បង្កើតគម្រោងទប់ការប្រែប្រួលអាកាសធាតុ
ផ្សាយថ្ងៃទី២៨-១០-២០១១: ដកស្រង postkhmer
ភ្នំពេញៈ រដ្ឋបាលព្រៃឈើ បានសហការ ជាមួយនឹងអង្គការអភិរក្សសត្វព្រៃកម្ពុជា និងអង្គការ Forest Carbon ដើម្បីរៀបចំគម្រោង REDD ធំមួយ នៅតាមខេត្តមួយចំនួន របស់ប្រទេសកម្ពុជា។ នេះបើយោងតាមមន្រ្តីបានប្រាប់ឲ្យដឹង កាលពីម្សិលមិញ។
គម្រោង REDD ឬគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័ន ពីការបំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ ជាគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ និងជាកម្មវិធីចម្បងមួយ ដែលរដ្ឋាភិបាលមានផែនការអនុវត្ត ជាផ្នែកមួយ នៃរបៀបវារៈរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។
លោក ធុន សារ៉ា អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «គម្រោងនេះពិតជាធំធេងណាស់ គឺនឹងគ្របដណ្តប់លើផ្ទៃដី ៣ លានហិកតា នៅកម្ពុជា។ នេះជាវិធីល្អបំផុត សម្រាប់កម្ពុជា ក្នុងថែរក្សាព្រៃអភិរក្សទាំងអស់»។
តំបន់ទី ១ ដែលត្រូវបានកំណត់ សម្រាប់គម្រោង REDD ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី។ លោកបានបន្តថា៖ «ខ្ញុំគិតថា ដោយមានកិច្ចសហប្រតិបតិ្តការបច្ចេកទេស [ពីអង្គការអភិរក្សសត្វព្រៃ និងអង្គការ Forest Carbon] យើងនឹងអាចសិក្សាពីចំណុចថ្មីៗ ក្នុងផ្នែកហិរញ្ញវត្ថុ ពីកម្មវិធី REDD នេះ»។ លោក ធុន សារ៉ា បានបន្ថែមថា៖«ឥឡូវនេះ យើងកំពុងចាប់ផ្តើមសម្លឹងមើលអ្នកទិញ ហើយយើងគិតថា ក្នុងរយៈពេល ៣ ថ្ងៃ យើងនឹងលក់ឥណទានកាបូន សម្រាប់តំបន់ទាំងមូល»។
គម្រោង REDD នឹងផ្អែកលើគោលការណ៍រដ្ឋាភិបាល បង្កើតការបញ្ចេញឧស្ម័ន ហើយក្រុមហ៊ុននានា នឹងទិញ«ឥណទានកាបូន» ពីព្រៃអភិរក្ស ដែលនេះ ត្រូវបានចាត់ទុកជាការបង់សង លើសកម្មភាពបំពុលបរិស្ថាន។
នៅក្នុងសន្និសីទកាលពីពេលថ្មីៗនេះ ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា មន្រ្តីរដ្ឋាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ហើយបានលើកឡើងថា បញ្ហានេះ ជាបញ្ហាអាទិភាព ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។
ក្នុងអំឡុងសន្និសីទនោះដែរ លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង រក្សាព្រៃអភិរក្ស និងថា គម្រោង REDD ជាវិធីមួយ ដើម្បីសម្រេចគោលដៅនេះបាន៕
No comments:
Post a Comment