អគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងម៉ដ្ឋសង្ស័យស្រីក្រមុំសតិមិនគ្រប់ដុតបំផ្លាញ
ផ្សាយថ្ងៃទី០២-១១-២០១១: ដកស្រង kampucheathmey

កែប ៖ ផ្ទះមួយខ្នងមានទំហំ៧ម៉ែត្រគុណនឹង៤ម៉ែត្រ៥០ត្រូវអគ្គិភ័យលេបត្របាក់ក្លាយជាផេះផង់ទាំងថ្ងៃហើយករណីនេះ បន្ទាប់ពីកើតមានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅនោះ ម្ចាស់ផ្ទះមិនបានបញ្ជូនឥវ៉ាន់ឬសម្ភារៈផ្សេងៗបានមួយចំរៀកនោះទេ ដោយសារជាប់រវល់ចេញក្រៅផ្ទះហើយទុកសាច់ញាតិម្នាក់ដែលជាស្រីក្រមុំសតិមិនប្រក្រតីឲ្យនៅចាំផ្ទះតែឯងទើបមានរឿងបែបនេះតែម្តង។
អគ្គិសភ័យបង្កការភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០១១វេលាម៉ោង១៤និង៣នាទី ស្ថិតក្នុងភូមិកែប បង្កាត់កែប ក្រុង-ខេត្តកែប។
តាមការអះអាងពីលោកវរសេនីយ៍ត្រី មុំ ស៊ីថា អធិការនគរបាលក្រុងកែបបានប្រាប់កម្ពុជាថ្មីថា មុនពេលកើតមានហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ ម្ចាស់ផ្ទះមិនបាននៅទេ ដោយជាប់រវល់ចេញទៅក្រៅគោលបំណងរកទិញនំចំណីឲ្យក្មេងស្រីក្រមុំមានជំងឺសរសៃប្រសាទម្នាក់ត្រូវជាសាច់ញាតិដែលរស់នៅជាមួយ។លោកបានបញ្ជាក់ថា លុះម្ចាស់ផ្ទះចេញទៅបាត់ស្រាប់តែមានគេរត់មកប្រាប់ថា ភ្លើងឆេះផ្ទះគាត់ខ្ទេចអស់ហើយ ទើបគាត់ស្រវេស្រវាមកយ៉ាងប្រញាប់ តែហួសពេលពន្លត់ទៅហើយព្រោះភ្លើងបានឆាបឆេះដ៏ពេញបន្ទុកទៅហើយ ទោះបីក្រុមគ្រួសាររបស់គាត់ព្រមទាំងអ្នកជិតខាងជួយអន្តរាគមន៍ពន្លត់បែបណាក៏មិនឈ្នះកំលាំងព្រះអគ្គីដែរ។ចំពោះការឆេះលំនៅដ្ឋាននេះមុនដំបូងគេឃើញអណ្ដាតភ្លើងបានឆាបឆេះនៅត្រង់ចំណុចតូបប្រក់ស្បូវដែលមានទំហំ២ម៉ែត្រការេតែប៉ុណ្ណោះ លុះបន្តិចក្រោយមកទើបអណ្ដាតភ្លើងបានរាលដាលបន្តទៅលំនៅដ្ឋានដែលមានទំហំ៤.៥០គុណ៧ម៉ែត្រតែម្តង។ លោក
អធិការបានឱ្យដឹងផងដែរថា តូបប្រក់ស្បូវដែលមានទំហំ២ម៉ែត្រការេនោះម្ចាស់ផ្ទះបានសង់សម្រាប់ឲ្យស្រីក្រមុំសតិមិនគ្រប់នោះស្នាក់អាស្រ័យប៉ុន្តែខណៈនេះទាំងតូបទាំងផ្ទះត្រូវឆេះក្លាយជាផេះផង់តែមួយពព្រិចភ្នែកដោយករណីនេះសង្ស័យតែក្មេងស្រីនោះជំងឺសរសៃប្រសាទរើហើយយកដែកកេសមកដុតលេងក៏អាចថាបានដែរ។លោកអធិការបានបន្តទៀតថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ម៉ក់ សាន្ត ភេទប្រុស អាយុ៣៣ឆ្នាំ រីឯប្រពន្ធឈ្មោះ សាយ ធូ អាយុ២២ឆ្នាំ
ដោយឡែកស្រីក្រមុំដែលសតិមិនល្អហើយសង្ស័យថាជាអ្នកបង្កអគ្គិភ័យនោះ ឈ្មោះ សាយ ចន្នី អាយុ១៧ឆ្នាំ ក៏ត្រូវរងរបួសដោយសារភ្លើងឆាបឆេះយ៉ាងធ្ងន់ធ្ងរ ត្រូវគេដឹកទៅសង្គ្រោះក្នុងមន្ទីរពេទ្យ។ចំពោះទ្រព្យសម្បត្តិដែលឆេះអស់នោះមានប្រាក់ប្រហែល១លានរៀលអង្ករ៤០គីឡូក្រាមព្រមទាំងឥវ៉ាន់ក៏ដូចជាសម្ភារៈមួយចំនួនត្រូវឆេះម៉ដ្ឋគ្មានសល់ ឯលំនៅដ្ឋានត្រូវភ្លើងលេបត្របាក់ទាំងស្រុង គ្មានសេសសល់អ្វីបន្តិចឡើយ។ ក្រោយពីមានហេតុការណ៍ភ្លើងឆេះផ្ទះនេះភ្លាមគេឃើញវត្តមានអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកែបព្រមទាំងសាខាកាកបាទក្រហមមានភាព
មមាញឹកចុះជួយអន្តរាគមន៍ផងដែរ។ហើយនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១១នេះអាជ្ញាធរខេត្តកែបលោក ហាស់ សារ៉េត ព្រមទាំងលោក កែន សត្ថា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានពាំនាំនូវអំណោយសង្គ្រោះមកផ្តល់ជូនម្ចាស់ផ្ទះរងគ្រោះដោយអគ្គីភ័យក្នុងនោះមាន មី អង្ករ ទឹកសុទ្ធ មុង ភួយ សំលៀកបំពាក់ និងសម្ភារៈក្នុងផ្ទះបាយ ព្រមទាំងថវិកាចំនួន៥០០០០០រៀលផងដែរ៕
No comments:
Post a Comment