Friday, October 14, 2011

កម្ពុជា​ត្រូវ​ការ​ប្រាក់​ប្រមាណ​$១៣​ពាន់​លាន​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង postkhmer


តូក្យូៈ ការ​អង្កេត​រួម​គ្នា​មួយ ដែល​ធ្វើ​ឡើង​ដោយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ល្បី​ៗ​លើ​ពិភព​លោក បាន​ចង្អុល​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​ថា កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​ងារ​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​ត្រឹម​ឆ្នាំ​២០២០ ​បើ​ប្រទេស​​នេះ មាន
​បំណង​បន្ត​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​ទៀត​នោះ។

នៅ​ក្នុង​សន្និសីទ​មួយ ​រៀប​ចំ​ដោយ​ទី​ភ្នាក់​ងារ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​JICA​) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ទាំង​ពីរ បាន​ជំរុញ​ឲ្យ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ចំនួន ១៦​ប្រទេស​នៅ​អាស៊ី ដែល​ត្រូវ​ការ​ទឹក​ប្រាក់​ចំនួន​ប្រហែល​៣៥៨​ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​ត្រឹម​ឆ្នាំ​២០២០ ​ត្រូវ​អនុវត្ត​ភាព​ជា​ដៃ​គូ​រដ្ឋ​ឯក​ជន ដែល​ជា​ប្រភព​ទាក់​ទាញ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ស្ថិរភាព​ធនាគារ​។

អ្នក​ជំនាញ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​ផ្លូវ​ថ្នល់ ស្ពាន និង​រោង​ចក្រ​ផលិត​ថាមពល​នៅ​កម្ពុជា នឹង​បង្ក​​លក្ខ​ខណ្ឌ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​ការ​វិនិយោគ​
ផ្ទាល់​ពី​ បរទេស​កាន់​តែ​ច្រើន​ឡើង​ៗ។ ការ​អង្កេត​​ដែល​ទាញ​យក​ទិន្ន​ន័យ​ចេញ​ពី JICA IMF ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ធនាគារ​ពិភព​លោក បាន​អំពាវ​ឲ្យ​​មាន​ការ​ចំណាយ​ទឹក​​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​​ក្នុង​​ មួយ​ឆ្នាំ​ៗ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា ​ក្នុង​នោះ​ទឹក​ប្រាក់​ប្រហែល​ជា​ពាក់​កណ្តាល​ត្រូវ​យក​ទៅ​ចាប់​ផ្តើម​ គម្រោង​ថ្មី ហើយ​ពាក់​កណ្តាល​ទៀត​សម្រាប់​ថែ​ទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​
ស្រាប់។

លោក វង្ស សីវិសុទ្ធ អគ្គ​លេខា​ធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ភាព​ជា​ដៃ​គូ​រដ្ឋ-ឯក​ជន​នឹង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​សង្ឃឹម​ថា​ នឹង​មាន​ការ​វិនិយោគ​លើ​វិស័យ​ឯក
​ជន ដែល​រាប់​បញ្ចូល​ទាំង​ភាព​ជា​ដៃ​គូ​រដ្ឋ-ឯក​ជន​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត យើង​មាន​ភាព​ជា​ដៃ​គូ​បែប​នេះ​រួច​ហើយ»។ លោក​បាន​បន្ថែម​ថា​៖ «​នៅ​ពេល​អនាគត យើង​ត្រូវ​
ការ​ប្រព័ន្ធ​មួយ​ដែល​អាច​គ្រប់​គ្រង​ការ​វិនិយោគ​ទាំង​នេះ​បាន ​កាន់​តែ​ប្រសើរ ហើយ​យើង​ត្រូវ​ការ​ប្រភព​ជំនួយ​កាន់​តែ​ច្រើន​សម្រាប់​គម្រោង​កាន់​ធំៗ»។

លោក វង្ស សីវិសុទ្ធ លើក​ឡើង​ថា គម្រោង​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ៗ​មួយ​ចំនួន មក​ពី​ចិន កូរ៉េ​ និង​ជប៉ុន នឹង​បង្កើន​ថ្លៃ​ចំណាយ​លើ​ថាមពល និង​គមនាគមន៍​នៅ​
ប្រទេស​កម្ពុជា​។ លោក​អះអាង​ថា​៖ «នេះ​ជា​សមត្ថភាព​ទាក់​ទាញ​ការ​វិនិយោគ​ធំ​ៗ​ក្នុង​ការ​អភិវឌ្ឍ ដែល​នឹង​ជះ​ឥទ្ធិពល​វិជ្ជ​មាន​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​​សេដ្ឋកិច្ច​
កម្ពុជា​»។

លោក Faisal Ahmed ដែល​ជា​តំណាង​របស់ IMF នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ការ​ពារ​ធនាគារ​ដើម្បី​លើក​កម្ពស់​ការ​គ្រប់​គ្រង និង
​ការ​កាត់​បន្ថយ​ផល​រំខាន​ក្នុង​ការ​សម្រេច​ចិត្ត​ខ្ចី ដែល​បញ្ហា​នេះ​ជា​ញឹក​ញាប់​ច្រើន​កើត
​ឡើង​ក្នុង​ធនាគារ​របស់​រដ្ឋ។

លោក Ahmed បាន​ថ្លែង​ថា៖ «​ហានិភ័យ​ទាក់​ទង​នឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ចាំបាច់​ត្រូវ​កាត់​បន្ថយ​តាម​រយៈ​ការ​ពង្រឹង​គុណ​ភាព​ និង​ការ​សម្រប​សម្រួល​ក្នុង​ចំណោម​ស្ថាប័នគ្រប់​គ្រង​វិស័យ​ធនាគារ និង​មូលធន​ទីផ្សារ​»។

លោក Takatoshi Kato ប្រធាន​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ជប៉ុន​បាន​ពន្យល់​ថា ម្ចាស់​ជំនួយ និង​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ចាំបាច់​ត្រូវ​តែ​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​
នៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប តាម​រយៈ​ការ​ផ្តល់​ជំនួយ​សម្រាប់​ដំណើរ​ការ​ត្រៀម​រៀប​ចំ ដើម្បី​ធានា​ដល់​ការ​ជ្រើស​រើស​គម្រោង​ត្រឹម​ត្រូវ និង​ភាព​ជាក់​លាក់​របស់​គម្រោង​ដ៏​ត្រឹម​ត្រូវ​នោះ៕

No comments: