ផ្សាយថ្ងៃទី០៦-១២-២០១១: ដកស្រង
cen.com
ព្រះសីហនុ: ទោះបីមានការណែនាំពីអាជ្ញាធរដែនដីយ៉ាងណាក្តី សម្រាប់ឱកាសបុណ្យជាតិអន្តរជាតិម្តងម្កាល នៅទីក្រុងទេសចរមាត់សមុទ្រខេត្តព្រះសីហនុ គេតែងល្បីល្បាញខាងការដំឡើងថ្លៃគ្រប់សេវាសម្រាប់ភ្ញៀវ ដែលប្រការនេះ ភ្ញៀវទេសចរគ្រប់ស្រទាប់វណ្ណៈតែងរិះគន់។
ភ្ញៀវទេសចរមួយក្រុមមកពីក្រុងភ្នំពេញ នាំគ្នាអង្គុយផឹកស្រាបៀរនៅមាត់សមុទ្រកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១ បាននិយាយថា “អាជ្ញាធរខេត្តព្រះសីហនុ ហាក់បីដូចជាមិនមានវិធានការទប់ស្កាត់ ចំពោះបាតុភាពការដំឡើងថ្លៃគ្រប់សេវាសម្រាប់ភ្ញៀវទេសចរ ពេលមានបុណ្យទាននៅឡើយទេមើលទៅ ប្រសិនបើនៅតែបណ្តែតបណ្តោយយ៉ាងនេះទៀត នឹងអាចល្បីល្បាញអាស្រូវកេរឪហើយ”។
លោក សេង ខា ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់គេហទំពរ័ CEN នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១នេះថា អាជ្ញាធរខេត្តសហការជាមួយមន្ទីរទេសចរណ៍ខេត្ត កោះអញ្ជើញអាជីវករលក់ដូរនៅមាត់សមុទ្រ និងតាមរមណីយដ្ឋានទាំងអស់ក្នុងខេត្តព្រះសីហនុ មកប្រជុំផ្សព្វផ្សាយស្តីអំពីការដំឡើងថ្លៃគ្រប់សេវា ក្នុងឱកាសបុណ្យសមុទ្រ និងបុណ្យសកលនាចុងឆ្នាំ២០១១នេះហើយ ប៉ុន្តែជាលទ្ធផលមិនទាន់ដឹងថាមានប្រសិទ្ធភាពយ៉ាងណានោះទេ។
ទោះជាយ៉ាងនេះក្តី នៅក្នុងក្រុងព្រះសីហនុ បានលេចឮព័ត៌មានមកថា បន្ទប់ផ្ទះសំណាក់ និងបន្ទប់សណ្ឋាគារ ត្រូវបានភ្ញៀវទូរស័ព្ទមកកក់អស់ហើយដែរ រីឯតម្លៃបន្ទប់ស្នាក់នៅវិញ ក៏ម្ចាស់គេបានដំឡើងថ្លៃមួយជាពីររួចស្រាច់ទៅហើយដែរ។ ដូចនេះការផ្សព្វផ្សាយស្តីពីការដំឡើងថ្លៃគ្រប់សេវា របស់អាជ្ញាធរដែនដីប្រហែលជាគ្មានប្រសិទ្ធភាពនោះទេ៕
No comments:
Post a Comment