Wednesday, October 5, 2011

កម្ពុជា​កំពុង​រងផល​ប៉ះពាល់​ពីការ​ប្រែប្រួល​អាកាសធាតុ​

ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង postkhmer


ភ្នំពេញៈ ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ពិភព​លោក​ ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដូចជា ភាព​រាំងស្ងួត ខ្យល់​ព្យុះ និង​គ្រោះ​ទឹក​ជំនន់​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ជីវិត​មនុស្ស​យ៉ាង
ច្រើន។

នេះ​បើ​យោង​តាម លោក ម៉ុក ម៉ារ៉េ​ត រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ ​​បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​អំឡុង​ពិធី​បើក​វេទិកា​ជាតិ​លើក​ទី​២ ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ។

លោក ម៉ុក ម៉ារ៉េ​ត បាន​ថ្លែង​ថា​៖​«​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ រួម​ទាំង​កម្ពុជា​ ជា​ញឹកញាប់​ជួប​ប្រទះ​ភាព​មិន​ប្រក្រតី​នៃ​គ្រោះ​ធម្មជាតិ​ ​និង​មាន​សភាព​អាក្រក់​បំផុត​ ដូច​ជា​ផល​ប៉ះពាល់​នៃ​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់ ភាព​រីង​ស្ងួត​ និង​ខ្យល់ព្យុះ​ ដែល​ទាំងអស់​នេះ​ គឺ​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ប្រព័ន្ធ​ធារាសាស្រ្ត​សម្រាប់​កសិកម្ម ហេដ្ឋា រចនា​សម្ព័ន្ធ​ ​សន្តិសុខ​ស្បៀង​ជីវិត​មនុស្ស ​សុខភាព ​ជា​ពិសេស​ប្រជាជន​នៅ​តាម​ជនបទ​»។

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ទឹក​ជំនន់​នៅ​បន្ត​កើន​ឡើង​ចំនួន​០,៥​ម៉ែត្រ​នៅ​ក្នុង​ទន្លេ​មេគង្គ​ ក្នុង​រយៈពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣ ខែតុលា ​ដោយសារ​ភ្លៀង​ក្នុង​ប្រទេស​ថៃ​ និង​ឡាវ ​ហើយ​ទឹក​នឹងស្រក​ចាប់​ពី​ថ្ងៃ​ទី​៦ ខែតុលា​ តទៅ។

លោក ចាន់ យុត្ថា បាន​ថ្លែង​ថា​៖ «​​ការ​បន្ត​កើន​ឡើង​នៃ​ទឹក​ជំនន់​នេះ​ ​​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ច្រើន​ដល់​ប្រជាជន​ទេ​​ពី​ព្រោះ​វា​នឹង​ស្រក​បន្ទាប់​ពី​ថ្ងៃ​ទី​៦ ខែតុលា​ឆ្នាំនេះ។ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​បម្រែ​បម្រួល​អាកាសធាតុ​ ​គឺ​វា​មាន​ការ​ពិបាក​ក្នុង​ការ​បញ្ជាក់​ ប៉ុន្តែ​ ខ្ញុំ​អាច​អះអាង​ថា ​ទឹកជំនន់​ គឺ​ជា​ផល​ប៉ះពាល់​»។

ថ្លែង​ជំនួស​លោក​នាយក​រដ្ឋ​មន្រ្តី​ ក្នុង​អំឡុង​ពិធី​បើក​វេទិកា​ជាតិ​ ស្តីពី​បម្រែ​បម្រួល​អាកាស​ធាតុលោក​ឧបនាយក​រដ្ឋ​មន្រ្តី យឹម ឆៃលី ​បាន​ថ្លែង​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​កសិកម្ម សេដ្ឋកិច្ច និង​ប្រជាជន។

លោកឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍​បន្ត​ថា​៖«ទឹក​ជំនន់​ឆ្នាំ​នេះ ​បាន​បំផ្លាញ​ដំណាំ​ស្រូវ​អស់​ជាង​៨ម៉ឺន​ហិកតា​»​។

លោក កែវ វី នាយក​ខុទ្ទ​កាល័យ​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អាទិត្យ​ថា ​ចំនួន​អ្នក​ស្លាប់​ផ្លូវ​ការ​បច្ចុប្បន្ន​មាន​ចំនួន​ ១៤៨ ​នាក់​ ប៉ុន្តែ​ ចំនួន​ច្រើន​ជាង​នេះ​ត្រូវ​គេ​ជឿ​ថា ​​បាន​ស្លាប់​កាល​ពី​ចុង​សប្តាហ៍​មុន​ ហើយ​ចំនួន​នេះ​ មិនទាន់​​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​បញ្ជី​ផ្លូវ​ការ​នៃជនរងគ្រោះ​ដោយ​ទឹកជំនន់​សរុប​នៅ​ឡើយ​នោះ​ទេ​៕

No comments: