Tuesday, December 6, 2011

ពលរដ្ឋកម្ពុជា ៩០ភាគរយ គ្រោះថ្នាក់ចរាចរ កើតឡើង នៅពេល ជិះម៉ូតូ តាមផ្លូវថ្នល់

ផ្សាយថ្ងៃទី០៦-១២-២០១១: ដកស្រង  dap-news


ភ្នំពេញ៖ ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានឲ្យដឹងថា ប្រជាជន ៩០ភាគរយ នៅក្នុងប្រទេសកម្ពុជា ដែលរងគ្រោះថ្នាក់ចរាចរ ជាក្រុមអ្នកប្រើប្រាស់ផ្លូវថ្នល់ ភាគច្រើនពួកគេ ជាអ្នកជិះកង់ ម៉ូតូ និងអ្នកថ្មើរជើងជាដើម។

លោកស្រី ផេននី រីឆាដស៍ ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីចែកមួកសុវត្ថិភាព ជូនសិស្សសាលាមួយ នៅទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១១ថា ប្រទេសកម្ពុជាជិត ៩០ភាគរយ នៃជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរ គឺជាក្រុមអ្នកប្រើប្រាស់ផ្លូវថ្នល់ ងាយរងគ្រោះជាងគេ ដូចជា អ្នកជិះកង់ ម៉ូតូ និងអ្នកថ្មើរជើងផងដែរ។

នៅគ្រប់ទីកន្លែងលើពិភពលោក រួមទាំងកម្ពុជា ចំនួនគ្រឿងចក្រធុនធ្ងន់ យានយន្ត និងកង់ម៉ូតូ ដែលប្រើប្រាស់ផ្លូវជាតិ ផ្លូវថ្នល់ទាំងក្នុង និងជាយក្រុង ផ្លូវលំតាម ទីជនបទនានា មានការកើនឡើងឥតឈប់ឈរ ប៉ុន្តែវិធានការការពារសុវត្ថិភាព ពុំត្រូវបានគិតគូរបង្កើន ទៅតាមកម្រិតនៃកំណើនយានយន្តទេ។

លោកស្រីបន្តថា គ្រោះថ្នាក់ចរាចរ ជាបញ្ហាមួយ ក្នុងចំណោមបញ្ហា សុខភាពសាធារណៈធំៗនានា លើពិភពលោក មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ រហូតដល់១,៣លាននាក់ ជារៀងរាល់ឆ្នាំ និងមានមនុស្សសរុបប្រហែលជា ៥០លាននាក់ផ្សេងទៀត បានធ្លាក់ខ្លួនពិការភាព ហើយភាគច្រើនជនរងគ្រោះអ្នកទាំងនោះ មានកុមារ ប្រមាណជា ១០លាននាក់។

អង្គការសុខភាពពិភពលោក បានទស្សន៍ទាយទុកជាមុនថា នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ គ្រោះថ្នាក់ចរាចរ នឹងក្លាយជាមូលហេតុចម្បង ដែលបណ្តាលឲ្យពិការភាព និងការស្លាប់របស់កុមារ ចាប់ពីអាយុ ៥ឆ្នាំឡើងទៅ។

ឯកអគ្គរាជទូតរូបនេះ និយាយថា កាលពីឆ្នាំមុន អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ មានចំនួន ១៨១៦ករណី នៅប្រទេសកម្ពុជា ភាគច្រើនអ្នកស្លាប់ទាំងនោះ មានមនុស្ស១២០៩នាក់ ស្លាប់ដោយសារជួបគ្រោះថ្នាក់ ក្នុងពេលជិះម៉ូតូ ដែលបណ្តាលមកពីការរងរបួសក្បាល។

តាមការសិក្សាជាលក្ខណៈប្រព័ន្ធ ដែលអ្នកប្រើប្រាស់ម៉ូតូ បានជួបគ្រោះថ្នាក់ និងពិនិត្យការពាក់មួកសុវត្ថិភាពបង្ហាញថា មួកសុវត្ថិភាព បានជួយកាត់បន្ថយ ការប្រថុយ ប្រថាន ក្នុងការរងរបួសក្បាល រហូតដល់ប្រមាណ ៦៩ភាគរយ និងការស្លាប់ប្រមាណ ៤២ភាគរយ។ នៅក្នុងប្រទេសកម្ពុជា វាអាចជួយជីវិតរបស់មនុស្ស បានប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំៗ ដោយហេតុផល នៃការដាក់កំហិត ឲ្យអ្នកធ្វើដំណើរតាម ម៉ូតូ និងអ្នកជិះពីក្រោយ ត្រូវពាក់មួកសុវត្ថិភាព៕

No comments: