ព្យុះទី២០ នឹងក្លាយទៅជាវិសម្ពាធវិញ តែគ្មានឥទ្ធិពលលើអាងទន្លេមេគង្គទេ
ផ្សាយថ្ងៃទី១៣-១០-២០១១: ដកស្រង cen
ភ្នំពេញ: ព្យុះទី២០ ឈ្មោះ បាន យ៉ាន ដែលផ្នែកជំនាញក្រសួងធនធានទឹក បានធ្វើ
ការតាមដានជាច្រើនថ្ងៃមកហើយនោះ ពេលនេះ បានឆ្លងផុតប្រទេសហ្វីលីពីន ចូលដល់ក្នុងសមុទ្រចិន។ តែឥទ្ធិពលរបស់វាចុះខ្សោយ នឹងក្លាយទៅជាវិសម្ពាធវិញ
រួចទៅជាសម្ពាធទាប ហើយបង្កឲ្យមានភ្លៀងច្រើននៅទីនោះ តែគ្មានឥទ្ធិពលដល់អាងទន្លេមេគង្គលើទេ។ ឥទ្ធិពលរបស់ព្យុះនេះ ក៏ធ្វើឲ្យនៅកម្ពុជាមានភ្លៀងតិច ទៅមធ្យមដែរ។
លោកម៉ៅ ហាក់ អគ្គនាយករង ទទួលបន្ទុកកិច្ចការបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បាន
ឲ្យដឹងនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១១ ថា ព្យុះទី ២០ ដែល
បានកើតមានប៉ុន្មានថ្ងៃមកហើយ នៅក្បែរប្រទេសហ្វីលីពីននោះ ពេលនេះ វាបាន
ចូលដល់ក្នុងសមុទ្រចិន តែមានឥទ្ធិពលខ្សោយនឹងក្លាយទៅជាវិសម្ពាធវិញ នៅពេលបន្ទាប់ រួចហើយក្លាយទៅជាសម្ពាធទាប។ ព្យុះនោះ នឹងធ្វើឲ្យមានភ្លៀងច្រើននៅទីនោះ ប៉ុន្តែគ្មានឥទ្ធិពលដល់អាងទន្លេមេគង្គលើទេ។
ប្រភពខាងលើបញ្ជាក់ថា នៅពេលព្យុះទី២០ ឈ្មោះ បាន យ៉ាន ក្លាយទៅជាវិសម្ពាធ
ធ្វើឲ្យនៅប្រទេសកម្ពុជា ដែលមានសម្ពាធទាបស្រាប់ មានភ្លៀងធ្លាក់បន្តបន្ទាប់ ជាពិសេសនៅល្ងាច និងពេលយប់ ក្នុងកម្រិតពីតិចទៅមធ្យម ដែលជាភ្លៀងមិនបង្ក
ឲ្យមានជំនន់ទៀតទេ។
ចំពោះជំនន់ទឹកទន្លេមេគង្គ ត្រូវបានមន្ត្រីជំនាញអះអាងថា គឺបានធូរស្រាលហើយ។ ដោយនៅគ្រប់ស្ថានីយជលសាស្ត្រ ទឹកបានស្រកចុះជាបន្តបន្ទាប់ មានតែនៅស្ថានីយជលសាស្ត្រក្រគរ-កំពង់លួងមួយទេ (បឹងទន្លេសាប) ដែលទឹកនៅមានឡើង
បន្តិបន្ទួចនោះ។
ចំណែកឯកម្រិតកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ( ភ្នំពេញ ) បានស្រកមកនៅត្រឹម ១០,៧៨ ម៉ែត្រ បន្ទាប់ពីបានឡើងដល់កម្ពស់ ១០,៨៦ ម៉ែត្ររួចមក។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម និយាយឲ្យដឹងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១ ថា ជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ចាប់ពីថ្ងៃទី ១៥ ខែតុលាទៅ ជាទូទៅ គឺបានធូរស្រាលមែនទែនហើយ ដោយពេលនេះ ទឹកទន្លេមេគង្គនៅគ្រប់ស្ថានីយបានស្រកចុះច្រើនហើយ ធ្វើឲ្យទឹកបឹងទន្លេសាប ហូរ
ចេញបានខ្លាំងដែរ៕
No comments:
Post a Comment