Friday, October 14, 2011

កម្ពុជា​ចង់​ឲ្យ​រៀប​ចំ​ជំនួប​ពាណិជ្ជ​កម្ម​អាស៊ាន-EU

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បាន​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ធ្វើ​ជា​តំណាង​រៀប​ចំ​ជំនួប​កំពូល​ពាណិជ្ជ​កម្ម​អឺរ៉ុប-អាស៊ាន នៅ​ឆ្នាំ​ក្រោយ ដែល​ជា​សន្និសីទ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ពុធ​លោក ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជួប​ប្រជុំ​ជា​លក្ខណៈ​ឯក​ជន​មួយ ជាមួយ​មន្ត្រី​សភាព​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា។ នេះ​បើ​តាម​មន្ត្រី​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​។

លោក Thomas Sterling ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​គ្រប់គ្រង​របស់​ក្រុម​ហ៊ុន​ Sterling Project Management បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​របៀប​វារៈ​នៃ​សន្និសីទ​នេះ មិន​ទាន់​បាន​លើក​យក​មក​ពិភាក្សា​ក្តី ប៉ុន្តែ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​លើក​កម្ពស់​យុទ្ធ​ សាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ពង្រីក​ចំណង​ទាក់​ទង​រវាង​
កម្ពុជា និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​។ លោក​បាន​លើក​ឡើង​ថា៖ «​ចំណុច​រួម​នៃ​ជំនួប​កំពូល​នេះ គឺ​ដើម្បី​ផ្តល់​របាយ​ការណ៍​ជា​យុទ្ធសាស្ត្រ​មួយ ដែល​នឹង​លើក​ឡើង​ពី​គម្រោង​សង្ខេប​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ពី​១០ ទៅ​១៥​ឆ្នាំ​ខាង​មុខ​ទៀត។ បើ​តាម​ការ​សង្ឃឹម​ទុក របាយ​ការណ៍​នេះ​នឹង​ទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត នៅ​កម្ពុជា»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​វិធាន​ផ្សេង​ៗ​គ្នា ត្រូវ​បាន​គេ​យក​មក​អនុវត្ត​នៅ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​នាំ​ចេញ នាំ​ចូល​ទៅ​មក​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ប្រទេស​កម្ពុជា មាន​សំណាង​​ដោយ​បាន​ទទួល​កូតា​នាំ​ទំនិញ
​គ្រប់​យ៉ាង​ទៅ​កាន់​អឺរ៉ុប​ដោយ​ មិន​គិត​ពន្ធ​ នៅ​ក្រោម​គម្រោង «អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»។

លោក Sterling បាន​បន្ថែម​ថា រដ្ឋាភិបាល​ពេញ​ចិត្ត​នឹង​ឲ្យ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ដឹក​នាំ
​សន្និសីទ​នេះ ដោយ​សារ​តែ​ប្រទេស​ជា​សមាជិក​របស់​សភា​នេះ​ ភាគ​ច្រើន មាន​បទ​ពិសោធ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

លោក​លើក​ឡើង​ថា៖ «ជំហាន​បន្ទាប់​គឺ​ការ​អង្គុយ​រួម​គ្នា ហើយ​ចាប់​ផ្តើម​ធ្វើ​ផែន​ការ ដែល​រាប់​បញ្ចូល​ទាំង​ការ​ស្វែង​រក​ជំនួយ​ផង​ដែរ​»។ លោក Sterling បាន​បន្ថែម​ថា ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​នៅ​កម្ពុជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ សិក្ខា​សាលា​របស់​ IBC ដែល​បាន​រៀប​ចំ​ឡើង​នៅ​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ។

សមាជិក​ផ្សេង​ៗ​ទៀត​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ បាន​ស្វាគមន៍​ចំពោះ​សន្និសីទ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​មេសា ឆ្នាំ​២០១២​ខាង​មុខ​នេះ​។

លោក Daniel Parkes សមាជិក​ប្រតិភូ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ប្រចាំ​ប្រទេស​របស់​ ក្រុម​ហ៊ុន CBRE បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍កាល​ពី​ម្សិល​មិញ​ថា៖ «​នេះ​ជា
​ករណី​ដ៏​សំខាន់​សម្រាប់​បង្ហាញ​ពី​ភាព​ដឹក​នាំ​ប្រទេស​របស់​ កម្ពុជា នៅ​ក្នុង​អាស៊ាន និង​ជា​ឱកាស​មួយ​បង្ហាញ​ឲ្យ​ពិភព​លោក​ មើល​ឃើញ​ពី​ប្រយោជន៍​ក្នុង​ការ​មក​វិនិយោគ​នៅ​ទី​នេះ»។

លោក​បាន​បន្ថែម​ទៀត​ថា ជំនួប​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ មិន​មែន​ជា​ជំនួប​ទូទៅ​នៅ​អាស៊ាន
​ឡើយ ដូច្នេះ​ប្រទេស​កម្ពុជា​គួរ​តែ​ចាប់​យក​ឱកាស​នេះ។

ជំនួប​ពាណិជ្ជ​កម្ម​អឺរ៉ុប អាស៊ាន កាល​ពី​លើក​មុន ធ្វើ​ឡើង​នៅ​ទី​ក្រុង​​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេ​ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​អាស៊ាន​។

មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ទេ កាល​ពីថ្ងៃ​ម្សិល​មិញ៕

No comments: