Tuesday, December 20, 2011

បើក​សម្ពោធ​ការ​ហោះ​ហើរ​ត្រង់​ពី​ក្រុង​សៀម​រាប​ មក​កាន់​​ខេត្តព្រះសីហនុ

ថ្ងៃទី២០-១២-២០១១: ដកស្រង kohsantepheapdaily




ខេត្តព្រះសីហនុ ៖ ក្រោមអធិបតីភាព​លោក​​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រី ​​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ និង​មាន​ការ​ចូល​​រួម​ពី​​លោក​សូ ម៉ារ៉ា រដ្ឋ​លេខា​ធិ​ការក្រសួងទេសចរណ៍ និង​​មន្ត្រី​​អ្នក​មុខ អ្នក​ការ​ជា​ច្រើន​នាក់​​ទៀត​នារសៀលថ្ងៃទី១៩ ធ្នូ ២០១១ នៅ​ព្រលានយន្តហោះអន្តរជាតិខេត្ត​ព្រះ​សីហនុ ​ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ មានប្រារព្ធ​ពិធីបើកសម្ពោធ​ជា​ផ្លូវ​ការ​នូវ​ការហោះហើរត្រង់ពីក្រុងសៀមរាប ​ទៅ​កាន់​​ខេត្ត​ព្រះ​សីហនុ និងពីក្រុងព្រះសីហនុ ទៅ​ខេត្តសៀម​រាប របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិកម្ពុជា​អង្គរ​អ៊ែរ ។

លោក​ប្រធានទីប្រឹក្សាភិបាល​ក្រុម​ហ៊ុន​អាកាស​​ចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បាន​ថ្លែង​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ បាន​ចាប់ផ្តើម​ដំណើរការ​នៅថ្ងៃទី២៧ កក្កដា ២០០៩ ក្រោមការណែនាំ​ចង្អុលបង្ហាញរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែល​មានលក្ខណៈជាក្រុមហ៊ុន​ចំរុះ​​ប្រទេសវៀតណាម និង​កម្ពុជា​ជា​ម្ចាស់​ភាគហ៊ុន ក្នុងនោះ​កម្ពុជាមាន​ភាគ​ហ៊ុនចំនួន​៥១% និង​វៀតណាមមាន​ភាគ​ហ៊ុន​ចំនួន​៤៩%។

បើគិតរហូតមក​ដល់​ពេលនេះ​ក្រុម​ហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា អង្គរ​អ៊ែរ បាន​​ដំណើរ​ការអស់រយៈពេល២ឆ្នាំ៥ខែហើយ​ដោយមាន​ការ​ហោះហើរពីសៀមរាប​មក​ភ្នំពេញ ពី​ភ្នំពេញ​ទៅ​សៀមរាប និងពី​ភ្នំពេញទៅ​ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម ដោយបានប្រើ​ប្រាស់​យន្ត​ហោះ​ចំនួន៣គ្រឿង គឺយន្តហោះអ៊ែរ​បឺស A321 ចំនួន​១​គ្រឿង យន្តហោះ ABS72 ចំនួន​២​គ្រឿង សុទ្ធតែថ្មីៗ។

លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍បានថ្លែង​ថា ទាក់ទិន​នឹងចំនួនភ្ញៀវ​ទេស​ចរណ៍​​១០​ខែ​ដើមឆ្នាំ២០១១ មានចំនួនភ្ញៀវ​ទេស​​ចរណ៍សរុប​២,៣លាននាក់មានការ​កើន​ឡើង​​១៥,៤% ហើយ​នៅចុងឆ្នាំ២០១១នេះ ភ្ញៀវ​ទេសរណ៍ នឹង​មានការកើនឡើង​​ថែម​ទៀត ហើយ​​នៅចុងឆ្នាំ២០១២ ភ្ញៀវទេសចរណ៍​នឹង​​កើន​ឡើងរហូត៣លាន​២សែន​នាក់។

មានប្រសាសន៍បើកសម្ពោធកាហោះហើរ​របស់ក្រុម​ហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយ​ករដ្ឋមន្រ្តី រដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា វាជាមោទនៈភាព​ថ្មី​មួយទៀតសម្រាប់ជាតិ​យើង​ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​​តភ្ជាប់ពីតំបន់​ទេស​ចរណ៍វប្បធម៌​​ប្រវត្តិ​សាស្រ្ត អង្គរ​មកកាន់​ខេត្ត​ព្រះ​សីហនុ និងពី​កន្លែង​មួយទៅកន្លែងមួយទៀត ហើយ​ក៏ជាការចាប់​ផ្តើម​​ដំណើរការ​ជាប្រក្រតី​ឡើង​វិញ របស់​អាកាស​យានដ្ឋាន អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ ក្រោយពី​អាកាស​យាន​ដ្ឋាន​នេះ បានផ្អាក​ដំណើរ​ការមួយរយៈ៕

No comments: