អាវុធហត្ថក្រុងកំពតរងការចោទប្រកាន់ថាបានវាយតប់សិស្សសាលាទ្រោមខ្លួនរួចសុំបញ្ចប់ត្រឹមលុយ១០ម៉ឺនរៀល
ផ្សាយថ្ងៃទី២៥-១០-២០១១: ដកស្រង kampucheathmey
កំពត ៖ មានគេលួចខ្សឹបប្រាប់ថា មន្ត្រីអាវុធហត្ថក្រុងកំពតម្នាក់បានចាប់សិស្សសាលា២នាក់វាយយ៉ាងចាស់ដៃដោយមិនដឹងមូលហេតុ ខណៈពេលពួកគេចាកចេញពីរៀនក្នុងសាលានាពេលយប់ ហើយបានជិះម៉ូតូឌុបគ្នាគោលបំណងវិលត្រឡប់មកផ្ទះ ប៉ុន្តែពេលមកដល់ជាងពាក់កណ្តាលផ្លូវក៏ឈប់ចតម៉ូតូជុះនោមមួយសិនស្រាប់តែមន្ត្រីប៉េអឹមរូបនោះមិនដឹងជិះម៉ូតូមកពីណាទេបានតាមវាយតប់មកលើសិស្សសាលាទាំង២នាក់ទ្រោមខ្លួនតែម្តង។
ហេតុការណ៍នេះត្រូវបានគេប្រាប់ឱ្យដឹងថា កើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៤ខែតុលាឆ្នាំ២០១១ត្រង់ចំណុចក្បែរស្រះឈូកស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលមានការវាយតប់មកលើសិស្សសាលាទាំង២នាក់នោះ ពួកគេមិនបានដឹងពីមូលហេតុកើតឡើងដោយសារអ្វី
ឱ្យប្រាកដនោះទេ គ្រាន់តែឮសម្លេងវាយប្រតាយប្រតប់គ្នាមួយសន្ទុះធំទើបស្ងាត់ទៅវិញ។ប្រភពដដែលបានបន្តថា ខណៈពេលមានករណីវាយប្រហារគ្នានោះគេឃើញវត្តមានមន្ត្រីអាវុធហត្ថក្រុងខាងលើនៅទីនោះថែមទាំងបានវាយតប់មកលើសិស្សសាលាទាំង២នាក់យ៉ាងចាស់ដៃហាក់ដូចជាពួកគេមានពិរុទ្ធអ្វីអញ្ចឹង។ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីវាយតប់មកលើសិស្សសាលាហើយនោះ ប៉េអឹមទំនើងខាងលើបានជិះម៉ូតូចូលទៅកន្លែងធ្វើព្រងើយដោយទុកឱ្យសិស្សសាលា
ទាំង២នាក់ឈឺចុកចាប់នៅកន្លែងកើតហេតុ។ បើតាមប្រភពដាច់ដោយឡែកមួយទៀតបាននិយាយថា មូលហេតុដែលបណ្តាលឱ្យមន្ត្រីអាវុធហត្ថក្រុងកំពតជិះម៉ូតូតាមវាយសិស្សសាលាបែបនេះព្រោះតែកន្លងមកជនរងគ្រោះទាំង២នាក់នេះពូកែឌឺដងដាក់ក្នុងអំឡុងពេលសិស្សសាលានេះចេញពីសាលាអង្គរខេមរានាពេលយប់ដោយតែងតែជិះម៉ូតូឆ្លងកាត់ស្នាក់ការអាវុធហត្ថក្រុងជារឿយៗនោះ។ប្រភពបានបន្តថា សិស្សសាលាដែលត្រូវប៉េអឹមក្រុងកំពតវាយតប់ទ្រោមខ្លួននោះទី១ឈ្មោះ
សេង ពៅ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត ទី២ឈ្មោះ ទូច ធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងស្រុកដងទង់ ខេត្តកំពត។ប្រភពបានអះអាងថាក្រោយពីមានការប្រទូសរាយរវាងសិស្សសាលាអង្គរខេមរាជាមួយនឹងមន្ត្រីអាវុធហត្ថក្រុងកំពតនោះភ្លាម គេឃើញមេប៉េអឹមរងម្នាក់ជួយចូលមកសម្រុះសម្រួលបញ្ចប់បញ្ហា ដោយជួយបង់ថ្លៃថ្នាំពេទ្យដល់
សិស្សសាលាទាំង២នាក់ក្នុងទឹកប្រាក់ចំនួនតែ១០០០០០រៀលប៉ុណ្ណោះ ហើយក៏បានចាត់ទុករឿងរ៉ាវខាងលើជាករណីភ័នច្រឡំមួយផងដែរ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើកម្ពុជាថ្មីមិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីអាវុធហត្ថក្រុងកំពតបានទេនាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១១នេះ។ដោយឡែកលោកឧត្តមសេនីយ៍ត្រី ទេព វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនាព្រឹកដដែលនេះថា រឿងរ៉ាវទាំងអម្បាលមាណខាងលើនេះលោកមិនបានដឹង ដោយសារពុំទាន់មានរបាយការណ៍បញ្ជូនមកដល់នោះទេ៕
No comments:
Post a Comment