គ្មានអុំទូក តើការលក់ដូរគ្រឿងបច្ចេកវិទ្យានឹងទៅជាយ៉ាងណា?
ផ្សាយថ្ងៃទី១៤-១០-២០១១: ដកស្រង sabay
ព័ត៌មានស្ដីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអក
អំបុកនៅឆ្នាំ២០១១នេះ ត្រូវបានប្រកាសចេញជាផ្លូវការហើយកាលពីរសៀលម្សិលមិញនេះ ស្របពេលដែលបណ្ដាក្រុមហ៊ុននានាក្នុងនោះក៏មានក្រុមហ៊ុនលក់ឧបករណ៍បច្ចេកវិទ្យាជាច្រើន ក៏កំពុងត្រៀមខ្លួនដាក់តាំងបង្ហាញ និងលក់ផលិតផល
របស់ខ្លួននាឱកាសដ៏សំខាន់មួយនេះដែរ។ តើការផ្អាកពិធីដ៏សំខាន់បែបប្រពៃណីដ៏យូរលង់មួយនេះ អាចជះឥទ្ធិពលយ៉ាងណាខ្លះដល់ការរំពឹងទុកលើការលក់ផលិត
ផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា?
កញ្ញា វិច្ឆិកា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន i-Qlick ជាក្រុមហ៊ុននាំចូលផលិតម៉ាក Canon បានឲ្យដឹងថា សម្រាប់ឆ្នាំនេះបើទោះបីមានការផ្អាកព្រះរាជពិធីបុណ្យអុំទូកយ៉ាងនេះក្ដី ក៏ក្រុមហ៊ុនរបស់កញ្ញានៅតែបន្តដាក់លក់ផលិតផលរបស់ខ្លួនមិនមានការប្រែប្រួលអីនោះទេ ប៉ុន្តែគ្រាន់តែមានការកាត់បន្ថយពី ២០ ទៅ ៣០ភាគរយ។
កញ្ញាបានឲ្យដឹងបន្ថែមទៀតថា ជារៀងរាល់ឆ្នាំអំឡុងព្រះរាជពិធីបុណ្យអុំទូកការដាក់
លក់ផលិតផលលក់ដាច់បានច្រើន ជាពិសេសបងប្អូនដែលមកពីបណ្ដាខេត្តដែលតែងទិញផលិតផលដូចជាកាមេរ៉ាយកទៅប្រើប្រាស់ក្នុងតម្លៃពិសេស។ ដោយឡែកសម្រាប់ឆ្នាំនេះកញ្ញានៅមិនទាន់ដឹងច្បាស់ថានឹងមានការប្រែប្រួលបែបណានោះទេ។
ជាមួយគ្នានោះដែរលោក ថាវី អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន K-Four ក៏បានឲ្យដឹងដែរថា លោកមិនរំពឹងទុកថាការលក់ដូរនឹងល្អដូចឆ្នាំមុនៗនោះទេ។ លោកបានបញ្ជាក់ថា៖ “បងប្អូនយើងកំពុងជួបបញ្ហាគ្រោះទឹកជំនន់លិចផ្ទះសម្បែង ជាក់ស្ដែងបងប្អូនរបស់ខ្ញុំក៏ជួបបញ្ហានេះដែរ ដូច្នេះខ្ញុំគិតថាពួកគេគ្មានអារម្មណ៍ណាមកភ្នំពេញដើម្បីកម្សាន្តសប្បាយនោះទេ។ ហេតុនេះការលក់ដូរក៏មិនសូវដាច់តាមនោះដែរ”។
បើទោះបីជាមានការផ្អាកព្រះរាជពិធីបុណ្យអុំទូកយ៉ាងណាមិញ បុគ្គលិកទីផ្សារមួយរូបនៅក្រុមហ៊ុន i-One ជាក្រុមហ៊ុននាំចូលផលិតផលម៉ាក Apple ពីអាមេរិកបានលើក
ឡើងថា រឿងនេះមិនមានបញ្ហាចោទនោះទេ។ លោកបានអះអាងថា ដោយសារផលិតផលក្រុមហ៊ុនរបស់លោកភាគច្រើនផ្ដោតលើអ្នកដែលមានជីវភាពខ្ពស់ ហើយសម្រាប់បងប្អូនមកពីបណ្ដាខេត្តពួកគាត់មិនសូវស្គាល់ផលិតផលនេះបានច្រើននោះ
ទេ ដូច្នេះវាមិនជាបញ្ហានោះឡើយ។
ព្រះរាជពិធីបុណ្យអុំទូកអាចចាត់ទុកថាជាឱកាសមាសឱកាសប្រាក់ សម្រាប់បណ្ដាក្រុមហ៊ុននានាក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន។ ប៉ុន្តែដោយសារតែគ្រោះទឹកជំនន់នៅឆ្នាំនេះមានទំហំធំធេងពេក ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលបានប្រកាសផ្អាកធ្វើនៅរាជធានីភ្នំពេញ ដើម្បីបង្វែរថវិកាយកទៅជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់។ ប៉ុន្តែបណ្ដាតំបន់ផ្សេងៗទៀតដែលមិនប្រឈមនឹងទឹក
ជំនន់អាចធ្វើទៅបានតាមលទ្ធភាពរបស់ខ្លួន។ សម្ដេច ហ៊ុន សែន បានថ្លែងសុំទោសជាចំហរចំពោះការសម្រេចផ្អាកនេះ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
No comments:
Post a Comment