កម្ពុជាស្នើឲ្យសិង្ហបុរីធ្វើការវិនិយោគលើម៉ាស៊ីនកិនស្រូវ
ផ្សាយថ្ងៃទី០៦-១០-២០១១: ដកស្រង postkhmer
ភ្នំពេញៈ កម្ពុជាបានស្នើឲ្យ វិនិយោគិនសិង្ហបុរី មកវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ
នៅកម្ពុជា ដើម្បីបង្កើនការនាំចេញអង្ករទៅក្រៅប្រទេស បន្ទាប់ពីទិន្នផលស្រូវនៅកម្ពុជា បានកើនលើស ៣លានតោន នៅចន្លោះឆ្នាំ២០០៩ និង២០១០។
ការស្នើបែបនេះបានធ្វើឡើងដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស
កម្ពុជាក្នុងអំឡុងកិច្ចពិភាក្សាជាមួយ លោក K. Shanmugam រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។
លោក K. Shanmugam បានមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់
ផ្តើមពីថ្ងៃទី៥ ដល់ទី៦ ខែតុលា ដោយចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រខ្មែរ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា៖ «យើងខ្វះរោងម៉ាស៊ីនកិនស្រូវ ដូច្នេះ
យើងបានស្នើឲ្យសិង្ហបុរីបញ្ចុះបញ្ចូលវិនិយោគិនសិង្ហបុរី ឲ្យមកបណ្តាក់ទុនលើរោង
ម៉ាស៊ីន កិនស្រូវនៅកម្ពុជា ហើយវាជាការល្អ ប្រសិនបើមានការវិនិយោគរបស់សិង្ហ
បុរី លើរោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា ដែលទាំងនេះ អាចបង្កើនស្តុកអង្ករសម្រាប់
សិង្ហបុរីនាំចេញទៅប្រទេសទីបី ហើយការនាំចេញនេះ នឹងបង្ការវិបត្តិស្បៀងនៅលើ
ពិភពលោក»។
លោក ហោ ណាំហុង បានលើកឡើងថា៖ «រដ្ឋមន្ត្រីការបរទេសរបស់សិង្ហបុរី បានសន្យាជូនដំណឹងដល់ក្រុមហ៊ុនសិង្ហបុរី ឲ្យសំឡឹងមើលស្ថានភាពវិនិយោគនៅប្រទេសកម្ពុជា»។
លោកថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំនេះ មានការវិនិយោគរបស់សិង្ហបុរី និងកិច្ចសហ
ប្រតិបត្តិការនយោបាយកាន់តែល្អរវាងប្រទេសទាំងពីរ ធ្វើឲ្យពាណិជ្ជកម្មទ្វេភាគីរវាង
កម្ពុជា និងសិង្ហបុរី បានកើនឡើងខ្ពស់។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិនៅក្រសួងពាណិជ្ជកម្មលើកឡើងកាលពី
ថ្ងៃពុធ ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែកើនឡើងដដែល ដោយសារតែសេដ្ឋកិច្ចសិង្ហបុរីរីកចម្រើន៖ «យើងមិនទាន់ឃើញមានសញ្ញាធ្លាក់ចុះណាមួយឡើយ
ដោយសារតម្រូវការនៅតែកើនឡើង។ បើយើងអាចមានទំនាក់ទំនងកាន់តែប្រសើរ
ជាមួយប្រទេសដែលនៅជិត សិង្ហបុរី នោះការនាំចេញទៅកាន់ប្រទេសក្នុងតំបន់ អាចនឹងប្រសើរជាងការនាំចេញទៅកាន់បណ្តាប្រទេសមួយចំនួននៅ អឺរ៉ុប ដែលមានសេដ្ឋកិច្ចមិនច្បាស់លាស់»។
ពាណិជ្ជកម្មទ្វេភាគីជាមួយសិង្ហបុរី មាន១៧៥លានដុល្លារ នៅចន្លោះខែមករា និងមិថុនា។ តួលេខនេះ បានកើនឡើង ១៤៨ភាគរយ បើធៀបនឹងឆមាសទីមួយ ឆ្នាំ២០១០ ដែលមានតែ ៧០,៧លានដុល្លារប៉ុណ្ណោះ។
តួលេខនេះ បានបង្ហាញថា កម្ពុជា បាននាំចេញទៅសិង្ហបុរី មានចំនួនសរុបជាង
១០លានដុល្លារ កើនឡើង ២២ភាគរយ គឺពី៨,៤លានដុល្លារ កាលពីឆ្នាំមុន។
កម្ពុជាបាននាំចូលទំនិញពីសិង្ហបុរីមកវិញ គិតជាទឹកប្រាក់១៦៥លានដុល្លារ ដោយកើនឡើង ១៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០ ដែលមាន
តែ ៦២លានដុល្លារប៉ុណ្ណោះ។
លោក គង់ ពុទ្ធារ៉ា ឲ្យដឹងថាការនាំចេញភាគច្រើន ពីកម្ពុជា ទៅសិង្ហបុរី មានដូចជា
សម្លៀកបំពាក់ ខ្សាច់ មាស និងពេជ្រ ហើយថាកំណើននេះនៅតែបន្ត ដោយសេដ្ឋកិច្ចអាស៊ីកំពុងរីកចម្រើន។
សមាគមន៍រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាបានស្វាគមន៍រាល់ការវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
លោក ភូ ពុយ ប្រធានសម្ព័ន្ធរោងម៉ាស៊ីន កិនស្រូវកម្ពុជាថ្លែងថាលោកគាំទ្រចំពោះ
សំណើនេះ ៖«សព្វថ្ងៃនេះយើងកំពុងខ្វះរោងម៉ាស៊ីននៅឡើយ ដូច្នេះបើពួកគេមក
វិនិយោគលើរោងម៉ាស៊ីនកិនស្រូវមានស្តង់ដារនោះវាកាន់តែល្អ ហើយអង្ករយើងកាន់តែមានសក្កានុពលក្នុងការប្រកួតប្រជែងជាមួយ ប្រទេសផ្សេងៗ»៕
No comments:
Post a Comment