ជំនួយសម្រាប់ទឹកជំនន់នៅកម្ពុជាចិនឲ្យច្រើនជាងគេ
ផ្សាយថ្ងៃទី១៧-១០-២០១១: postkhmer
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកជំនួយ
រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិនជាជំនួយធំជាងគេ ពីក្នុងជំនួយផ្តល់ពីបណ្តាប្រទេសផ្សេងៗ សម្រាប់ជួយប្រជាពលរដ្ឋកម្ពុជារងគ្រោះដោយទឹកជំនន់ដែលបង្កឡើងតាំង ពីកញ្ញាកន្លងមក។
លោកញឹម វណ្ណដា អនុប្រធាន ទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងនៅក្នុងពិធី ប្រគល់និងទទួលអំណោយ ផ្តល់ដោយរដ្ឋាភិបាលប្រទេសចិន មកឲ្យរដ្ឋាភិបាលកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីថ្ងៃសៅរ៍ថា ការផ្តល់ជំនួយរបស់រដ្ឋាភិបាលចិននៅពេលនេះបានឆ្លើយតបទៅនឹងតម្រូវការខ្វះខាតដែលកម្ពុជាកំពុង តែជួបប្រទះ និងឆ្លើយតបបានទាន់ពេលវេលា។ លោកបញ្ជាក់ថា៖ «ជំនួយនេះមានទំហំទឹកប្រាក់ប្រហែល៨លានដុល្លារដែលជាជំនួយច្រើន ជាងគេ បើធៀបទៅនឹងជំនួយពីបណ្តាប្រទេសឯទៀត»។
លោកថ្លែងបន្តថា ប្រទេសចិន ក៏ជួបគ្រោះទឹកជំនន់ដូចកម្ពុជាដែរ ប៉ុន្តែ រដ្ឋាភិបាលចិននៅតែផ្តល់ជំនួយយ៉ាងច្រើនឲ្យកម្ពុជា។
ជំនួយមានតម្លៃ៥០លានយន់ ស្មើនឹង៨លានដុល្លារអាមេរិក រួមមានថ្នាំពេទ្យ បរិក្ខារពេទ្យ មុង ភួយ កន្សែងពោះគោ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។
ជើងយន្តហោះពិសេសលើកទី១ចិន ឆាយណា សៅធឺន ខាហ្គូ បានដឹកជំនួយសង្គ្រោះមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង២កន្លះរសៀល ថ្ងៃទី១៥ ខែតុលា និងជើងយន្តហោះពិសេស លើកទី២ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែតុលា នៅម៉ោង៧កន្លះយប់។
លោក Pan Guang Xue ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ការផ្តល់ជំនួយនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងសំណើរបស់កម្ពុជា ហើយលោកជឿថា ប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះលើឧបសគ្គនេះ ហើយអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស។
លោក ញឹម វណ្ណដា លើកឡើងថា កម្ពុជានឹងបង្កើនទំនាក់ទំនងមិត្តភាពជាមួយរដ្ឋាភិបាលចិនឲ្យកាន់តែរឹងមាំថែមទៀត។
ក្រៅពីជំនួយរបស់ចិន កម្ពុជាទទួលបានជំនួយពីប្រទេសជប៉ុន ៣៣ម៉ឺនដុល្លារ និងសហរដ្ឋអាមេរិក ៥ម៉ឺនដុល្លារផងដែរ។
លោក ញឹម វណ្ណដា អះអាងពីការវាយតម្លៃដំបូងលើការខូចខាតដោយគ្រោះទឹកជំនន់ ឆ្នាំនេះថា មានប្រមាណ១៦១លានដុល្លារ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ពុំទាន់មានទិន្ន
ន័យថ្នាក់ជាតិអំពីចំនួនប្រជាជន ដែលនៅពុំទាន់ទទួលបានជំនួយនៅឡើយខណៈទូទាំងប្រទេសមកទល់ពេល នេះមាន៧៦ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់៕
No comments:
Post a Comment