Wednesday, October 26, 2011

ពិធីចុះហត្ថលេខាលើជំនួយជាង៣៥លានដុល្លារសហរដ្ឋអាមេរិកសំរាប់វិស័យសុខាភិបាល និងអប់រំនៅកម្ពុជា

ផ្សាយថ្ងៃទី២៦-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កាលពី​រសៀល​ទី​២៥ ​ខែ​តុលា​ ​ឆ្នាំ​២០១១ ​នេះ ​នៅ​ក្រសួង​ការ​បរទេស​បាន​
រៀប​ចំ​ពិធី​​ចុះ​ហត្ថ​លេខា​លើ​ជំនួយ​ទឹក​ប្រាក់​ ចំនួន​ជាង​ ៣៥ ​លាន​ដុល្លារ​សំរាប់​វិស័យ​
ជា​អាទិ​ភាព​ចំនួន​​ពីរ ​គឺ​វិស័យ​អប់រំ ​និង​សុខា​ភិបាល ​នៅកម្ពុជា ។
ពិធីចុះហត្ថលេខានោះធ្វើឡើងរវាង ឯកឧត្ដមឧបនាយក​រដ្ឋ​មន្រ្តី​ ​ហោ ណាំហុង ​រដ្ឋ​
មន្ដ្រី​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្ដិ​ការ​អន្ដរជាតិ ​ និង​លោក ​Flynn Fuller​ នាយក​បេសកម្ម​ នៃ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ (USAID)​ ក្នុង​
នាម​​រដ្ឋាភិបាល​របស់​ខ្លួន ហើយលោក ​ Jeff​ Daigle ​ ភារធារី​ស្ថាន​​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បានអញ្ជើញ​ចូល​រួម​ក្នុង​នាម​​​ជា​​សាក្សី​ ។
បន្ទាប់ពីបិថីចុះហត្ថលេខានោះ ឯកឧត្ដមឧបនាយក​រដ្ឋ​មន្រ្តី​ ​ហោ ណាំហុង​ បានមាន​ប្រ​សាសន៍ថាជំនួយ​នេះមានសារៈ​សំ​ខាន់​​ណាស់សំរាប់វិស័យសុខាភិបាល និងអប់រំ
ដើម្បី​ជួយកាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តមបានបន្តថា អាមេរិកបាន ជួយ​កម្ពុជា​​តាំងពី​ឆ្នាំ​២០០៣​មក ដែលសរុបមានប្រមាណជាង៣៣០លានដុល្លារហើយ ។នៅក្នុងសេចក្តីថ្លែងការណ៍​របស់​ស្ថាន​ទូតអាមេរិកប្រចាំកម្ពុជាក៏បបានឲ្យដឹងដែរថា បន្ថែម​​​លើ​​ជំនួយ​​ដែល​ត្រូវ​បាន​​ផ្តល់​ក្រោម​​កិច្ច​​ព្រម​ព្រៀង​​ទ្វេ​ ភាគី​​ទាំង​ពីរ​នេះ ​ទី​ភ្នាក់​ងារ ​USAID ​នឹង​ផ្តល់​​ជំ​នួយ​បន្ថែម​ចំនួន ​២,៩៤​ លាន​ដុល្លា​សហរដ្ឋ​អាមេរិក ​តាម​រយៈ​គម្រោង​ផ្សេងៗ​ទៀត ​​ដែល​ជា​ការ​ធ្វើ​អោយ​​ជំនួយ​​របស់​ទី​ភ្នាក់​ងារ​ USAID​ ដល់​ប្រទេស​កម្ពុជា ​សំរាប់​សកម្មភាព​ផ្នែក​អប់រំ ​និង​សុខាភិបាល ​មាន​ជំ​នួយ​​សរុប​ជាង​ ៣៥,៤២ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​សំរាប់​ឆ្នាំ ​២០១១។​ស្ថានទូតបានឲ្យដឹងទៀតថា
វិសោធន​កម្ម​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​វិស័យ​សុខាភិបាល​ផ្ដល់​ថវិកា​ជំនួយ​ ចំនួន ​៣០,៩៣ ​លាន​ដុល្លារ​​សហ​រដ្ឋ​អាមេរិក​ ជា​ជំនួយ​ដែល​ជួយ​ដល់​ការ​សំរេច​គោល​ដៅ​សុខ​ភាព​ថ្នាក់​ជាតិ​របស់​កម្ពុជា។ ​
ជំនួយ​នេះ​ ត្រូវ​ប្រើ​សំរាប់​ជួយ​សកម្មភាព​ផ្សេងៗ​ដែល​កំពុង​ដំណើរ​ការ​ដើម្បី​កាត់​ បន្ថយ​អត្រា​ឆ្លង ​និង​ផល​ប៉ះពាល់​នៃជំងឺ​អេដស៍ ​ការពារ​​និង​កំចាត់​ជំងឺ​ឆ្លងធំៗ ​ដូច​ជា​ជំ​ងឺ​របេង ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គាំពារ​សុខ​ភាព​របស់​ មាតា​កុមារ ​និង​សុខ​ភាព​​បន្ដ​ពូជ ​ និង​ពង្រឹង​ប្រព័ន្ធ​សុខ​ភាព​សាធារណៈ​ និង​អាទិភាព​នានា​ថ្នាក់​ជាតិ​ក្នុង​ផ្នែក​សុខភាព​​របស់​រដ្ឋាភិបាល​។​ វិសោធន​កម្ម​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​វិស័យ​​អប់រំ ​ផ្ដល់​ថវិកា
​ចំនួន​ជាង ​១,៥៥​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ដើម្បី​គាំ​ទ្រ​គោល​ដៅ​អប់រំ​របស់​រដ្ឋាភិបាល​កម្ពុជា។​
ជំនួយ​ថវិកា​នេះ​ប្រើ​សំរាប់​គាំ​ទ្រ​ដល់​កម្មវិធី​ផ្នែក​អប់រំ​ ដែល​កំពុង​ដំណើរ​ការ​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណ​ភាព ​និង​ប្រយោជន៍​ទាក់​ទង​នៃ​ការ​អប់រំ​ជា​មូលដ្ឋាន​ និង​ពង្រីក​លទ្ធភាព​ចូល​សាលា​រៀន​​ឱ្យ​កាន់​តែ​ច្រើន​ឡើង​​សំរាប់​កុមារ​ ទាំងអស់ ​ រួម​ទាំង​ជន​ជាតិ​​ភាគ​តិច​​អ្នក​​បាត់​​បង់​​​លទ្ធភាព​ពលកម្ម ​ និង​កុមារ​ក្រីក្រ​ខ្លាំង​ជាដើម ។ ​សកម្មភាព​ទាំង​​នេះ​ថែម​ទាំង​​ផ្ដោត​ ទៅ​លើ​ការ​កាត់​បន្ថយ​អត្រា​បោះ​បង់​ចោល​​សាលា​រៀន ​និង​អត្រា​រៀន​ត្រួត​ថ្នាក់​ តាម​រយៈ​ការ​បង្កើន​គុណភាព ​នៃការ​បង្រៀន ​​ការ​បណ្ដុះ​បណ្ដាល​លើ​ការ​គ្រប់​គ្រង​​សាលា​រៀន​ និង​ការវាយ​តំលៃ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស។
បន្ថែម​ទៅ​លើ​សកម្មភាព​ក្នុង​វិស័យ​សុខា​ភិបាល​ និង​អប់រំ ​ទី​ភ្នាក់ងារ ​USAID​ ថែម​ទាំង​ជួយ​ដល់​​កម្ម​វិធី​ជាច្រើន​​ទៀត ​សំរាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ ដូច​ជា​កម្ម​វិធី​សិទ្ធិ​មនុស្ស ​និតិរដ្ឋ ​អភិ​បាល​កិច្ច​ល្អ​និង​វិមជ្ឍការ ​ ការ​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ​ កំណើន​សេដ្ឋកិច្ច ​​និង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ជាដើម។ ​ទី​ភ្នាក់​​ងារ​ ​USAID​ រំពឹង​ផ្ដល់​ថវិកា​សរុប​ចំនួន ​៦៤,៨៧ ​លានដុល្លារ​សហរដ្ឋ​អាមេរិក​ជា​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​​កម្ពុជា​​​ក្នុង ​ឆ្នាំ​ ២០១១ ៕

No comments: