Tuesday, October 11, 2011

ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-ចិន​កើន​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​៨​ខែ​នៅ​ឆ្នាំ​២០១១

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង postkhmer

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន ក្នុង​រយៈ​ពេល​៨​ខែ ​ឆ្នាំ​២០១១​ បាន​កើន​ឡើង​ដល់​១,៤៣​ពាន់​លាន​ដុល្លារ​ ដែល​ចំនួន​នេះ​ជិត​ស្មើ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​សម្រាប់​ឆ្នាំ​២០១០​។ នេះ​បើ​តាម​លោក ​Jin Yuan ​អ្នក​ផ្តល់​ប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​នៅ​ស្ថាន​
ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក Jin Yuan បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​១០​ឆ្នាំ​របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ គ្រឿង​អគ្គិសនី របស់​ចិន​ឈ្មោះ Zhengta​ Co នៅ​កោះ​ពេជ្រ​
កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ​រយៈពេល​៨​ខែ​ដំបូង ឆ្នាំ​២០១១
ស្ទើរ​តែ​ស្មើ​នឹង​ឆ្នាំ​២០១០ទាំង​មូល ដែល​មាន​ចំនួន ១,៤៤​ពាន់​លាន​ដុល្លារ។​ លោក​ថ្លែង​ថា៖ «​ផ្អែក​​លើ​តួ​លេខ​នេះ យើង​ជឿ​ជាក់​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ​និង​ចិន នឹង​ឈាន​ដល់​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ»។

លោក Jin Yuan បាន​ឲ្យ​ដឹង​ថា កំណើន​ដ៏​ខ្លាំង​ក្លា​នេះ គឺ​ដោយ​សារ​​ក្រុម​ហ៊ុន​គ្រប់​គ្រង​
ដោយ​រដ្ឋ និង​​ក្រុម​ហ៊ុន​ឯក​ជន​របស់​ចិន តាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ លោក Jin Yuan បាន​បន្ថែម​ថា៖ «​យើង​កំពុង​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ពី​ចិន​បន្ថែម​ទៀត ឲ្យ​មក​កម្ពុជា ដើម្បី​បង្កើន​ពាណិជ្ជ​កម្ម​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​»។

លោក គង់ ពុទ្ធារ៉ា ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម បាន​ឲ្យ​ដឹង​ថា កំណើន​ពាណិជ្ជកម្ម​រវាង​​កម្ពុជា និង​ចិន ក្នុង​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០១១ ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ។

លោក​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សំខាន់​ៗ​ពី​ចិន មក​កម្ពុជា មាន​ដូច​ជា សាច់​ក្រណាត់
គ្រឿង​ចក្រ ម្ហូប​អាហារ គ្រឿង​អេឡិច​ត្រូនិក ឱសថ និង​គ្រឿង​សម្អាង ហើយ​ការ​នាំ​ចេញ​សំខាន់​ៗ​ពី​កម្ពុជា ទៅ​ចិន​មាន​ដូច​ជា ផលិតផល​កសិកម្ម ជ័រ​កៅ​ស៊ូ ត្រី ឈើ សម្លៀក​បំពាក់​ វាយ​នភណ្ឌ​មួយ​ចំនួន និង​ស្បែក​ជើង​។ លោក គង់ ពុទ្ធារ៉ា ថ្លែង​ថា៖
«​យើង​សង្ឃឹម​ថា ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា ​ចិន នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​
ក្រោយ​»។

តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​ នៅ​ឆមាស​ទី​មួយ​បាន​កើន​ឡើង​៨២​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១០។ តួ​លេខ​បង្ហាញ​ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​សរុប ៩១២,៧៦​លាន​ដុល្លារ​ ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​មិថុនា ពោល​​ឡើង​ពី​
៥០១​លាន​ដុល្លារ​ កាល​ពី​រយៈពេល​ដូច​គ្នា ឆ្នាំ​​មុន។

ស្ថិតិ​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) បាន​ឲ្យ​ដឹង​ថា ចិន​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា ដោយ​ប្រទេស​នេះ បាន​​បណ្តាក់​ទុន​ ៨,៨​ពាន់​លាន​​ដុល្លារ​ ចាប់​ពី​
ឆ្នាំ​១៩៩៤ ដល់​ខែ​កក្កដា ឆ្នាំ​២០១១៕

No comments: