Tuesday, December 6, 2011

តេលេ​​ស្កុប​របស់​​ណាសា​​រក​ឃើញ​​ភព​ផ្កាយ​​នៅ​ក្នុង​តំបន់​ដែល​អាច​រស់នៅ​បាន

ផ្សាយថ្ងៃទី០៦-១២-២០១១: ដកស្រង  kpt-news


ភ្នំពេញ ៖ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ ប្រកាស​កាលពី​ថ្ងៃទី​០៥ ​ខែ​ធ្នូ ​ថា ​តេលេ​ស្កុប​ស្វែង​រក​ភព ​Kepler ​របស់​អង្គការ​ណាសា បា​ន​បញ្ជាក់​អំពី​ការ​រក​ឃើញ​ភព​ផ្កាយ​ដំបូង​នៅ​ក្នុង​តំបន់​អាច​រស់នៅ​បាន ​និង​ដែល​មាន​ទឹក។ ​របក​គំហើញ​ថ្មី​នេះ​ បាន​ធ្វើឲ្យ ​Kepler​ រក​ឃើញ​ភព​ដ៏​មាន​​សក្តា​នុពល​សរុប​ចំនួន​ ២,៣២៦ ​ភព ​ក្នុងរយៈ​ពេល ​១៦​ខែ ​ដំបូង​នៃ​ប្រតិបត្តិការ​របស់​ខ្លួន។ ​

ភព​ផ្កាយ​អាច​រស់​នៅ​បាន​នេះ ​វិល​ជុំ​វិញ​តារា​មួយ​ដែល​សឹងតែ​ដូច​ព្រះអាទិត្យ​យើង។ ​អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា​ របក​គំហើញ​ថ្មី​នេះ ​ធ្វើឲ្យ​អ្នក​វិទ្យា​សាស្ត្រ​ខិត​ជិត​ជំហាន​មួយ​ទៀត​ ដើម្បី​រក​ភព​មួយ​ដែល​ដូច​នឹង​ភព​ផែនដី​របស់​យើង។ ​លោក ​Pete ​Worden ​អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ​Ames ​នៅ ​Moffett ​Field រដ្ឋ​​កាលីហ្វួរ​ញ៉ា បា​ន​និយាយ​ក្នុង​សន្និ​សីទ​ព័ត៌មាន ​កាលពី​ថ្ងៃទី​​០៥ ​ខែ​ធ្នូ ​ថា ​«យើង​កំពុង​ខិត​កាន់​តែ​ជិត​ក្នុង​ការ​រក​ភព​ដែល​គេ​ហៅថា ​«ភព​ Goldilocks»។ ​ភព​ថ្មី​នៅ​តំបន់​រស់​នៅ​បាន​នេះ ​មាន​ឈ្មោះ K​epler-22b។ ​វា​មាន​ចម្ងាយ​ពី​ផែន​ដី​ប្រមាណ ៦​០០ ​ឆ្នាំ​ពន្លឺ​ ដោយ​វិល​ជុំ​វិញ​តារា​មួយ​ដែល​ដូច​នឹង​ព្រះអាទិត្យ។ ​កាំ​របស់​ភព​នេះ ធំ​ជាង ​២.៤ ​ដង​ នៃ​កាំ​ផែនដី ​ហើយ​ភព​ទាំង​ពីរ​នេះ មាន​សីតុណ្ហភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង។ ​
បើ​ផល​ផ្ទះ​កញ្ចក់​ដំណើរ​ការ​នៅ​ទីនោះ ​ស្រដៀង​គ្នា​នឹង​របៀប​ដែល​វា​ដំណើរ​ការ​នៅ​លើ​ផែនដី ​នោះ​សីតុណ្ហ​ភាព​មធ្យម​លើ​ផ្ទៃ​ភព ​Kepler-22b ​នឹង​មាន​សីតុណ្ហ​ភាព ​៧២ ​អង្សារ​ហ្វារ៉េនហៃ ​(២២ ​អង្សារសេ)៕​

No comments: