនីមួយៗសម្រេចបានក្នុងរយៈពេលមួយ ឆ្នាំកន្លងមក គឺមេដឹកនាំក្នុងអង្គភាពនីមួយៗសុទ្ធតែដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងអស់ហើយ ។
ចំពោះការអនុវត្តទិសដៅឆ្នាំ ២០១២នេះ យើងត្រូវតែបំពេញការងារដែលនៅសេសសល់នោះឱ្យបានប្រសើរ និងអនុវត្តនូវការងារថ្មីៗបន្ថែមទៀត ។ក្នុងឱកាសនោះ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍សំណេះសំណាល ដល់អង្គសន្និបាតទាំងមូល និងថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំទូទាំងខេត្តកំពត ដែលបានខិតខំស្តារ និងអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ។ នាឱកាសនោះដែរ លោកក៏បានពាំនាំការសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ទាំង៣ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំទូទាំងខេត្តកំពតផងដែរ ។លោកបានមានប្រសាសន៍ថា កន្លងមកថ្វីបើយើងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ច្រើនក៏ដោយ ប៉ុន្តែយើងត្រូវបង្កើនបន្ថែមនៅចំណុច ស បួនទៀតឱ្យកាន់តែល្អ ទើបប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពិតប្រាកដ ។ សបួននោះគឺ ទី១- សន្តិភាព ទី២- សន្តិសុខ ទី៣- សុវត្ថិភាព និងទី៤- ស្ថេរភាព ។ សទាំងបួននេះ គឺជាគ្រឹះមួយដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនយើងទាំងមូល ៕
ចំពោះការអនុវត្តទិសដៅឆ្នាំ ២០១២នេះ យើងត្រូវតែបំពេញការងារដែលនៅសេសសល់នោះឱ្យបានប្រសើរ និងអនុវត្តនូវការងារថ្មីៗបន្ថែមទៀត ។
No comments:
Post a Comment