គ. ជ. ប. ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១
ផ្សាយថ្ងៃទី២៤-១០-២០១១: ដកស្រង CEN
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ. ជ. ប. បានធ្វើ
សន្និសីទកាសែត នៅព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១១ ស្តីពី លទ្ធផលបណ្តោះអាសន្ន
នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១។ សន្និសីទនោះ ក៏លើក
ឡើងពីចំនួនគណបក្សនយោបាយ អ្នកសង្កេតការណ៍ អង្គការមិនមែនរដ្ឋាភិបាល
ជាតិ និងអង្គការអន្តរជាតិ ដែលចូលរួមសង្កេតការណ៍លើដំណើរការពិនិត្យ និងចុះ
ឈ្មោះបោះឆ្នោតផងដែរ។
លោក សោម ច័ន្ទឌីណា សមាជិក គ. ជ. ប. បានមានប្រសាសន៍ថា គណបក្ស
នយោបាយ ដែលដាក់ពាក្យចូលរួមសង្កេតការណ៍ មានចំនួន ៦ គណបក្ស ដូចជា គណបក្សប្រជាជនកម្ពុជា មានចំនួន ៣.០៨៩ នាក់ គណបក្ស សម រង្ស៊ី ២.៦៦៣ នាក់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានចំនួន ២.៦១៧ នាក់ គណបក្សសិទ្ធិមនុស្ស មាន
ចំនួន ១.៣៩៧ នាក់ គណបក្ស នរោត្តម រណឬទ្ធិ មានចំនួន ២៨០ នាក់ និងគណបក្ស សញ្ជាតិកម្ពុជា មានចំនួន ១២ នាក់។
លោក សោម ច័ន្ទឌីណា បានមានប្រសាសន៍បន្តថា ចំណែកអង្គការមិនមែន
រដ្ឋាភិបាលជាតិ មានចំនួន៩ ដែលបានដាក់អ្នកសង្កេតការណ៍ចូលរួមពិនិត្យ
បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ រួមមាន ក្រុមប្រឹក្សាយុវជន មានចំនួនអ្នកសង្កេតការណ៍ ២៩៤ នាក់ គណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ ខុមហ្វ្រែល មានចំនួន ៣០០ នាក់ គណៈកម្មាធិការអព្យា
ក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី ( និកហ្វិក ) មានចំនួន ៣២០ នាក់
លើកស្ទួយសុខមាលភាពជនក្រីក្រ ២៣ នាក់ សុខភាពផ្លូវចិត្តបែបបុរាណ
និងសម័យ មានចំនួន ៣០ នាក់ គ្រួសារអភិវឌ្ឍន៍កសិករ មានចំនួន ៤០ នាក់
ស្ត្រីសម្រាប់អភិវឌ្ឍន៍សិទ្ធិមនុស្ស ឧស្សាហកម្មកសិកម្ម ២៧ នាក់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ ២៨៩ នាក់ និងសេវាប្រជាធិបតេយ្យ មានចំនួន ៥៤ នាក់។ រីឯអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ មានចំនួន ២មានដូចជា វិទ្យាស្ថាន
ជាតិប្រជាធិបតេយ្យ ( អិនឌីអាយ ) មានចំនួន ១៤ នាក់មូលនិធិអន្តរជាតិ
សម្រាប់ប្រព័ន្ធបោះឆ្នោត មានចំនួន ៦ នាក់។
លោក សោម ច័ន្ទឌីណា បានបញ្ឆាក់ថា អ្នកសង្កេតការណ៍ជាតិត្រូវដាក់ពាក្យ
សុំចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១២។ អ្នកសង្កេតការណ៍អន្តរជាតិ ដាក់ពាក្យសុំចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០១២។
ចំណែកលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ឆ្នាំ២០១១ ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០១១នៅទូទាំង ២៤ រាជ
ធានី-ខេត្ត ចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ចុះឈ្មោះថ្មីមានចំនួន ៩១៥.១៧៨ នាក់កែតម្រូវឈ្មោះមានចំនួន ១៣៦.៧៧៨ នាក់ និងលុបឈ្មោះ ២៤៩.០៩៥ នាក់៕
No comments:
Post a Comment