Thursday, October 27, 2011

ពលរដ្ឋនៅទីក្រុងបាងកកជម្លៀសខ្លួនចេញពីអាសន្នធំ

ផ្សាយថ្ងៃទី២៧-១០-២០១១:   ព័ត៌មានអន្ដរជាតិដកស្រង postkhmer


បាងកកៈ ប្រជាជន​រស់​នៅ​ក្នុង​រាជ​ធានី​បាងកក បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ដ៏​ធំ​មួយ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​ព្រមាន​ថា ទីក្រុង​មួយ​នេះ​នឹង​ត្រូវ​ទឹក​ជន់​លិច​ក្នុង​ពេល​ឆាប់ៗ និង​បាន​ប្រកាស​ឲ្យ​ប្រជាជន​ឈប់​សម្រាក​ពី​ការងារ​ចំនួន ៥​ថ្ងៃ ដើម្បី​គេច​ចេញ​ពី​អាសន្ន​ធំ​មួយ​នេះ។

ចរាចរណ៍​នៅ​កណ្ដាល​រាជ​ធានី​បាងកក មាន​សភាព​ស្ងប់​ស្ងាត់ ខណៈ​ពេល​ថ្ងៃ​ឈប់​សម្រាក​ពិសេស​នេះ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ប៉ុន្តែ ផ្លូវ​ធំ​មួយ​នៅ​ខាង​ក្រៅ​រាជ​ធានី​នេះ ដែល​ត​ភ្ជាប់​ទីក្រុង​នេះ​ទៅ​តំបន់​ភាគ​ខាង​ត្បូង​ដែល​ពុំ​មាន​ទឹក​ជំនន់​នោះ បាន​កក​ស្ទះ​ចរចរណ៍​យ៉ាង​ខ្លាំង។ មនុស្ស​ជាច្រើន កំពុង​តែ​តម្រង់​ឆ្ពោះ​ទៅ​ទីក្រុង​ផាតតាយ៉ា ទីក្រុង​នៅ​មាត់​សមុទ្រ ជា​ទី​ដែល​មនុស្ស​ម្នា​ពិបាក​ស្វែង​រក​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សម្បែង​សម្រាប់​ជួល​ណាស់។

រូបភាព​នៅ​តាម​ទូរទស្សន៍ បាន​បង្ហាញ​នូវ​សភាព​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ច្រក​ត្រួត​ពិនិត្យ​​ការ​ចេញ​ចូល​នៅ​ព្រលាន​យន្ត​អន្តរជាតិ​សុវណ្ណភូមិ។ ព្រលាន​យន្តហោះ​ដនមឿង ដែល​ជា​ព្រលាន​យន្ត​ហោះ​ចំណាស​នៅ​ទីក្រុង​នេះ សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ការហោះ​ហើរ​នៅ​ក្នុង​ស្រុក​នោះ ត្រូវ​បិទ​ទ្វារ​ហើយ​ដោយសារ​តែ​ទឹក​ជំនន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បណ្ដា​ធនាគារ និង​ទីផ្សារ​ហិរញ្ញវត្ថុ នឹង​នៅ​បន្ត​បើក​ទ្វារ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ថ្ងៃ​ចន្ទ​ខាង​មុខ។ ហាង​លក់​ទំនិញ​នានា​នៅ​រាជ​ធានី​បាងកក នៅ​តែ​បន្ត​បើក​ទ្វារ​ដូច​នៅ​ថ្ងៃ​ឈប់​សម្រាក​ធម្មតា​ដែរ។

ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល​កន្លះ​សតវត្សរ៍​ចុង​ក្រោយ​នេះ ដែល​បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​ធ្លាក់​ហួស​ពី​ធម្មតា​នោះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៧៣​នាក់​ហើយ​ គិត​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ហើយ​បាន​រំខាន​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​ជិត​ ២,៥​លាន​នាក់ ដោយ​មនុស្ស​ជាង ១១៣ ០០០​នាក់​កំពុង​រស់​នៅ​ក្រោម​ជម្រក​បណ្ដោះ​អាសន្ន និង​មនុស្ស​ចំនួន ៧២០ ០០០​នាក់​ទៀត កំពុង​ត្រូវ​ការ​សេវា​សុខភាព៕

No comments: