Tuesday, December 6, 2011

ប្រព័ន្ធព័ត៌មានវិទ្យានឹងសិស្សានុសិស្ស

ផ្សាយថ្ងៃទី០៦-១២-២០១១: អត្ថបទសម្លេង  kepcommunity


បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចំរើន នូវប្រព័ន្ធព័ត៌មានវិទ្យាជាខ្លាំង នៅប៉ុន្មានឆ្នាំ
នេះ។ ហើយការរីកចំរើននេះ មិនថានៅរាជធានីភ្នំពេញឡើយ សូម្បីតាមបណ្ដាខេត្ដ
នានា នៃប្រទេសកម្ពុជា ជាពិសេសខេត្ដកែប ជាខេត្ដមួយនៃប្រទេសកម្ពុជា ក៏មាន
ការរីកចំរើនផ្នែកប្រព័ន្ធព័ត៌មានវិទ្យា យ៉ាងខ្លាំងដែរ។ នេះដោយមានសាលាឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាលនានា បានបើកបង្ហាត់បង្រៀនចំណេះដឹងប្រព័ន្ធ
ព័ត៌មានវិទ្យា ក្នុងនោះក៏មានគម្រោងពង្រឹងជនបទ និងសុខុមាលភាពសហគមន៍
តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា អាយរីជ កែប ដែលបានចូលរួមឱ្យ
សហគមន៍បានស្គាល់ បានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា អស់រយៈពេលជាង ៤ឆ្នាំ
មកហើយ។ ដែលមានប្រជាពលរដ្ឋ ជាពិសេសនោះសិស្សានុសិស្សបានចូលរៀន
នូវប្រព័ន្ធព័ត៌មានវិទ្យានេះ។

ប្រព័ន្ធព័ត៌មានវិទ្យានេះ មានអត្ថប្រយោជន៍ ដល់សិស្សានុសិស្សយ៉ាងណានោះ នៅក្នុងការសិក្សារបស់សាលារៀន លោក សេងដារ៉ា អ្នកសម្របសម្រួល
គម្រោង អាយរីជ ប្រចាំស្រុកដំណាក់ចង្អើរ ខេត្ដកែបបានឱ្យដឹងថា ប្រព័ន្ធព័ត៌មាន
វិទ្យានេះបានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ ក៏ដូចជាសិស្សានុសិស្ស ដែល
បានមករៀនតាមមណ្ឌលព័ត៌មានសហគមន៍របស់គម្រោងអាយរីជ ទទួលបាន
អត្ថប្រយោជន៍និងចំណោះដឹងដូចជា ធ្វើការសិក្សាជ្រាវស្រាវរកព័ត៌មានដែល
ទាក់ទងទៅនឹងការសិក្សា ទាក់ទងទៅនឹងមេរៀន និងចំណេះផ្សេងៗជាច្រើនទៀត។

លោកបានបន្ដឱ្យដឹងទៀតថា សិស្សានុសិស្ស ក៏ដូចជាសហគមន៍បានមករៀន
ប្រព័ន្ធព័ត៌មានវិទ្យារបស់គម្រោងអាយរីជហើយនោះ នឹងទទួលអត្ថប្រយោជន៍
មួយចំនួនដូចជា គាត់មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រនិងអាចសិក្សាស្រាវជ្រាវ
តាមតំរូវការក្នុងការសិក្សានៅតាមសាលារៀន ហើយគាត់ក៏អាចយកចំណេះ
ដឹងដែលបានមករៀន និងសិក្សាស្រាវជ្រាវនៅគម្រោងអាយរីជ ពេលបញ្ចប់ការ
សិក្សានៅថ្នាក់វិទ្យាល័យ វាជាទុនដើម្បីរកអាជីពក្នុងការសិក្សាបន្ដ ឬមានបទ
ពិសោធន៍ទាក់ទងប្រព័ន្ធព័ត៌មានវិទ្យាដូចជាការប្រើសប្រាស់អ៊ីនធើណែត ប្រើកម្ម
វិធីផ្សេងៗក្នុងកុំព្យូទ័រដើម្បីស្វែងរកការងារធ្វើ។


ដោយឡែកប្អូនប្រុសគង់ ថា ជាសិស្សនៃវិទ្យាល័យហ៊ុនសែនចំការដូងខេត្ដកែប ហើយក៏ជាអ្នកស្ម័គ្រចិត្ដរបស់គម្រោងអាយរីជ។ ប្អូនប្រុស នៅពេលទំនេរពីការ
សិក្សានិងកិច្ចការផ្ទះ បានមកសិក្សាជ្រាវស្រាវឯកសារសម្រាប់សិក្សា និងជួយ
បង្ហាត់បង្រៀនសិស្សមកសិក្សានៅមណ្ឌលព័ត៌មានសហគមន៍បានឱ្យដឹងអំពីប្រព័ន្ធ
ព័ត៌មាននេះ មានអត្ថប្រយោជន៍ណាស់សម្រាប់ប្អូនក៏ដូចជាសិស្សានុសិស្ស
ផ្សេងៗ ក្នុងការសិក្សាស្រាវជ្រាវមុខវិជ្ជាដូចជា រូបវិទ្យា គីមីវិទ្យានិងប្រភាសា
អង់គ្លេស និងមុខវិជ្ជាផ្សេងៗទៀត។

នៅពេលណាដោះស្រាយលំហាត់សាលាមិនចេញ ដូចជាគីមីវិទ្យាប្អូនប្រុស គង់ ថា តែងតែមកស្វែងរកដំណោះស្រាយផ្សេងៗពីប្រព័ត៌អ៊ីនធើណែត ហើយទទួលបាន
ជោគជ័យពីការស្រាវជ្រាវពីប្រព័ន្ធព័ត៌មានវិទ្យានេះ៕

អត្ថបទ រស់ ឌុល
ថតសម្លេង កញ្ញា វី គឹមសួរ

No comments: