ទីភ្នាក់ងារស៊ីនហួ៖ចិននិងវៀតណាមនឹងពង្រឹងទំនាក់ទំនងយោធា
ផ្សាយថ្ងៃទី១៧-១០-២០១១: ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer
ក្រុងស៊ាងហៃ: ចិន និងវៀតណាមបានឯកភាព|គ្នាពង្រីក កិច្ចសហប្រតិបត្តិការយោធា បង្កើនទំនាក់ទំនងរវាងក្រុមមន្ត្រីជាន់ខ្ពស់ និងបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ក្រសួងការពារជាតិទាំងពីរ ជាកិច្ចប្រឹងប្រែងមួយដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ្នកជិត
ខាងកុម្មុយនិស្តទាំងពីរនេះ។
ទីភ្នាក់ងារស៊ីនហួ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសទាំងពីរដែលមានប្រវត្តិសាស្រ្តមិនទុកចិត្តគ្នានេះក៏បានព្រមព្រៀងគ្នាចាប់ផ្ដើមគម្រោងពិសោធន៍នៃការល្បាតរួមគ្នានៅតាមបណ្ដោយព្រំដែនគោកពួកគេ បន្តការល្បាតព្រំដែនទឹករួមគ្នានៅក្នុងឈូងសមុទ្របៃប៊ូ និងបង្កើនទស្សនកិច្ចនាវាចម្បាំងជើងទឹកទៅវិញទៅមក។
នៅដើមសប្ដាហ៍នេះ ចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយស្វែងរកទប់ស្កាត់ជម្លោះដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ជាដែនទឹកដែលសម្បូរប្រេង និងឧស្ម័ន និងជាផ្លូវនាវាចរណ៍ដ៏សំខាន់ដែលហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ អះអាងទាមទារអធិបតេយ្យភាពលើតំបន់ជាច្រើន នៃដែនទឹកនេះដែរ។
សេចក្ដីថ្លែងការណ៍រួមរវាងចិននិងវៀតណាមបានចេញនៅពេលបញ្ចប់ដំណើរទស្សនកិច្ចទីមួយរបស់ប្រធានគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុងទៅចិននៅសប្ដាហ៍នេះ ដែលលោកបានជួបពិភាក្សាផ្សះផ្សាជាមួយលោក ហ៊ូ ជីនតាវ ។
ស៊ីនហួបានដកស្រង់សេចក្ដីថ្លែងការណ៍ថា ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីពីឆន្ទៈនយោបាយពួកគេក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចា៕
No comments:
Post a Comment